ម្ហូប​គ្រឿង​សមុទ្រ​នៅ​កែប​ និង​កំពត​លក់​អត់​ដាច់ ខណៈ​ទឹកសមុទ្រ​ ធម្មតា​វិញ​ហើយ

ខេត្ត​កែប​-​កំពត​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ទឹកសមុទ្រ​នៅ​ក្នុង​ខេត្ត​កែប​និង​កំពត​បាន​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មេ​សា​នេះ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចុះ​មុជទឹក ។ ចំណែក​ម្ហូប​គ្រឿង​សមុទ្រ​នោះ​វិញ​លក់​មិន​ដាច់ តែ​ប្រជា​នេសាទ​ទឹកប្រៃ​នៅ​តែ​បន្ត​ចេញ​ទៅ​រក​ដដែល ។

កាលពី​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​គ្រប់​រូប ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប និង​ភ្ញៀវ​ទេសចរ បន្ត​ការ​ប្រុង​ប្រយ័ត្ន​ដោយ​គួរ​ផ្អាក​ចុះ​មុជទឹក​សមុទ្រ​កម្សាន្ត​រហូត​ដល់​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​ជា​ការ​បង្ការ​បញ្ហា​គ្រោះថ្នាក់​ជាយថាហេតុ ក៍​ដូច​ជា​ទុក​ឱកាស​ឲ្យ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​កែប ធ្វើការ​បោសសម្អាត​ឆ្នេរ​ឲ្យ​បាន​ស្អាត​សិន ។ 

ចំណែក​ការ​នេសាទ​សមុទ្រ​នៅ​ខេត្ត​កែប ប្រជា​នេសាទ​អាច​បន្ត​ប្រកប​របរ​របស់​ខ្លួន​នៅ​តាម​តំបន់​ទឹក ដែល​មាន​រយៈ​ចម្ងាយ ៥០០ មែ​ត្រ​ឡើង​ទៅ ។​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ដដែល តាម​ការ​សន្និដ្ឋាន​បឋម ការ​កើនឡើង​នូវ​កម្រិត​ស្លែ​នៅ​ក្នុង​សមុទ្រ គឺ​បណ្តាល​មក​ពី​ការ​កើនឡើង​នូវ​សីតុណ្ហភាព ពន្លឺ និង​ការ​ប្រែប្រួល​នូវ​ជីវជាតិ​ចិញ្ចឹម​នៅ​ក្នុង​ទឹកសមុទ្រ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត