រក​ឃើញ​រមណីយដ្ឋាន​ធម្មជាតិ​មួយ ចង់​ដឹង​អត់ថា កំពុង​បង្កប់​នៅ​ទីណា?

ខេត្តកំពង់ឆ្នាំង ៖ តំបន់​ទឹកធ្លាក់​ស្រែ​អំពិល គឺជា​ក​ន្លែ​មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ពីលើ​ចង្កេះភ្នំ ហូរ​តាម​ជ្រលង​ជើងភ្នំ​រាប់​គីឡូម៉ែត្រ​គ្រប​ដណ្តប់​​ដោយ​ម្លប់ឈើ​ព្រៃ​ភ្នំ​ដ៏​ត្រជាក់ ស្ថិត​នៅ​ខាងជើង​ភ្នំ​ឱ​រាល់ ក្នុងភូមិ​ក្តុល ឃុំ​គ្រាំ​ង​ស្គារ ស្រុក​ទឹកផុស ដែល​ពេល​នេះ ត្រូវ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត កំពុង​សិក្សា​បង្កើត​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ សំរាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត នៅ​​ក្នុង​ពេល​ខាង​មុខ ។

លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ មេ​សា នេះ​ថា តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ខាង​លើ​នេះ ស្ថិត​នៅ​ខាងលិច​ទីរួមខេត្ត​កំពង់ឆ្នាំង ដែល​មាន​ចម្ងាយ​ប្រមាណ​៦៤​គីឡូម៉ែត្រ ។ នៅ​ក្នុង​តំបន់​នេះ មាន​ទឹកធ្លាក់​ជា​ច្រើន​កន្លែង និង​មានទឹក​ហូរ​តាម​ជ្រោះ​រាប់​គីឡូម៉ែត្រ ដែល​អាច​បង្កើត​ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ជា​កន្លែង​មុជទឹក​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​។

បច្ចុប្បន្ន នៅ​តំបន់​នេះ ក្នុង​រដូវប្រាំង​ពុំ​មានទឹក​ច្រើន​សំរាប់​លេង​កម្សាន្ត​នោះ​ទេ ដោយសារ​តែ​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ភ្នំ​យ៉ោ​ក  ខេត្តពោធិ៍សាត់ បាន​បិទ​ទំនប់​នៅ​ព្រំប្រទល់​លើ​ភ្នំ​ជាប់ ប៉ុន្តែ​នៅ​ពេល​ខេត្តកំពង់ឆ្នាំង បង្កើត​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល បាន សហគមន៍ និង​សហគមន៍ គេ​អាច​សម្របសម្រួល​បើកទឹក​ទំនប់​ខាងលើ​នេះ​បាន  ដែល​អាច​ធ្វើ​ឱ្យ​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល អាច​មាន​ទឹ​ក​ច្រើន មុជ​លេង​កម្សាន្ត​បាន​ទាំង​ខែប្រាំង និង​ខែវស្សា ។