ក្រុម​ឧទ្ទាម​ឥស្លាម​បាន​បាញ់​ទំលាក់​យន្តហោះ​ចម្បាំង​ស៊ី​រី​មួយគ្រឿង និង​បាន​ចាប់ខ្លួន​អ្នកបើកបរ​

​បរទេស​៖ យោងតាម​អង្គការ​ឃ្លាំមើល​ស្ថានភាព​ក្នុងប្រទេស​ស៊ី​រី​បាន​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​ឥស្លាម​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ី​រី​មួយគ្រឿង និង​បាន​ចាប់ខ្លួន​អ្នកបើកបរ​នៅ​ថ្ងៃ​អង្គារ​នេះ ស្ថិតនៅក្នុង​តំបន់​ភាគខាងត្បូង​ទីក្រុង Aleppo ដែលជា​ទីកន្លែង​ក្រុម​បះបោរ​កំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី និង​កងជីវពល​ចម្រុះ​។

 

​អង្គការ​ឃ្លាំមើល​នេះ​បាន​បន្តទៀតថា យោធា​ស៊ី​រី​បាន​បញ្ជាក់ថា យន្តហោះ​ឈ្លបយកការណ៍​មួយគ្រឿង​នោះ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​គ្រាប់​មី​ស៊ី​ល​។  ចំណែក​អ្នកបើក​បរបាន​លោត​ចេញពី​យន្តហោះ​ដោយ​ប្រើ​ឆ័​ត្រ​យោង​ដើម្បី​សង្គ្រោះ​ខ្លួនឯង​។​

 

​ភ្នាក់ងារ​ឃ្លាំមើល​ទទួលបន្ទុក​សិទ្ធមនុស្ស​ក្នុងប្រទេស​ស៊ី​រី​បាន​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​ដែល​មកពី​សម្ព័ន្ធ​រណសិរ្ស Nusra Front របស់​ក្រុម​អា​កៃ​ដា​បាន​ចាប់ខ្លួន​អ្នកបើកបរ ហើយ​នាំទៅ​មូលដ្ឋាន​របស់ខ្លួន​មួយ​នៅក្នុង​តំបន់​នោះ​។  មិនទាន់មាន​ការបកស្រាយ​ពី​ក្រុម​ឧទ្ទាម ទាក់ទង​ទៅ​និង​ការប្រើប្រាស់​គ្រាប់​មី​ស៊ី​ល​វាយប្រហារ​យន្តហោះ​នេះ​ភ្លាមៗ​នៅឡើយ​នោះទេ​។​

 

​ភ្នាក់ងារ​នេះ​បាន​បន្តទៀតថា ផ្សែង​ឆេះ​ខ្មួលខ្មាញ់​ត្រូវបាន​គេ​ឃើញ ខណៈពេលដែល​យន្តហោះ​កំពុង​ឆេះ​មុនពេល​ធ្លាក់ចូល​ក្នុង​តំបន់​ខ្ពង់រាប Talat al-Iss ជាទី​តាំង​ដែល​ក្រុម​ឧទ្ទាម​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អា​កៃ​ដា​បាន​រង​នូវ​ការវាយប្រហារ​ទំលាក់​គ្រាប់បែក​យ៉ាងខ្លាំង​ពី​សំណាក់​យន្តហោះ​រុស្សី​និង​ស៊ី​រី ចាប់តាំងពី​ខ្លួន​បាន​ដណ្តើម​តំបន់​នេះ​មកវិញ​ពី​ក្រុម​ឧទ្ទាម​នៅក្នុង​សប្តាហ៍​នេះ​។​

 

​រូបភាព​វី​ឌី​អូរ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ក៏បាន​បង្ហាញ​ពី​ខ្សែរ​អាត់​វី​ឌី​អូរ​ស្តីពី​យន្តហោះ​ចម្បាំង​មួយគ្រឿង​នោះ និង​រូបភាព​បំណែក​បាក់បែក​ឆេះ​ខ្លោច​របស់​យន្តហោះ​ដែល​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​ផងដែរ​៕

ក្រុម​ឧទ្ទាម​ឥស្លាម​បាន​បាញ់​ទំលាក់​យន្តហោះ​ចម្បាំង​ស៊ី​រី​មួយគ្រឿង និង​បាន​ចាប់ខ្លួន​អ្នកបើកបរ​

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS