ចង់​វេ​លុយ ​ត្រូវ​ចំណាយ ​ប៉ុន្មាន?

សម័យ​មុន​ដើម្បី​ផ្ញើ​លុយ​ទៅ​ខេត្ត​យើង​គ្មាន​ជម្រើស​អ្វី​ឡើយ​ក្រៅពី​ត្រូវ​ផ្ញើ​តាម​មនុស្ស ឬ ឡាន​ឈ្នួល ​ដែល​សុវត្ថិភាព​មិន​ត្រូវ​បាន​ធានា ហើយ​ត្រូវ​ចំណាយ​រយៈពេល​យូរ​ទើប​ដល់ដៃ​អ្នកទទួល ។   តែ​បច្ចុប្បន្ន​នេះ​ គ្រាន់តែ​ចុច​ទូរស័ព្ទ​ពី​ផ្ទះ​ក៏​អាច​ផ្ញើ​លុយ​ទៅកាន់​ឱ​ពុក​ម្ដាយ​បងប្អូន​នៅ​តាម​ខេត្ត​ឆ្ងាយៗ​បានភ្លាមៗ ហើយ​ធានា​សុវត្ថិភាព​ខ្ពស់​ទៀត ។ មិន​ត្រឹមតែ​មធ្យោបាយ​ផ្ទេរ​ប្រាក់​កាន់តែ​ងាយស្រួល​ប៉ុណ្ណោះ​ទេ យើង​ក៏​មាន​ជម្រើស​ច្រើន ក្នុង​ការ​ផ្ញើ​ដែរ ដូចជា តាមរយៈ  វីន  TrueMoneyសេវា​ផ្ទេរ​ប្រាក់ ​AMKSmartលុយ Emoneyអាស៊ី​វេ​លុយ លី​ហួរ​វេ​លុយ ជាដើម ។ ការ​រីក​ដុះដាល​ច្រើន​នៃ​អាជីវកម្ម​វេ​លុយ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​និយម​ប្រើប្រាស់​សេវា​នេះ អាច​ប្រើប្រាស់​សេវា​កាន់តែ​ថោក​ក្នុង​លក្ខខ័ណ្ឌ​កាន់តែ​ល្អ ។ ពេលនេះ​យើង​ងាក​មក​មើល​ភាព​សម្បូ​បែប​នៃ​សេវា​ផ្ទេរ​ប្រាក់​បច្ចុប្បន្ន និង តម្លៃ​សេវា​នីមួយៗ ប្លែក​គ្នា​របៀប​ណាខ្លះ  ៖

 

ចង់​វេ​លុយ ​ត្រូវ​ចំណាយ ​ប៉ុន្មាន?

 

Wing  វី​ង

 

វី​ង គឺជា​ភ្នាក់ងារ​វេ​លុយ​ដំបូងបង្អស់​នៅ​កម្ពុជា​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ 2009ដែល​ផ្ដល់​សេវាកម្ម បង់​ប្រាក់ ផ្ទេរ​ប្រាក់ ដាក់ ឬ ដក​ប្រាក់  និង បង់​វិក្កយបត្រ តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ។ អ្នកប្រើប្រាស់ អាច​ដក ​និង​ដាក់​ប្រាក់​បាន ក្នុង​គណនី​របស់​ពួកគេ​នៅ​តាម​កន្លែង​ ដែល​មាន​ផ្លាក​សញ្ញា​វី​ង WING CashXpressនិង ​អាច​ដក​ប្រាក់​បាន​តាម​រយ:ម៉ាស៊ីន ATM របស់​ធនាគារ ANZ ។ សម្រាប់​ការ​វេ​លុយ​រវាង​អ្នកប្រើប្រាស់​គណនី​Wing ចាប់ពី 25.01ដុល្លារ ឡើងទៅ​គិតថ្លៃ 2000រៀល​និង  សម្រាប់​សេវា​វេ​លុយ​ទៅកាន់​អ្នក​មិន​មាន​គណនី​Wingក្រោម 500.49ដុល្លារ គិតថ្លៃ 6 000រៀល ​និង ចាប់ពី  500.50$ ឡើងទៅ 1 000 ដុល្លារ គិតថ្លៃ 10 000 រៀល។

 

TrueMoneyទ្រូ​ម៉ាន់​នី

 

TrueMoneyជា ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម វេ​លុយ និង ទូទាត់​ប្រាក់​ថ្មី​មួយទៀត​នៅ​កម្ពុជា ដែល​ទើបតែ​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែ មករា ឆ្នាំ ២០១៦ ក្រោម​ការ​បណ្តាក់​ទុន​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន Charoen Pokphand Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ។ បច្ចុប្បន្ន​រាល់​ការ​ប្រតិបត្តិការ​វេ​លុយ ឬ បង់​វិក្កយបត្រ​ផ្សេងៗ អាច​ធ្វើ​បាន​តាម​ភ្នាក់ងារ TrueMoneyដែល​មាន​ជាច្រើន​កន្លែង​នៅ 25ខេត្ត-​ក្រុង​ទូទាំង ប្រទេស​ក្នុង​តម្លៃ ២ ៥០០រៀល សម្រាប់​ការ​វេ​លុយ​ក្រោម 200 ដុល្លារ និង ចាប់ពី 200 ដុល្លារ ដល់ 500 ដុល្លារ គិតថ្លៃ  6 000រៀល។

 

Smart luy ស្មា​ត​លុយ

 

