ឥណ្ឌូនេស៊ី កម្ទេច​ទូក​នេសាទ​ខុសច្បាប់​វៀតណាម និង​ម៉ាឡេស៊ី​២៣​គ្រឿង​

​អាជ្ញាធរ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​០៥ ខែមេសា​ម្សិលមិញ បាន​ដុ​ច​កម្ទេច​ទូក​នេសាទ​បរទេស​២៣​គ្រឿង ដែល​ឥណ្ឌូនេស៊ី​ឃាត់ទុក ដោយបាន​ចោទថា​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​របស់ខ្លួន​។ ការកម្ទេច​នេះ ធ្វើឡើង​ខណៈពេល​បញ្ហា​សមុទ្រ​ក្នុង​តំបន់​កំពុង​តែមាន​បញ្ហា​ស្រាប់​ផងដែរ​នោះ​។​

​ទូក​នេសាទ​ខុសច្បាប់​វៀតណាម​១៣ គ្រឿង និង​ម៉ាឡេស៊ី​១០​គ្រឿង ត្រូវបាន​ដុត​កម្ទេច​ក្នុងពេល​តែមួយ​ដោយ អាជ្ញាធរ​ឥណ្ឌូនេស៊ី នៅក្នុង​ទីតាំង​ចំនួន​ប្រាំពីរ ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua​។

​រដ្ឋមន្ត្រី​នៃ​ក្រសួង​កិច្ចការ​ដែនសមុទ្រ​និង​នេសាទ លោកស្រី Susi Pudjiastuti បាន​ថ្លែង​ទៅកាន់​អ្នក​សារ ព័ត៌មាន​នៅក្នុង​ក្រុង​ហ្សា​កាតា​ថា រដ្ឋាភិបាល នឹង​បន្ត​កម្ទេច​នាវា ឬ​ទូក​នេសាទ​ទាំងឡាយណា​ដែល​ចូល​ដែនទឹក​ឥណ្ឌូនេស៊ី​ខុសច្បាប់​។​

​សូមបញ្ជាក់​ផងដែរ​ថា ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​មាន​បណ្តុំ​កោះធំ និង​ច្រើនជាងគេ​របស់​ពិភពលោក បានចាប់ផ្តើម​ចាត់វិធានការ​តឹង​រ៉ឺ​ង​ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់​ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​។ វិធានការ​នេះ ធ្វើឡើង​ក៏​ព្រោះតែ​ឥណ្ឌូនេស៊ី បាន​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ​ដោយសារ​ការនេសាទ​ខុសច្បាប់​។

​កាលពី​ខែកុម្ភៈ កន្លងទៅ អាជ្ញាធរ​ឥណ្ឌូនេស៊ី ក៏បាន​កម្ទេច​ទូក​នេសាទ​២៧​គ្រឿង​ដែល​រួមមាន​ទូក​នេសាទ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ដោយ​ចោទថា​ចូល​នេសាទ​ដោយ​ខុសច្បាប់​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​ផងដែរ​៕