ហ៊ុន ​សែន ​ព្រមាន​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​មកពី​បក្ស​ផ្សេង

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​គំរាម​​ចាប់​ខ្លួន​មន្រ្តី​មួយ​ចំនួន​នៅ​​ថ្នាក់​ក្រោម​​ជាតិ​ពី​គណបក្ស​ផ្សេង​ទៀត​ដែល​​ធ្វើការ​ជាមួយ​គណបក្ស​កាន់​អំណាច​ហើយ​​បាន​​​បង្ក​បញ្ហា​​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​ដែល​លោក​​ចោទ​ប្រកាន់​មន្រ្តី​ទាំង​នោះ​ថា​ប៉ុនប៉ង​ធ្វើ​ឲ្យ​ខូច​​មុខ​មាត់​​របស់​គណបក្ស​​ប្រជាជន​។

នៅក្នុង​អគារ​សាលា​រាជធានី​ភ្នំពេញ​កាលពី​​ម្សិលមិញ​ លោក ហ៊ុន សែន បាន​សរសើរ​​មន្រ្តី​មូលដ្ឋាន​​របស់​លោក​ដែល​​ធ្វើការ​​ល្អ​​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​ ដើម្បី​បម្រើ​តម្រូវការ​​របស់​ប្រជាជន​ ប៉ុន្តែ​មន្រ្តី​មួយ​ចំនួន​តូច​មកពី​គណបក្ស​​​ផ្សេង​ទៀត​មិន​បាន​បំពេញ​តួនាទី​​របស់​ខ្លួន​នៅក្នុង​រដ្ឋបាល​សាធារណៈ​​ដើម្បី​បម្រើ​ប្រជាជន​ឲ្យ​បាន​​ល្អ​ឡើយ​ប៉ុន្តែ​ពួកគេ​បាន​បង្ក​បញ្ហា​​​ដល់​ប្រជាជន​ដែល​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​​​របស់​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច​​។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជា​ឲ្យ​មន្រ្តី​អាជ្ញាធរ​ចាប់​ខ្លួន​មន្រ្តី​ទាំង​នោះ​​ដើម្បី​ចាត់​ការ​ទៅ​តាម​ច្បាប់។

ហ៊ុន ​សែន ​ព្រមាន​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​មកពី​បក្ស​ផ្សេង

លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធ​អគារ​សាលា​រាជធានី​ភ្នំពេញ​ថ្មី​កាលពី​​ម្សិលមិញ។​ ហេង ជីវ័ន

លោក​បាន​ថ្លែង​​​បន្ត​ថា​៖ «​កន្លែង​មួយ​ចំនួន​មាន​មន្រ្តី​​ ១០០០​ នាក់​មាន​តែ​មន្រ្តី ៤‑៥ នាក់​​ដែល​អាក្រក់​ហើយ​​​បំផ្លាញ​មុខមាត់​ដល់​មន្រ្តី​​ ១០០០​ នាក់​។ វា​មិន​មែន​ជា​មន្រ្តី​របស់​យើង​ទេ​ដែល​បង្ក​បញ្ហា»​។

​លោក ហ៊ុន សែន បាន​គំរាម​ថា​៖ «​​រដ្ឋបាល​សាធារណៈ​មិន​មែន​ជា​របស់​គណបក្ស​នយោបាយ​ណា​មួយ​ទេ​ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ប្រើប្រាស់​មនុស្ស​ដែល​​វា​អាច​ជា​ការ​ចាត់​​តាំង​​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​ដើម្បី​បំផ្លាញ​​កេរ្តិ៍ឈ្មោះ​​រដ្ឋបាល​សាធារណៈ។ ​ខ្ញុំ​​សូម​​ស្នើ​ឲ្យ​​មន្រ្តី​ល្អ​​ចាប់​ខ្លួន​​​អ្នក​ទាំងនោះ​ដើម្បី​ផ្តន្ទាទោស​ និង​សម្អាត​ខ្លួន​ឲ្យ​ស្អាត​សម្រាប់​យើង​»។

បើ​ទោះបី​ការ​ចោទប្រកាន់​របស់​​លោក​ ហ៊ុន សែន ​មិន​បាន​លើក​ឡើង​ចំ​ឈ្មោះ​​គណបក្ស​នយោបាយ​ណា​មួយ​ក៏ដោយ​ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា ​ប្រហែល​ជា​​ចង់​សំដៅ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ពីព្រោះ​មាន​មន្រ្តី​​មួយ​ចំនួន​របស់​គណបក្ស​ប្រឆំាង​ធ្វើការ​ជាមួយ​គណបក្ស​​ប្រជាជន​នៅ​ក្នុង​ថ្នាក់​ឃុំ​ សង្កាត់​ ស្រុក ខណ្ឌ រហូត​ដល់​ខេត្ត​ហើយ​ពួកគេ​ត្រូវ​បាន​ហៅ​ថា​ជា​សមាជិក​ក្រុម​ប្រឹក្សា​​នៅ​ថ្នាក់​ក្រោម​ជាតិ និង​នៅ​ថ្នាក់​ជាតិ​ដូចជា​នៅ​ក្នុង​​ព្រឹទ្ធសភា​ រដ្ឋសភា​មាន​​តំណាងរាស្រ្ត​ និង​សមាជិក​ព្រឹទ្ធសភា​ផង​ដែរ​​មកពី​គណបក្ស​ប្រឆាំង​។

ប៉ុន្តែ​​អ្នក​នាំពាក្យ​គណបក្ស​​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ថ្លែង​ថា​លោក​មិន​យល់​​ពី​អ្វី​​​ដែល​​លោក ហ៊ុន សែន ​បាន​ចោទប្រកាន់​នោះ​ទេ​ហើយ​បាន​ថ្លែង​ទៅ​​លោក​នាយក​រដ្ឋមន្រ្តី​​វិញ​ថា​មាន​តែ​គណបក្ស​កាន់​អំណាច​ទេ​ដែល​បង្ក​បញ្ហា​​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​​អំពើ​ពុករលួយ​នៅ​ថ្នាក់​ក្រោម​ជាតិ​​ និង​ថ្នាក់​​ជា​តិ​ដោយសារ​គណបក្ស​ប្រជាជន​ជា​គណបក្ស​កាន់​អំណាច​ហើយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​គឺ​មិន​អាច​ពុករលួយ​បាន​ទេ​ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ជា​គណបក្ស​កាន់​អំណាច​។

លោក​បាន​បន្ត​ថា​៖ «​​មនុស្ស​ពុករលួយ​បំផុត​គឺ​គណបក្ស​កាន់​អំណាច​ហើយ​គណបក្ស​ប្រឆាំង​​​មិន​​​មាន​អំណាច​ទេ​»។

លោក​បញ្ជាក់​ថា​៖ ​«​​ប្រសិន​បើ​​គណបក្ស​​សង្គ្រោះ​ជាតិ​​ប្រព្រឹត្ត​អាក្រក់​ប្រជាពលរដ្ឋ​​មិន​​គាំទ្រ​​ទេ។ ​ដូច្នេះ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​ការ​ស៊ើបអង្កេត​​ត្រូវ​តែ​ឯករាជ្យ​ និង​អព្យាក្រឹត។ ​សូម​កុំ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ទៅ​ប្រព្រឹត្ត​អាក្រក់​ដាក់​គណបក្ស​​ប្រឆាំង​​»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