កុំទាន់ខកចិត្ត ៥ ចំណុចលើ iPhone SE ខ្លាំងលើសការគិត

iPhone SE ដែលទើបចេញលក់ នៅលើទីផ្សារកម្ពុជាកាលពី ចុងសប្ដាហ៍មុន ធ្វើឲ្យអ្នកគាំទ្រ មួយចំនួនខកចិត្តពីព្រោះ តែរូបរាងខាងក្រៅស្ទើរតែ ដូច iPhone 5s ទាំងស្រុង។ ទោះបីការរចនារូបរាង គួរឲ្យខកចិត្ត ប៉ុន្តែចំណុចពិសេសទាំងប្រាំនេះ អាចឲ្យប្រិយមិត្តពិចារណាឡើងវិញ។

កុំទាន់ខកចិត្ត ៥ ចំណុចលើ iPhone SE ខ្លាំងលើសការគិត

 ១) តូចតែខ្លឹម

 ប្រិយមិត្តដែលធ្លាប់ប្រើ  iPhone 6s/ 6s Plus ដែលមានទំហំអេក្រង់ធំទូលាយ ងាយស្រួលលេងហ្គេមដែលមានក្រាហ្វិកធំៗ ប្រាកដជាពិបាកត្រឡប់ក្រោយមកប្រើ iPhone ទំហំអេក្រង់ត្រឹម ៤ អ៊ីញ ដែលបំពាក់លើ iPhone 5s ដែលចេញតាំងពីឆ្នាំ ២០១៣ ប៉ុន្តែ iPhone SE ស៊េរីឆ្នាំ ២០១៦ នេះមានបំពាក់មកជាមួយនូវបន្ទះឈីប Apple A9 ល្បឿន 1.84 GHz RAM ទំហំ 2GB ដែលដូចទៅនិង iPhone 6s ដែរ ហើយមានភ្ជាប់មកជាមួយប្រព័ន្ធ NFC សម្រាប់ប្រើមុខងារ Apple Pay ដែលជាមុខងារពេញនិយមមួយនៅបណ្ដាប្រទេសប៉ែកអ៊ីរ៉ុប និងផ្ដល់ភាពងាយស្រួលដល់អតិថិជន Apple ទាំងអស់។

២) ទម្ងន់

iPhone SE ដែលជាម៉ូឌែលកូនកាត់រវាង iPhone 5sនិង 6s មានទម្ងន់ស្រាលជាង iPhone6/6s ដល់ទៅ៣០ក្រាម និងអាចធន់ជាមួយការប៉ះទង្គិចខ្លាំងជាង ហើយងាយស្រួលដាក់ក្នុងហោប៉ៅ ជាពិសេសអាចប្រើជាមួយដៃម្ខាងបានយ៉ាងរលូន ដែលខុសពី iPhone 6s/6s plus។

៣) សមត្ថភាពកាមេរ៉ា

iPhone SE ត្បិតតែរូបរាងកាមេរ៉ាផ្នែកខាងក្រោយដូច iPhone 5s ក៏ពិតមែន ប៉ុន្តែទំហំខុសគ្នាដែល iPhone 5s ត្រឹមតែ 8 មេកាផិចសែលតែប៉ុណ្ណោះ ចំពោះ iPhone SE ទំហំដល់ទៅ 12  មេកាផិចសែលដែលអាចចាប់យករូបភាពបានច្បាស់ល្អក្នុងកម្រិត 1080p ឬ ថតវិដេអូកម្រិត 4K អាចផ្ដិតយករូបភាពជាលក្ខណះ Slow-Motion មានសភាពម៉ត់ល្អ។

៤) ឡូហ្គោ Apple

ចំពោះ iPhone SE មានរូបឡូហ្គោច្បាស់ដិតល្អ មិនងាយឆ្កូតពេលប៉ះនឹងរបស់អ្វីមួយ ពោលគឺដូចទៅនឹងឡូហ្គោរបស់ iPhone 6, 6s ដែរ។

៥) តម្លៃ

ត្បិតតែ iPhone SE ដែលលក់នៅទីផ្សារសហរដ្ឋអាមេរិកត្រឹមតែ ៣៩៩ ដុល្លារចំពោះទំហំ 16GB និង ៤៩៩ ដុល្លារចំពោះទំហំ 64GB ប៉ុន្តែនៅទីផ្សារក្នុងបណ្ដាប្រទេសមួយចំនួនដូចជា ចិន អូស្រ្ដាលី ជប៉ុនជាដើមក៏តម្លៃប្រហាក់ប្រហែលនិងកម្ពុជាយើងដែរគឺ  ៦១០ ដុល្លារ សម្រាប់ទំហំ 64GB  និង ៥១០ ដុល្លារ សម្រាប់ទំហំ 16GB។

 ប្រភព៖ សប្បាយ