ស្តេច​អុក ឈាវ បូរ៉ា មានសង្ឃឹម​ដែរ តែ​សង្ឃឹម​តិច​

​សម្រាប់​ការប្រកួត​អុក​ជ្រើសរើស​ជើងឯក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ដែលមាន​កីឡាករ ១២៨​នាក់​ចូលរួម ម្ចាស់​ជើងឯក​អុក​ពីរ​រដូវ​កាល​(២០១៤-២០១៥)​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឈាវ បូរ៉ា មិន​ហ៊ាន​សន្មត​ថា នឹង​អាច​គ្រង​ដំណែង​ជើងឯក​របស់ខ្លួន​បាន​នោះទេ ប៉ុន្តែ​កីឡាករ​រូបនេះ​នៅតែមាន​សង្ឃឹម​តែ​សង្ឃឹម​តិច ទោះបី​រូបគេ​បាន​ឆ្លង​ផុតពីរ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ក៏ដោយ​។​

​កីឡាករ ឈាវ បូរ៉ា ដែល​គេ​ឲ្យ​រហ័ស​នាម​ថា​«​ស្តេច​អុក​»​មិន​ហ៊ាន​សន្មត​ថា​នឹង​អាច​គ្រង​ដំណែង​ជើងឯក​របស់ខ្លួន​បាន​នោះទេ សម្រាប់​ការប្រកួត​ជ្រើសរើស​ជើងឯក​អុក​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​កីឡាករ​រូបនេះ​នៅតែមាន​សង្ឃឹម តែ​សង្ឃឹម​តិច ព្រោះ​អ្នក​ដែល​ចុះឈ្មោះ​ចូលរួម​ប្រកួត​ឆ្នាំនេះ​មាន​ចំនួន​ច្រើន​រហូតដល់​១២៨​នាក់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​សុទ្ធសឹងតែ​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​ខ្ពស់​។

​កីឡាករ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ដោយសារ​ជើង​ខ្លាំង​មាន​ច្រើន​មិន​ហ៊ាន​សន្មត​ថា​យ៉ាងម៉េច​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែមាន​សង្ឃឹម​ជឿជាក់​ខ្លះ​ដែរ​»​។​

​ម្ចាស់​ជើងឯក​ពីរ​រដូវ​កាល​រូបនេះ​បាន​បញ្ជាក់ថា ការប្រកួត​ឆ្នាំនេះ​មានការ​ខុសប្លែក​ជាង​ឆ្នាំមុនៗ ទាំង​ចំនួន​កីឡាករ និង​សមត្ថភាព ព្រោះ​ឆ្នាំនេះ​មាន​អ្នកចូលរួម​កើនឡើង ជាពិសេស​ភាពខ្លាំង​រប​ស់​កីឡាករ​ក៏មាន​ច្រើន​ផងដែរ មិន​ដូច​ទៅនឹង​អ្វីដែល​លោក​បាន​ចូលរួម​កាលពី​ឆ្នាំ​ដំបូង​នោះទេ គឺមាន​អ្នកមាន​សមត្ថភាព​មាន​ចំនួន​តិចតួច​។​

​ទោះបីជា​យ៉ាងនេះ​ក្តី កីឡាករ ឈាវ បូរ៉ា បាន​យកឈ្នះ​លើក​ដៃគូ​របស់គេ​ពីរលើក​រូ​ចមក​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ កាលពី​ថ្ងៃទី​៥ ខែមេសា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ សម្រាប់​ការប្រកួត​ជើង​ទី​១ រូបគេ​បាន​យកឈ្នះ​លើ​កីឡាករ ហឹម វាសនា និង​ឈ្នះ​កីឡាករ ឡេង ស៊ី​កាយ ក្នុង​ជើង​ទី​២ ហើយ​រូបគេ​នឹងធ្វើ​ការប្រកួត​ជើង​ទី​៣ ជាមួយ​កីឡាករ តាំង ហេង នា​រសៀល​នេះ​៕