ចិន​ប្រកាស​រឹត​បន្តឹង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជាមួយ​ប្រទេស កូរ៉េខាងជើង

ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​ប្រកាស​ហាម​ឃាត់​ នូវ​ការ​នាំ​ចូល​មាស រ៉ែ​កម្រ និង ការ​នាំ​ចេញ​សាំង​យន្តហោះ និង ប្រេង​ឥន្ធនៈ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​ជាមួយ​គ្រាប់​រ៉ុកកែត​ ជាមួយ​ប្រទេស​កូរ៉េខាងជើង​ទៀត​ហើយ ដែល​នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​ចិន​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​ក្រុង​ព្យុងយ៉ាង។

 

ក្រុមប្រឹក្សា​សន្តិសុខ​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ជាឯកច្ឆន្ទ​ កាល​ពី​ដើម​ខែ​មិនា ក្នុង​ការ​ពង្រីក​ទណ្ឌកម្ម​បន្ថែម​ លើ​កូរ៉េខាងជើង ដើម្បី​ប៉ុនប៉ង​បង្អាក់​នូវ​មហិច្ឆតា​ប្រទេស​នេះ លើ​កម្មវិធី​នុយក្លេអ៊ែរ និង បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប​របស់​ខ្លួន បន្ទាប់​ពី​ទីក្រុង ព្យុងយ៉ាង បាន​ធ្វើតេស្ត​បំផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ និង បាញ់​សាកល្បង​មីស៊ីល​របស់​ខ្លួន​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ខែ​មករា​មក។

 

វិស័យ​រ៉ែ គឺ​ជា​សរសៃឈាម​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​កូរ៉េខាងជើង ដែល​មិន​អាច​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​បាន​ឡើយ ក្រៅ​តែ​ពី​ចិន។ អ្នក​ជំនាញ​ជឿ​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​នេះ​គឺ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​យោធា។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com