កម្ពុជា អាចនឹងពង្រឹងធនធានកីឡាយានយន្ត តាមរយៈ MoU ជាមួយថៃ

សហព័ន្ធកីឡាយានយន្តកម្ពុជា បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MoU) ជាមួយសមាគមរាជយានយន្តនៃព្រះរាជណាចក្រថៃ នៅទីស្នាក់ការ NOCC ក្នុងសន្នីសីទកាសែត កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ ដើម្បីរឹតចំណងមិត្តភាពរវាងសហព័ន្ធទាំងពីរ លើកិច្ចសហប្រតិបត្តិការណ៍នានា ទាក់ទងទៅនឹងវិស័យកីឡាយានយន្ត និងវិស័យទេសចរណ៍យានយន្ត ដែលស្ថិតក្រោមក្របខណ្ឌនៃសហព័ន្ធយានយន្តអន្តរជាតិ(FIA)។
1
តាមរយៈ MoU ថ្មីនេះ សហព័ន្ធកីឡាយាន្តកម្ពុជា នឹងទទួលបានឱកាសក្នុងការបណ្តុះបណ្តាលទាំងធនធានកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញក្នុងការត្រួតពិនិត្យយានយន្ត ដើម្បីពង្រឹងគុណភាពទៅការរៀបចំការប្រកួតផ្សេងៗ ដែលនេះជាកត្តាដ៏សំខាន់ក្នុងជួយជំរុញ និងអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនខ្លាំង។
4
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានថ្លែងថា សហព័ន្ធទាំងពីរ នឹងធ្វើការដោះដូរបទពិសោធផ្នែកមន្ត្រីបច្ចេកទេស អ្នកជំនាញត្រួតពិនិត្យយានយន្ត ការបណ្តុះបណ្តាលកីឡាករកីឡាការិនីប្រណាំងយានយន្ត តាមរយៈការអនុសារណៈនៃការយោគយល់គ្នានេះ។
3
លោកបានបញ្ជាក់ថា៖«អ្វីដែលយើងទទួលបានពី MoU នេះនឹងចូលរួមជួយដល់ការអភិវឌ្ឍវិស័យកីឡាយានយន្ត ចរាចរណ៍យានយន្ត និងទេសចរណ៍ ឲ្យកាន់តែមានសុវត្ថិភាព និងការការពារបរិស្ថានប្រកបដោយស្មារតីមិត្តភាព និងការយោគយល់ ព្រោះ វិស័យកីឡាយានយន្តមិនត្រឹមតែជួយជំរុញលើវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបានជួយជំរុញដល់វិស័យនានាថែមទៀតផង ដូចជាវិស័យទេសចរណ៍ ទំនៀមទំលាប និងប្រពៃណី តាមរយៈការចូលរួមប្រកួត ក៏ដូចជាទស្សនារបស់បណ្តាប្រទេសផ្សេងៗ»។
2
បើតាមខ្លឹមសារមួយចំនួនទៀត ដែលបានលើកឡើងនៅក្នុងសន្និសីទកាសែត កាលពីម្សិលមិញនោះ បានឲ្យដឹងថា សហព័ន្ធកីឡាយានយន្តកម្ពុជា និងភាគីថៃ ធ្លាប់បានផ្លាស់ប្តូរបទពិសោធគ្នាតាំងពីមុនការចុះអនុសារណៈនៃការយោគយល់នេះទៅទៀត តាមរយៈការបញ្ចូនកីឡាករកីឡាការិនីទៅចូលរួមប្រកួត និងការបង្កើតព្រឹត្តិការណ៍ប្រកួតនៅកម្ពុជា ថៃ។

យ៉ាងណាក៏ដោយទាំងលោក មៀច សុផាន់ណា និងលោក Banphot Hongthong ប្រធានសមាគមរាជយានយន្តនៃព្រះរាជណាចក្រថៃ ព្រមទាំងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC សុទ្ធតែមានការជឿជាក់ថា តាមរយៈ MoU ជាផ្លូវការនេះនឹងធ្វើឲ្យភាគីកម្ពុជា និងថៃ កាន់តែមានទំនុកចិត្ត ក្នុងការផ្លាស់ប្តូរបទពិសោធគ្នា ដើម្បីពង្រឹងធនធានកីឡាយានយន្ត ឲ្យកាន់តែបានខ្លាំង។ ប៉ុន្តែក្រៅពី MoU ជាមួយភាគីថៃនេះ សហព័ន្ធកីឡាយានយន្តកម្ពុជា ក៏នឹងធ្វើសហប្រតិបត្តិការណ៍ជាមួយប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ដែលសុទ្ធប្រទេសមានបទពិសោធ និងមានការរីកចម្រើនខ្លាំងក្នុងវិស័យកីឡាយាន្តនេះផងដែរ៕