ឡៅ ច​ន្ទ្រា និង​ឯម សុធី បង្ហាញ​មហិច្ឆតា​ចង់​ឈ្នះ​កីឡាករ​ថៃ

រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​កីឡាករ​កម្ពុជា​ផ្សេង​ទៀត​ដែល​ចង់​ឈ្នះ​នៅ​ពេល​មានសំណាង​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​កីឡាករ​វ័យក្មេង​២​រូប​គឺ​ឡៅ ច​ន្ទ្រា និង​ឯម សុធី ក៏​មាន​មហិច្ឆតា​ត្រូវការ​ឈ្នះ​ថៃ​នៅ​ថ្ងៃ​សៅរ៍​នា​ចុង​ស​ប្ដា​ហ៍​នេះ​ដែរ ។ ជាមួយ​ការ​តាំងចិត្ត​គេ​ឃើញ​កីឡាករ​ទាំង​ពីរ​បាន​ដាក់​សម្ពាធ​ខ្លួនឯង​ជាមួយនឹង​ការ​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​តាំងពី​ដើម​ស​ប្ដា​ហ៍​ដើម្បី​កុំឱ្យ​ខ្មាស​មាត់​នោះ​ផង ។

កីឡាករ​ឡៅ ច​ន្ទ្រា ដែល​ទើប​សម្រេចចិត្ត​ឡើង​វាយ​ទម្ងន់​ធ្ងន់​ប្រភេទ​៦២​គីឡូក្រាម​បាន​អះអាង​ក្នុង​ពេល​មានការ​ផ្គូផ្គង​ថា ខ្លួន​មិន​អាច​ចាញ់​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ទេ ដោយសារ​សំអាង​ថា ​ខ្លួន​ក៏​បាន​ហ្វឹកហាត់​ចម្រើន​វិជ្ជា​គុន និង​មានបទពិសោធន៍​វាយ​ផ្ដួល​កីឡាករ​ល្អ​ៗ​ជា​ជនជាតិ​បរទេស​ច្រើន​នាក់​មក​ហើយ ។ នៅ​ថ្ងៃ​សៅរ៍​ ទី​៩ មេ​សា​នេះ លោក​នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា ផា​យ៉ាក់ ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ដោយសារ​តែ​គេ​ធ្លាប់​មាន​ស្នាដៃ​វាយ​ផ្ដួល​កីឡាករ​កម្ពុជា​នៅ​លើ​សង្វៀន​ប្រទេស​កម្ពុជា​ច្រើន​មក​ហើយ ។ ការ​ប៉ះ​គ្នា​ជាមួយ​ជើង​ខ្លាំង​រូប​នេះ កីឡាករ​ឡៅ ច​ន្ទ្រា  នៅ​តែ​មាន​ជំនឿ​ខ្ពស់​ថា​អាច​កញ្ឆក់​បាន​ជ័យជម្នះ​មិន​ខុស​ពី​លើក​មុន​ទេ បើ​ទោះជា​លោក​ទើបនឹង​ប្ដូរ​ពី​ឡើង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥០​គីឡូ​ជាង​មក​ប្រកួត​ទម្ងន់​៦២​គីឡូ​វិញ ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ថា ទំនងជា​ពិបាក​ទប់​ទប់​នឹង​កីឡាករ​ថៃ​ដែល​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​ឡើង​វាយ​នៅ​ក្នុង​គីឡូ​៦០​ជាង​នេះ។

