ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន បាន​យល់ច្រឡំ​ពី​រោគសញ្ញា របស់​ជំងឺ​អា​ល្លែ​ក ហ្ស៊ី ច្រមុះ និង​ជំងឺ​ផ្ដាសាយ​

ភ្នំពេញ:
លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គឹម ឡាង បានអោយដឹង ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ជំងឺ​អាល្លែកហ្ស៊ី ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន GSK នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នា​សណ្ឋាគារ​ភ្នំពេញ ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន បាន​យល់ច្រឡំ​ពី​រោគសញ្ញា របស់​ជំងឺ​អា​ល្លែ​ក ហ្ស៊ី ច្រមុះ និង​ជំងឺ​ផ្ដាសាយ ដែល​បញ្ហា​នេះ បានធ្វើ​ឲ្យ​ជំងឺ​អាល្លែកហ្ស៊ី កាន់តែ​វិវឌ្ឍន៍ ទៅរក​ភាព​ធ្ងន់ធ្ងរ​។​

​លោក គឹម ឡាង បន្តថា អាល្លែកហ្ស៊ី គឺជា​ការឆ្លើយតប​ផ្នែក​ប្រព័ន្ធ​ភាព​សុំា និង​ជា ប្រតិកម្ម​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា និង​ជំងឺ​ចំពោះ​មនុស្ស​ដែល​ប្រឈម ហើយ​លទ្ធផល​អាច​បណ្ដា​ល​ឲ្យ មាន​ភាពមិន ស្រួលខ្លួន ឬ​ការឈឺចាប់​ខ្លាំងក្លា ។​

​លោក​វេជ្ជបណ្ឌិត បាន​បន្ថែមថា រោគសញ្ញា នៃ​ប្រតិកម្ម​អាល្លែកហ្ស៊ី លេចឡើង​នៅក្នុង​ទម្រង់​ជា អាការ​ក្អក​, កណ្ដាស់​, ហៀរ​សំបោរ​, តឹង​ច្រមុះ និង​ហើម ។ នៅ​ក្នុងករណី​ធ្ងន់ធ្ងរ វា​ក៏​អាច​បណ្ដាល​ឲ្យ​មានការ​កន្ទួល​រមាស់ កន្ទាលត្រអាក សម្ពាធ​ឈាម​ទាម ពិបាក​ដក ដង្ហើម ជំងឺហឺត​ធ្វើទុក្ខ ។​

​លោក​វេជ្ជបណ្ឌិត ថុង ម៉េង​ឡុង គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ បំពង់ក​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​ឲ្យ​ដឹងថា រោគសញ្ញា​អា ល្លែ​ក​ហ្ស៊ី លេចឡើង​ទៅតាម​កន្លែង​ដែលមាន​ប្រតិកម្ម ។ កន្ទួល​រមាស់ និង​កន្ទាលត្រអាក គឺជា​រោគសញ្ញា​នៃ​អាល្លែកហ្ស៊ី​ស្បែក ។ ចំពោះ​ច្រមុះ​រោគសញ្ញា គឺ​រមាស់ តឹង​ច្រមុះ និង​ហៀរ​សំបោរ បើសិន​បើ​អាល្លែកហ្ស៊ី​កើតឡើង​លើផ្លូវ​អាហារ​វា​បណ្ដាល​ឲ្យ​រាក ចង្អោរ ឬ​ក្អួត ។​

​លោក​បាន​បន្តថា ការសិក្សា​បានបង្ហាញ​ថា ប្រសិន​ឪពុក ឬ​ម្តាយ​មាន​ជំងឺ​អាល្លែកហ្ស៊ី កូន​របស់​ពួកគាត់ យ៉ាងហោចណាស់​ម្នាក់ នឹង​ប្រឈមមុខ​នឹង​កើត​ជំងឺ​នេះ ក្នុង​អត្រា​ប្រហែល ២០ ទៅ​៤០​ភាគរយ ។ ប្រសិនបើ​ទាំង​ឪពុក ទាំង​ម្តាយ​មាន​ជំងឺ​អាល្លែកហ្ស៊ី លទ្ធផល​នៃ​ការកើត​ជំងឺ​ដល់​ជិត ៤០ ទៅ​៦០​ភាគរយ ។​

