«PANAMA PAPERS» ផ្អើល​ពិភពលោក តុលាការ​ប៉ា​ណា​ម៉ា បើក​ការ​ស៊ើបអង្កេត

ក្រសួង​សាធារណៈ​ប៉ា​ណា​ម៉ា ប្រកាស​កាលពី​ថ្ងៃ​ទី​៤ មេ​សា​ថា តុលាការ​ប៉ា​ណា​ម៉ា​នឹង​បើក​ការ​ស៊ើបអង្កេត​មួយ​លើ​រឿងអាស្រូវ​របស់​ពិភពលោក ការ​លបរត់​សារពើពន្ធ​មាន​រហស្សនាម​ថា «PANAMA PAPERS» ដែល​ជាប់​ទាក់ទិន​នឹង​បណ្តា​អ្នក​ទទួលខុសត្រូវ​នយោបាយ​ជាន់ខ្ពស់ បណ្តា​កីឡាករ​ល្បី​ៗ ឬ​ពិភព​ពាណិជ្ជករ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួង​នេះ​គូសបញ្ជាក់​ថា រឿងអាស្រូវ​ទាំងនេះ​ដែល​ចេញផ្សាយ​ដោយ​បណ្តាសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ ហៅ​រឿង «PANAMA PAPERS» នឹង​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត​មួយ ។

ប្រទេស​ជា​ច្រើន​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ការ​លាងលុយកខ្វក់ ដោយសារ​ការ​លាតត្រដាង​ពី​ប្រព័ន្ធ​នៃ​ការ​លបរត់​សារពើពន្ធ​យ៉ាង​ធំតា​មរយៈ​ឯកសារ​ដល់​១១,៥​លាន បាន​មក​ពី​ការិយាល័យ​មេធាវី​ប៉ា​ណា​ម៉ា MOSSACK FONSECA ។

MOSSACK FONSECA ថ្លែង​ថា ការ​លាតត្រដាង​ទាំងនេះ​ជា​អំពើ​ឧក្រិដ្ឋ​មួ​ួ​យ ព្រមទាំង​ជា​ការ​វាយប្រហារ​មួយ​ប្រឆាំង​ប៉ា​ណា​ម៉ា ដែល​តែង​ត្រូវ​គេ​ចោទប្រកាន់​វា​ជា​ឋានសួគ៌ សារពើពន្ធ ដែល​អាជ្ញាធរ​ប៉ា​ណា​ម៉ា​បដិសេធ ។

សារព័ត៌មាន​ពិភពលោក​ជាង​១០០​កាលពី​ថ្ងៃ​ទី​៣ មេ​សា លាតត្រដាង​ពី​រឿង​ការ​លបរត់​នៃ​សារពើពន្ធ​ពិភពលោក​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ ។ មានឈ្មោះ​ថា PANAMA PAPERS ការ​លាតត្រដាង​នេះ​ពិតជា​មាន​ទំហំ​ធំធេង​ពី​គិត​ពី​ទំហំ​ឯកសារ ដែល​ដកស្រង់ ហើយ​ចេញផ្សាយ ។ រយៈពេល​៩​ខែ អ្នកកាសែត​ជិត​៤០០​នាក់​នៃ​បណ្តាសារ​ព័ត៌មាន​លើ​ពិភពលោក​ទាំងមូល (៧៦​ប្រទេស​) បាន​ពិនិត្យ​ឯកសារ​យ៉ាងច្រើន រួច​កាត់​ទុក ព្រមទាំង​ត្រួតពិនិត្យ​បន្ទាប់​មក​រៀបរៀង​ជា​ព័ត៌មាន​ពី​បណ្តា​ខ្លឹមសារ​ក្នុង​ឯកសារ​ទាំងនេះ ។

ក្រោយ​ការ​ចេញផ្សាយ PANAMA PAPERS នៅ​អ៊ី​ស្លង់​មាន​ផ្ទុះ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លាលែង​រួច​ញ៉ាំង​ឱ្យ​មានការ​ស៊ើបអង្កេត​នៅ​បារាំង អេ​ស្ប៉ា​ញ និង​អូស្ត្រាលី រួច​ប្រទេស​រុ​ស្ស៊ី ដែល​មានការ​ក្តៅក្រហាយ​បាន​បដិសេធ​ទាំងស្រុង ការ​លាតត្រដាង​នេះ​ដែល​ប៉ះពាល់​ដល់​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ។

ឈ្មោះ​របស់​បណ្តា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​រុ​ស្ស៊ី លោកពូ​ទី​ន របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង របស់​ប្រធានាធិបតី​លោក​បា​ចា អាល់​អាសា​ដ ឬ​ស្តេច​ម៉ា​រ៉ុ​ក ម៉ូ​ហា​ម៉េ​ដ​ទី​៦ លេច​ក្នុង​ឯកសារ​ទាំងនេះ ព្រមទាំង​ឈ្មោះ​របស់​កីឡាករ​ល្បី​ៗ ព្រមទាំង​បណ្តា​មហាសេដ្ឋី​ផង​ដែរ ៕