ក្រុម​អ្នក​ទស្សនា​កីឡាប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រៀងរាល់ថ្ងៃ​សៅរ៍ ទន្ទឹម​នឹង​មាន​ជំនឿ​ក៏​រាង​ស្ទាក់ស្ទើរ​បន្តិច​ផង​ដែរ​នៅ​ពេល​ដឹង​ថា​គូប្រកួត​ដែល​គេ​ប៉ះ​ជាមួយ​គឺជា​កីឡាករ​ហ្វា ផា​យ៉ាក់ ដែល​មាន​សមត្ថភាព​មិនធម្មតា ។ យ៉ាងណា​ក៏​កីឡាករ​វ័យក្មេង​មក​ពី​ក្លិប​ទ័ព​ឆត្រយោង​៩១១​រូប​នេះ នៅ​តែ​មាន​ទំនុកចិត្ត​ចំពោះ​សមត្ថភាព​ដែល​គេ​គ្រោងទុក និង​បាន​បញ្ជាក់​ថាបើ​ទោះជា​មាន​ប្រវត្តិ​ឡើង​ប្រកួត​ទម្ងន់​៦០​ជាង​ថ្មីថ្មោង ប៉ុន្តែ​កម្រិត​បច្ចេកទេស និង​ការ​ត្រៀម​ទុក​គឺ​មាន​គ្រប់គ្រាន់ ។ លោក​ថា មិន​ខ្លាច​គូប្រកួត​នោះ​ទេ ហើយនឹង​ប្រឹង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ដណ្ដើម​ជោគជ័យ​នោះ​ផង​ កុំ​ឲ្យ​អ្នក​ទស្សនា​ខកចិត្ត​នឹង​តាមដាន ។ លោក​បាន​ប្រកាស​កៀក​ស្មា​កីឡាករ​មួយ​រូប​ទៀត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ឲ្យ​អ្នក​ទស្សនា​ពេញចិត្ត​សម្រាប់​រសៀល​ថ្ងៃ​សៅរ៍​ខាង​មុខ​នោះ​ផង ដើម្បី​កុំ​ឲ្យ​កីឡាករ​ថៃ​មាន​អំនួត​ខណៈ​កីឡាករ​ខ្មែរ​មួយ​រយៈ​ចុង​ក្រោយ​គឺ​ទោះជា​ល្បី​ឬ​មិន​ល្បី​កម្រិត​ណា ក៏​មក​ចាញ់​ថៃ​គួរ​ឲ្យ​កត់សម្គាល់ ។

យោង​តាម​ការ​ប្រកាស កីឡាករ ហ្វា ផា​យ៉ាក់ ធ្លាប់​ប្រកួត​៩៨​លើក ឈ្នះ​៧២​លើក ចាញ់​២៥​លើក និង​ស្មើ​១​លើក​នៅ​លើ​សង្វៀន​។ បទ​ពិសោធន៍​កីឡាករ​រូប​នេះ​ខ្ពស់​ជាង​កីឡាករ​កម្ពុជា ក្នុង​ពេល​ដែល​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ក៏​មាន​ស្នាដៃ​លេចធ្លោ​ទាំង​នៅ​សង្វៀន​កម្ពុជា និង​សង្វៀន​ប្រទេស​ថៃ ។  កីឡាករ​ឡៅ ច​ន្ទ្រា ទើបតែ​ឆ្លងកាត់​ការ​ប្រកួត​បាន​៦៨​លើក ឈ្នះ​៦៥​លើក និង​ចាញ់​៣​លើក ប៉ុន្តែ​ក្រេ​ឌី​តរបស់​គេ​ល្អ​ជាង​កីឡាករ​ថៃ ។ នោះ​គឺ​ប្រវត្តិ​ចាញ់​ដែល​គេ​ធ្លាប់​ប្រទះ​ទើបតែ​៣​លើក​ប៉ុណ្ណោះ​ក្នុង​ចំណោម​​​៦០​លើក​ជាង​ដែល​គេ​ប៉ះ​គូប្រកួត​សុទ្ធតែ​ជា​ជើង​ចាស់​ល្បីឈ្មោះ និង​កីឡាករ​បរទេស​អាជីព​នៅ​លើ​សង្វៀន ។ ក្នុង​នោះ​វ័យ​របស់​គេ​ក៏​មាំទាំ និង​មាន​កម្លាំង​ពេញ​ដែល​អាច​បញ្ចេញ​ក្បាច់ និង​បច្ចេកទេស​ញាក់សាច់​ធ្វើ​ឲ្យ​គូប្រកួត​បះសក់​បាន ដោយ​មិនមែន​គ្រាន់តែ​មាន​អំនួត​ហើយ​សមត្ថភាព​មិន​ដល់​នោះ​ឡើយ​។ លោក​ថា តាំងពី​មុន​ការ​ផ្គូផ្គង ខ្លួន​បាន​ចូល​ក្លិប​ហ្វឹកហាត់​ជាប់លាប់​ជា​ប្រចាំ​ដោយ​មិន​ប្រហែស​នោះ​ឡើយ ដើម្បី​កុំ​ឲ្យ​បាក់​ស្រុត​ការ​គាំទ្រ ហើយ​នាំ​ឲ្យ​អាជីព​ប្រដាល់​ដាំ​ក្បាល​ចុះ​ទាំង​នៅ​កំពុង​ស្រឡាញ់​ពេញចិត្ត ។