​លោក​សាស្ត្រាចារ្យ គឹម ឡាង បាន​បញ្ជាក់ថា បញ្ហា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អាល្លែកហ្ស៊ី គឺ​ឆ្លង​តាមរយៈ​សង្កើច​, សត្វ​ចិញ្ចឹម (​ឆ្មា ឬ​ឆ្កែ​) គឺ​សារធាតុ​អាល្លែកហ្ស៊ី​ទាំងនេះ ត្រូវបាន​រកឃើញ​នៅលើ​រោម ស្បែក ទឹកនោម និង​ទឹកមាត់​របស់​វា ។ សារធាតុ​អាល្លែកហ្ស៊ី ក៏មាន​ក្នុង​អាហារ ពិសេស​ចំពោះ​កុមារ គឺ​ទឹកដោះគោ ស៊ុត និង​សណ្ដែកដី ។ មនុស្សពេញវ័យ គឺ​លម្អង​ផ្លែឈើ​, សណ្ដែកដី និង​គ្រាប់​ផ្លែ​ហូប​គ្រាប់ ត្រី ជាដើម ។​

​លោក​វេជ្ជបណ្ឌិត ឃុន ឃាង បាន​លើកឡើងថា ការព្យាបាល​ជំងឺ​អាល្លែកហ្ស៊ី មាន​៣​របៀប ទី​១. បើ​មាន​រោគសញ្ញា​ធម្មតា (​រមាស់​ច្រមុះ ឬ​ហៀរ​សំបោរ​) គឺ​ប្រើ​ថ្នាំ​ពពួក​អង់​ទី​អ៊ី​ស្តា​ម៉ូ​និ​ច​, ទី​២. បើ​មាន​ហៀរ​សំបោរ​ជា​ធម្ម​តែ ហើយ​រោគសញ្ញា​ចេះតែ កើតឡើងៗ គឺ​ប្រើ​ថ្នាំ​គ្រាប់ អង់​ទី​អ៊ី​ស្តា​ម៉ូ​និ​ច និង​ទី​៣. ដំណាក់កាល​ខ្លាំងក្លា គឺ​ប្រើ​ថ្នាំ​គ្រាប់​អង់​ទី​អ៊ី​ស្តា​ម៉ូ​និ​ច បូក​ជាមួយ​កូ​ទី​កូ​ស្តេ​រ៉​យ ដែល​បាញ់​ចូលទៅក្នុង​ច្រមុះ​... ។​

​អ្នកជំនាញ​បាន​បញ្ជាក់ថា ជំងឺ​អាល្លែកហ្ស៊ី ពិបាក​បង្ការ ប៉ុន្តែ​វា​មិន​បង្ក​ឲ្យ​អ្នកជំងឺ​ស្លាប់​នោះទេ បើ​មាន​មនុស្ស​ស្លាប់​វិញ​នោះ គឺ​មកពី​វា​កើត​ជាមួយ​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺហឺត​ជាដើម ដោយ​វា​បា​នប​បង្ក​ឲ្យ​ជំងឺហឺត​មាន​កម្លាំង​ខ្លាំង​ថែមទៀត នឹង​អាចធ្វើ ឲ្យ​អ្នកជំងឺ​ស្លាប់​បាន ។​

​សូមបញ្ជាក់ថា ជំងឺ​អាល្លែកហ្ស៊ី បាន​ប៉ះពាល់​មនុស្ស​ចំនួន​ជាង ៤០០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក មិនថាតែ​ក្នុងប្រទេស​ក្រីក្រ ឬ​ប្រទេស​អ្នកមាន​នោះទេ ហើយ​បើ​គិត​ជា​ភាគរយ​វិញ គឺ​កើតឡើង​ពី ១០ ទៅ​២០​ភាគរយ នៃ​ចំនួន​មនុស្ស​១០០​នាក់​៕​

ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន បាន​យល់ច្រឡំ​ពី​រោគសញ្ញា របស់​ជំងឺ​អា​ល្លែ​ក ហ្ស៊ី ច្រមុះ និង​ជំងឺ​ផ្ដាសាយ​

ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន បាន​យល់ច្រឡំ​ពី​រោគសញ្ញា របស់​ជំងឺ​អា​ល្លែ​ក ហ្ស៊ី ច្រមុះ និង​ជំងឺ​ផ្ដាសាយ​

ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន បាន​យល់ច្រឡំ​ពី​រោគសញ្ញា របស់​ជំងឺ​អា​ល្លែ​ក ហ្ស៊ី ច្រមុះ និង​ជំងឺ​ផ្ដាសាយ​

ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន បាន​យល់ច្រឡំ​ពី​រោគសញ្ញា របស់​ជំងឺ​អា​ល្លែ​ក ហ្ស៊ី ច្រមុះ និង​ជំងឺ​ផ្ដាសាយ​