សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​បង្ហាញ​សញ្ញា​រើប​ឡើង​វិញ តែ​នៅ​មាន​ហានិភ័យ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​សញ្ញា​រើប​ឡើង​វិញ​ពី​ខែកុម្ភៈ​កន្លង​មក ប៉ុន្តែ​វា​នៅ​តែ​មាន​និន្នាការ​មិនសូវ​ល្អ និង​បាន​កើនឡើង​នូវ​ហានិភ័យ ។ នេះ​បើ​តាម​អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤ មេ​សា កន្លង​មក ។

លោក Choi Sang-mok   អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ថ្លែង​ថា ៖ « យើង​ឃើញ​ថា សេដ្ឋកិច្ចជាតិ​មានដំណើរ​ការ​យ៉ាង​ត្រដាបត្រដួស​នៅ​ត្រីមាស​ទី​១ ខណៈ​ការ​ជះ​ឥទ្ធិពល​នៃ​គោលនយោបាយ​ដំណាច់ឆ្នាំ​មិន​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ឡើយ ។ ប៉ុន្តែ​យើង​កត់សម្គាល់​ឃើញ​ថា នៅ​ចុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ មាន​សញ្ញា​រើប​ឡើង​វិញ ជា​ពិសេស នៅ​ខែកុម្ភៈ​តែ​ម្តង ។ ទោះជា​យ៉ាងណា វា​ពិតជា​ពិបាក​ណាស់​ដែល និយាយ​ថា សេដ្ឋកិច្ច​របស់​យើង​មាន​និន្នាការ​រើប​ឡើង​វិញ​នោះ » ។

លោក​បន្ត​ថា ៖ « រដ្ឋាភិបាល​ក៏​បាន​ទទួលស្គាល់​ពី​ភាព​ផុយ​ស្រួយ​នៃ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់​មាន​ផែនការ​ពិនិត្យ​កែប្រែ​ឡើង​វិញ​សម្រាប់​ការ​ព្យាករ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ ដែល​មាន​អត្រា​៣,១% ទេ​។ ជាក់ស្តែង ក្រសួង​ហិរញ្ញវត្ថុ​នឹង​ចុះ​ផ្សាយ​ពី​ការ​ព្យាករ​សេដ្ឋកិច្ច​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ » ។

ទោះជា​យ៉ាងណា ធនាគារជាតិ​កូរ៉េ​ខាងត្បូង គ្រោង​នឹង​ពិនិត្យ​កែប្រែ​ការ​ព្យាករ​នៅ​ដំណាច់ខែ​នេះ និង​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​កាត់​បន្ថយ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​៣% ខណៈ​ទេសាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​នេះ ហាក់ដូចជា​ធ្លាក់​ចុះ​ក្រោម​អត្រា​៣%​ទៅ​ទៀត ។

លោក Choi Sang-mok បន្ថែម​ថា ៖ « យោបល់​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាលពីដើម​ឆ្នាំ​នេះ គឺ​រដ្ឋាភិបាល​ប្រហែល​នឹង​ប្រកាស​ផ្លាស់​ប្តូរ​មួយ​ចំនួន​ទៅ​លើ​ការ​គ្រប់គ្រង​មូលធន​របស់​ខ្លួន ដែល​មាន​ស្រាប់​នៅ​ដំណាច់ខែ​មិថុនា​នេះ ក្នុង​ករណី​លទ្ធភាព​នៃ​ការ​លំហូរ​ទុន ។ ជាមួយ​គ្នា​នេះ ការ​ឡើង​ចុះ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល គឺ​មិនមែន​ជា​បញ្ហា​របស់​កូរ៉េ​ខាងត្បូង​តែ​ម្នាក់ឯង​ឡើយ ខណៈ​មន្ត្រី​រដ្ឋាភិបាល​កំពុង​តែ​ឃ្លាំមើល​ការ​អភិវឌ្ឍ​ផង​ដែរ » ។

លោក​អនុរដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ « ទីផ្សារ​អចលនទ្រព្យ​ហាក់​គ្មាន​ការ​ប្រែប្រួល​អ្វី​ខ្លាំង​ឡើយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​គោលនយោបាយ​មួយ​ចំនួន​កាលពី​ឆ្នាំ​២០១៥ ដើម្បី​សា្តរ​ស្ថានភាព​ទីផ្សារ​លំនៅ​ឋាន​ឡើង​វិញ » ៕