ចិន​ហាមឃាត់​ការ​នាំ​ចូល​វត្ថុធាតុដើម​របស់​កូរ៉េ​ខាងជើង និង​ហាមឃាត់​ការ​នាំ​ចេញ​ប្រេង​យន្តហោះ​ទៅ​ប្រទេស​នេះ

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ មេ​សា ពី​ការ​ហាមឃាត់​ការ​នាំ​ចូល​វត្ថុធាតុដើម​នានា​ពី​កូរ៉េ​ខាងជើង ព្រមទាំង​ហាមឃាត់​ការ​នាំ​ចេញ​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​នេះ ។

ក្នុង​ការ​ហ៊ុម​ព័ទ្ធ​នេះ​ប្រទេស​ចិន​បាន​ហាមឃាត់​ការ​នាំ​ចូល​ធ្យូងថ្ម រ៉ែ​ដែក​មាស និង​វត្ថុធាតុដើម ច្រើន​មុខ​ទៀត​មក​ពី​កូរ៉េ​ខាងជើង ព្រមទាំង​ហាមឃាត់​ការ​នាំ​ចេញ​ប្រេង​ឥន្ធនៈ​​សម្រាប់​យន្តហោះ​ទៅ​កាន់​ប្រទេស​នេះ ។ ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួងពាណិជ្ជកម្ម​ចិន​និយាយ​ថា ការ​ហាមឃាត់​ទាំងនោះ​ចូល​ជា​ធរមាន​ភ្លាម​ៗ ក្រោយ​ដំណោះ​ស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា ការ​នាំ​ចូល​មួយ​ចំនួន​នៃ​ធ្យូងថ្ម ដែក និង​រ៉ែ​ដែក​របស់​កូរ៉េ​ខាងជើង សម្រាប់​ការ​ប្រើប្រាស់​ស៊ី​វិល​នឹង​បន្ត​អនុញ្ញាត ក៏​ប៉ុន្តែ​រាល់​ការ​ផ្លាស់​ប្តូរ​ទាក់​ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ ព្រមទាំង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង​នឹង​ត្រូវ​ហាមឃាត់ ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​អនុម័ត​កាលពី​ខែមីនា នូវ​ដំណោះស្រាយ​មួយ​ជា​ការ​ឆ្លើយ​តប​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង បន្ទាប់​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ខែមករា និង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​កាលពី​ខែកុម្ភៈ ។

ពាណិជ្ជកម្ម​ធ្យូងថ្ម​រវាង​ចិន និង​កូរ៉េ​ខាងជើង​មាន​ដល់​១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំទៅ​មិ​ញ ។ នេះ​បើ​តាម​តួលេខ​របស់​គយ​ចិន ។ នោះ​ជា​រូបិយប័ណ្ណ​សំខាន់​សម្រាប់​របប​លោក​គី​ម ជុង​អ៊ុ​ន ។ កាលពី​ឆ្នាំ​២០១៤ ចិន​តំណាង​ឱ្យ​ជាង​៩០%​នៃ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កូរ៉េ​ខាងជើង ។ យោង​តាម​ផ្នែក​គយ​ចិន​ថា ក្រុង​ប៉េ​កាំ​ង​កាលពី​ឆ្នាំ​២០១៥ បាន​នាំ​ចូល​ទំនិញ​នានា​របស់​កូរ៉េ​ខាងជើង​មានទឹក​ប្រាក់​ដល់​ទៅ​២,៥៦​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ការ​នាំ​ចូល​ធ្យូងថ្ម​មាន​ដល់​១,០៥​ពាន់​លាន​ដុល្លារ ៕