មិន​ខុស​គ្នា​ដែរ កីឡាករ​វ័យក្មេង​ឯម សុធី ឯណោះ​វិញ ក៏​ត្រូវ​គ្រូបង្វឹក​លោក​ឯម ចាន់​សុផល ថា​មិន​ធ្វើ​ឲ្យ​ក្លិប​រឹទ្ធិ​ពោធិ​សែន​ជ័យ​អាម៉ាស់មុខ​ក្នុង​ការ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​ថ្ងៃ​សៅរ៍​នោះ​ដែរ​។ គ្រូបង្វឹក​របស់​គេ​បញ្ជាក់​ថា គេ​ប្រឹងប្រែង​ហ្វឹកហាត់​មិន​ដែល​ប្រហែស​ឡើយ ដោយ​មិនមែន​សំអាង​ត្រឹម​ថា​កំពុង​ឡើង​កូដ និង​មាន​កម្លាំង​ពេញ​ហើយ​មើល​ស្រាល​គូប្រកួត​នោះ​ទេ ។ ប្រមាណ​ជាង​១​អាទិត្យ​មក​ហើយ​ដែល​សិស្ស​ច្បង​ផ្សេង​ទៀត​របស់​ឯម សុធី បន្លុយ​ពាក្យ​ថា ឯម សុធី ស្ទុះស្ទា​និង​បាន​ដាក់​សម្ពាធ​ខ្លួនឯង​ក្នុង​ក្លិប ដោយសារ​តែ​ចង់​ឈ្នះ​កីឡាករ​ថៃ​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ចុង​ស​ប្ដា​ហ៍ ។

យ៉ាងណា​ក៏​សម្រាប់​ជំហរ​របស់​ក្លិប​រឹទ្ធិ​ពោធិ​សែន​ជ័យ ហាក់​មិនសូវ​មាន​អ្នក​ជឿជាក់​ក្នុង​ភាគរយ​ច្រើន​ទេ ដោយសារ​តែ​ការ​បង្ហាញខ្លួន​របស់​ត្រកូល​ឯម​ច្រើន​រូប​មក​ហើយ គឺ​ទៅ​មិន​រួច​ជាមួយ​កីឡាករ​ថៃ ។ គូប្រកួត​របស់​ឯម សុធី ដែល​ត្រូវ​ប៉ះ​ប្រកួត​គឺ​កីឡាករ​ថៃ​ឈ្មោះ គៀវ បា  ដែល​មាន​ប្រវត្តិ​ប្រកួត​មុត​ស្រួច និង​ខ្លាំងក្លា​នៅ​លើ​សង្វៀន ។

កីឡាករ​ថៃ​រូប​នេះ​ត្រូវ​គេ​ប្រដូច​ថា​ជា​គោ​ខ្មៅ ដែល​មាន​កណ្ដាប់ដៃ និង​កែង​រហ័ស ហើយ​កម្លាំង​វាយ​បោក​របស់​គេ​អាច​ចាត់​ទុក​ថា​ពិបាក​ទប់​ផង​ដែរ​។ ក្រុម​គ្រូបង្វឹក​របស់​ឯម សុធី នៅ​តែ​លើកទឹកចិត្ត​ជឿ​លើ​កូនសិស្ស​របស់​ខ្លួន និង​ថា ឯម សុធី ត្រៀមខ្លួន​ច្រើន​ណាស់​សម្រាប់​ទប់​ឲ្យ​ជាប់​ចំពោះ​ភាព​ខ្លាំង​របស់ គៀវ បា ។ ម្យ៉ាង គៀវ បា ទើបតែ​ប្រកួត​បាន​៤៩​ដង ឈ្នះ​៤២​ដង ចាញ់​៦​ដង និង​ស្មើ​១​ដង ចាញ់​ប្រវត្តិ​ឡើង​រេញ​របស់​ឯម សុធី នោះ​ផង ទើប​ក្រុម​គ្រូបង្វឹក​នៅ​ក្លិប​របស់​លោក​ឯម ចាន់​សុផល ទុកចិត្ត​ថា កូនសិស្ស​របស់​ខ្លួន​ស៊ូ​បាន ។ ឯម សុធី ធ្លាប់​ប្រកួត​៥៩​លើក ឈ្នះ​៤៨​លើក ចាញ់​១០ និង​ស្មើ​១​លើក​នៅ​លើ​សង្វៀន ហើយ​កីឡាករ​រូប​នេះ​ក៏​មាន​ក្រេ​ឌី​ត​មិន​ណ​យ​ដែរ​សម្រាប់​ការ​ឡើង​ប្រកួត​នា​ពេល​ចុង​ក្រោយ ៕