ប្រធាន​ក្រុមបង្ហាញ​ម៉ូដ Pop Model បកស្រាយ​រឿង​សមាជិក​ ដើរ​ចេញ​​បន្តបន្ទាប់

មួយ​រយៈ​ចុង​ក្រោយ​នេះ សមាជិក​ក្រុម​បង្ហាញ​ម៉ូដ Pop Model បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​ជា​បន្ត​បន្ទាប់ ហើយ​មាន​សមាជិក​ខ្លះ​បាន​បោះ​ពាក្យ​សម្ដី​ថា បណ្ដាល​មក​ពី​ប្រធាន​ក្រុម​ដឹក​នាំ​មិន​កើត​ទៀត​ផង។

 

ប្រធាន​ក្រុមបង្ហាញ​ម៉ូដ Pop Model បកស្រាយ​រឿង​សមាជិក​ ដើរ​ចេញ​​បន្តបន្ទាប់

 

ក្នុង​បញ្ហា​នេះ សារ៉ា ជា​ប្រធាន​ក្រុម Pop Model បាន​បក​ស្រាយ​ថា សមាជិក​ទាំង​នោះ​មិន​បាន​ចាក​ចេញ​ដោយ​ចិត្ត​ឯង​នោះ​ទេ ប៉ុន្តែ​នាង​ជា​អ្នក​ដក​ពួក​គេ​ចេញ​ពី​ក្រុម​ទៅ​វិញ។ ហេតុផល​ចម្បង​ដោយ​សារ​ពួក​គេ​មិន​គោរព​តាម​គោលការណ៍​របស់​ក្រុម ទើប​នាង​សម្រេច​ចិត្ត​បញ្ចប់​ការ​សហការ​គ្នា​ជាមួយ​តារា​ម៉ូដែល ៤ នាក់។

 

“ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដែល​ខ្ញុំ​ដក​ចេញ គឺ​ខ្ញុំ​អត់​ចង់​ទេ តែ​ជា​គោលការណ៍​ដែល​ខ្ញុំ​ត្រូវ​ធ្វើ”។ សារ៉ា ថ្លែង​មក​កាន់ Sabay។ នាង​បន្ត​ថា គោលការណ៍​ទី​១​ក្នុង​ក្រុម​របស់​នាង គឺ​មិន​អនុញ្ញាត​ឱ្យ​សមាជិក​ណា​ម្នាក់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រលង​សម្រស់​ក្នុង​ស្រុក​ផ្សេង​នោះ​ទេ ព្រោះ​ជា​តារា​ម៉ូដែល​ស្រាប់​ហើយ និង​ស្ថិត​នៅ​ក្នុង​ក្រុម​មួយ​មាន​គេ​ស្គាល់​រួច​ស្រេច។ ប៉ុន្តែ​នាង​អនុញ្ញាត​ប្រសិន​ជា​ការ​ប្រលង​លើ​ឆាក​អន្តរជាតិ។

 

ប្រធាន​ក្រុមបង្ហាញ​ម៉ូដ Pop Model បកស្រាយ​រឿង​សមាជិក​ ដើរ​ចេញ​​បន្តបន្ទាប់

 

ចំពោះ​គោលការណ៍​ទី​២​វិញ ប្រធាន​ក្រុម​ម៉ូដែល​រូប​នេះ​អះអាង​ថា នាង​មិន​យល់ព្រម​ឱ្យ​សមាជិក​ណា​ម្នាក់​ទៅ​ដើរ​ម៉ូដ​ឱ្យ​ភ្នាក់​ងារ​នោះ​ទេ ហើយ​ពួក​គេ​ត្រូវ​ទាក់ទង​មក​ប្រធាន​ក្រុម​ផ្ទាល់ ដើម្បី​ក្រុម​មាន​ការងារ​ធ្វើ​ដូច​គ្នា។ ម្យ៉ាង​ទៀត​តម្លៃ​ខ្លួន​​សមាជិក​របស់​នាង​មាន​ស្តង់ដារ​ទៀត​ផង។

 

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សហការ​ជាមួយ​សមាជិក​មួយ​ចំនួន​រួច​មក សារ៉ា អះអាង​ថា បច្ចុប្បន្ន Pop Model នៅ​សល់​សមាជិក​មាន​កុងត្រា​ជាង ២០ នាក់​ភាគ​ច្រើន​ជា​នារី និង​សមាជិក​គ្មាន​កុងត្រា​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ក្នុង​នោះ ក៏​មាន​សមាជិក​ស្រី​មួយ​ចំនួន​បាន​កំពុង​ឡើង​កូដ​ក្នុង​ជីវិត​សិល្បៈ​ទៀត​ផង ព្រោះ​មាន​ឱកាស​បាន​ថត​ភាពយន្ត​បន្ថែម​លើ​អាជីព​បង្ហាញ​ម៉ូដ៕

 

អត្ថបទ៖ សំ ជំនាញ