ចង់ឲ្យ​កូន​ស្អាត ឆ្លាត ហើយ​សុខភាព​ល្អ ម្តាយ​គួរ​បំបៅ​ដោះ​កូន ឲ្យបាន​យ៉ាងតិច ៦ ខែ

អង្គការសុខភាពពិភពលោក បានណែនាំម្តង ហើយម្តងទៀតថា ស្ត្រីជាម្តាយគ្រប់រូប គួរតែបំបៅកូន ដោយទឹកដោះ យ៉ាងតិចឲ្យបាន ៦ ខែដំបូង ហើយបន្តបំបៅទៀត រួមជាមួយនឹង អាហាររឹងបន្ថែម រហូតដល់កូនអាយុ ២ ឆ្នាំ។

ការបំបៅដោះកូន ពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់ម្តាយ និងទារក ដូចជា ការពារជំងឺ និងការឆ្លងមេរោគផ្សេងៗ ជួយឲ្យប្រព័ន្ធ ការពាររាងកាយទារករឹងមាំ និងជួយការពារម្តាយ ពីជំងឺនានា ពិសេស ជំងឺមហារីកដោះ។

សារៈប្រយោជន៍ ចំពោះម្តាយ ទំនាក់ទំនង រវាងម្តាយ និងកូន អំឡុងពេល បំបៅកូនដោយទឹកដោះ ពិតជាមានសារៈសំខាន់ និងគុណប្រយោជន៍ ជាច្រើន។ ការបំបៅដោះកូន ជួយឲ្យការបញ្ចេញទឹកដោះ មានដំណើរការរលូន ហើយថែមទាំងអាចការពារម្តាយ ពីជំងឺរលាកក្រពះ ថែមទៀតផង។

ការបំបៅដោះកូន អាចកាត់បន្ថយការ ហូរឈាម និងការរលាកនានា ក្រោយពេលសម្រាលកូន។ ការបំបៅដោះកូន អាចជួយថែរក្សារាងកាយ និងសុខភាពម្តាយ ឲ្យមាំមួន និងចៀសផុតពីជំងឺនានា ដូចជា ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកដោះ ជំងឺបេះដូង ជំងឺសរសៃឈាម ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ការបំបៅកូនដោយទឹកដោះ ក៏អាចធ្វើឲ្យម្តាយ សប្បាយរីករាយ គ្មានស្ត្រេស និងស្រឡាញ់កូនខ្លាំងបំផុត។

សារៈប្រយោជន៍ ចំពោះកូន ទឹកដោះម្តាយ មានសារធាតុចិញ្ចឹម និងវីតាមីនដ៏ល្អបំផុត ដើម្បីការលូតលាស់ និងការវិវត្តរបស់ទារក។ ទារក ដែលបៅដោះម្តាយ មិនសូវមានជំងឺ រឹងមាំ និងឆ្លាតវៃ ជាងទារកដែលបៅទឹកដោះគោ។ យ៉ាងណាមិញ ទារកដែលបៅដោះម្តាយ មិនងាយឈឺនោះទេ៕

ចង់ឲ្យ​កូន​ស្អាត ឆ្លាត ហើយ​សុខភាព​ល្អ ម្តាយ​គួរ​បំបៅ​ដោះ​កូន ឲ្យបាន​យ៉ាងតិច ៦ ខែ

ប្រភព៖http://health.com.kh/