PSG បើកកីឡាដ្ឋានស្វាគមន៍ភ្ញៀវអង់គ្លេស Man City នៅយប់នេះ

ម្ចាស់ជើងឯកបារាំង Paris Saint-Germain នឹងបើកកីឡាដ្ឋាន Parc des Princes នារាត្រីនេះ ដើម្បីស្វាគមន៍ភ្ញៀវមកពីអង់គ្លេស Manchester City វគ្គ ៨ ក្រុមចុងក្រោយ ក្របខណ្ឌ Champions League ខណៈ PSG នេះនឹងពឹងផ្អែកលើតារាឆ្នើមអន្តរជាតិស៊ុយអែត Zlatan Ibrahimovic របស់ពួកគេ ក្រោយពីខ្សែប្រយុទ្ធរូបនេះបានជួយឲ្យក្រុម PSG ទទួលជ័យជម្នះ ៤-១ លើក្រុម Nice កាលពីចុងសប្តាហ៍មុន។
City-PSG
PSG បានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរដូវកាលឆ្នាំ ១៩៩៤-១៩៩៥ ប៉ុន្តែ បើទោះបីបានបង្ហាញពីទម្រង់លេងផ្សេងៗគ្នាក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេក៏ដោយ ប៉ុន្តែ ក្រុម Man City ឈានទៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយនេះជាលើកទីមួយ។

ប៉ុន្តែ ក្រុម Man City របស់លោក Manuel Pellegrini បានរកឃើញទម្រង់លេងដ៏ល្អវិញកាលពីចុងសប្តាហ៍មុន ដើម្បីបំបាក់ក្រុម Bournemouth យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ហើយខ្សែបម្រើ Thiago Motta របស់ PSG បានបញ្ជាក់ថា វានឹងតម្រូវឲ្យមានការខិតខំព្យាយាមពីក្នុងក្រុមទាំងពូលដើម្បីយក ឈ្នះលើ Man City។

ខ្សែបម្រើ Marco Verratti នឹងត្រូវអវត្តមានសម្រាប់ PSG ហើយខ្សែបម្រើ Javier Pastore កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ខណៈដែលប្រធានក្រុម Vincent Kompany នឹងអវត្តមានសម្រាប់ Man City ដែលកំពុងតែរង់ចាំយ៉ាងអន្ទះសាទៅលើភាពរឹងមាំរបស់អ្នកចាំទី Joe Hart និងខ្សែបម្រើ Yaya Toure៕