ក្នុង​ឆ្នាំ 2015 ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ Smart  បាន​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នៅ សេវា SmartLuyដែល​បង្ក លក្ខណៈ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ទាំងអស់ អាច​ចុះឈ្មោះ​បាន​ភ្លាមៗ ចូល​ទៅ​ប្រើប្រាស់ សេវា​ផ្សេងៗ​របស់ ​SmartLuy ដូចជា ផ្ទេរ​លុយ ទិញ​អីវ៉ាន់ ពី​SmartStoreបង់​វិក្កយបត្រ​ផ្សេងៗ ពិសេស​គឺ បង់ថ្លៃ​ទឹក និង ភ្លើង ។ អ្នកប្រើប្រាស់​អាច​ធ្វើ​ការ​ផ្ទេរ​ប្រាក់ ឬ ដាក់​លុយ តាម​SmartStoreឬ ភ្នាក់ងារ​SmartLuyជាច្រើន​កន្លែង  ឬ ក៏​ផ្ទេរ​ប្រាក់​ដោយ​ខ្លួនឯង​តាមរយៈ​កម្មវិធី ក្នុង​ទូរស័ព្ទ​ដៃ ។ គុណសម្បត្តិ​លេចធ្លោ​របស់​Smartluy សម្រាប់​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ Smart គឺ  រាល់​ការ​ផ្ទេរ​ប្រាក់​រវាង​អ្នកប្រើប្រាស់​ Smartluyមិន​គិតលុយ​ឡើយ​ហើយ​សម្រាប់​កា​រវេ​លុយ​ទៅកាន់​អ្នក​ដែល​មិន​មាន​គណនី Smartluy ពី១ដុល្លារ ទៅ ១ ០០០ ដុល្លារ គិតថ្លៃ ៦ ០០០រៀល ។

 

Emoney អ៊ី​ម៉ាន់​នី

 

Emoneyគឺជា​សេវា​វេ​លុយ បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ Metfoneសម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ផ្ទេរ​លុយ បង់ថ្លៃ​ទឺ​ក ថ្លៃ​ភ្លើង និង វិក្កយបត្រ​ផ្សេងៗ តាមរយៈ​ទូរស័ព្ទ ដៃ ។ ការផ្ទេរ​ប្រាក់​អាច​ធ្វើ​បាន​តាមរយៈ​ភ្នាក់ងារ​Emoney ឬ ដោយ​ផ្ទាល់​តាម​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ  ។  សម្រាប់​ការ​វេ​លុយ​រវាង​អ្នកប្រើប្រាស់ គណនី Emoneyពី ១ដុល្លារ ដល់ ២៥ដុល្លារ គិតថ្លៃ ១ ០០០រៀល និង  ចាប់ពី ២៥.០១ ដុល្លារ ឡើង​ទៅ គិតថ្លៃ ២ ០០០រៀល  ហើយ សម្រាប់​ការផ្ទេរ​ប្រាក់​ទៅកាន់​អ្នក​មិន​មាន​គណនី Emoneyពី១ដុល្លារ ទៅ ១០០ ដុល្លារ គិតថ្លៃ ៦ ០០០រៀល ។

 

សេវា​ផ្ទេរប្រាក់ អេ អឺ​ម ខេ AMK Money Transfer

 

សេវា​ផ្ទេរ​ប្រាក់​ អេ អឺ​ម ខេ ជា​សេវា​វេ​លុយ​របស់​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែល​បាន​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ 2011មក​ម្ល៉េះ ។ សេវា​នេះ​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ធ្វើការ​ផ្ទេរ​ប្រាក់​ងាយស្រួល ​និង​មាន​សុវត្ថិភាព នៅ​តាម​ភ្នាក់ងារ​ អេ អឹម ខេ ដែល​មាននៅ 25ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​តម្លៃ​ទាប ។ សម្រាប់​ការផ្ទេរ​ប្រាក់​ទៅកាន់​អ្នក​ដែល​មិន​មាន​គណនី​ អេ អិ​ម ខេ ពី ១ដុល្លារ ដល់ ៥០ដុល្លារ គិតថ្លៃ ៣០០០រៀល    ចាប់ពី ៥០.១ដុល្លារ ដល់ ២៥០ដុល្លារ គិតថ្លៃ ៤ ០០០រៀល  និង ចាប់ ២៥១ដុល្លារ ដល់ ៥០០ដុល្លារ គិតថ្លៃ ៥ ០០០រៀល ។

 

អាស៊ី​វេ​លុយ AsiaWeiluy

 

អាស៊ី​វេ​លុយ ជា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ទូទាត់​ប្រាក់ និង ផ្ទេរ​ប្រាក់​តាមរយៈ​ទូរស័ព្ទ ដៃ ដោយ​គិតថ្លៃ ១ដុល្លារ សម្រាប់​ការ​វេ​លុយ ឬ ផ្ទេរ​ប្រាក់​ក្រោម ៥០០$  ។  អ្នកប្រើប្រាស់​អាច​ធ្វើ​ការ​ផ្ទេរ​ប្រាក់​នៅ​តាម​ភ្នាក់ងារ​រវេ​លុយ​របស់​អាស៊ី​វេ​លុយ ឬ ក្នុង​ទូរស័ព្ទ ដៃ​ដោយ​ផ្ទាល់​ខ្លួនឯង ដោយ​គ្រាន់តែ​ដំឡើង​កម្មវិធី AsiaWeiluyក្នុង​ទូរស័ព្ទ ។

 

លី​ហួរ​វេ​លុយ

 

លី​ហួរ​វេ​លុយ គឺជា ​សេវា​ផ្ទេរ​ប្រាក់​ថ្មី​បំផុត​ក្នុង​ប្រទេស​កម្ពុជា  របស់​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​លី​ហួ  ដែល​មាន​គម្រោង​នឹង​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ ពាក់កណ្ដាល​ឆ្នាំ 2016 នេះ ៕​

 

អត្ថបទ៖ ដេត លីដា