ដុត​ធូប​ថ្ងៃសីល ភ្លេចខ្លួន​ ឆេះ​ផ្ទះ​គ្មាន​សល់​

ដុត​ធូប​ថ្ងៃសីល ភ្លេចខ្លួន​ ឆេះ​ផ្ទះ​គ្មាន​សល់​



បាត់ដំបង ៖ ទ្រព្យសម្បត្តិ លុយកាក់ និង​គ្រឿងអលង្ការ​ជាច្រើន ត្រូវ​បាន​រលាយ​គ្មាន​សល់​តែ​ក្នុង​រយៈពេល​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ បន្ទាប់ពី​មាន​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​ ហើយ​គ្មាន​អ្នកណាម្នាក់​អាច​ជួយ​ពន្លត់ភ្លើង​នោះ​បាន​ឡើយ ដោយ​ទុក​រហូតដល់​ឆេះ​ខ្ទេច​គ្មាន​សល់​ហើយ​បន្ត​ដល់​រោង​ដាក់​គោយន្ត និង​ម៉ូតូ​ថែមទៀត។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ថ្ងៃត្រង់ នៅ​ចំណុច​ភូមិ​ទួល​គគីរ ឃុំ​ទួល​គគីរ ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង ទៅលើ​លំនៅដ្ឋាន​មួយ​ខ្នង​របស់​លោក ឆាង ថន អាយុ​៤៦​ឆ្នាំ និង​អ្នកស្រី អឿន ណាយ អាយុ​៣៥​ឆ្នាំ ដែល​ផ្ទះ​នោះ​មាន​ទំហំ​៨​គុណ​នឹង​១២​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ ប្រក់​ស័ង្កសី។

តាម​ការ​រៀបរាប់​ទាំង​ភាព​ស្រងូតស្រងាត់​របស់​ម្ចាស់ផ្ទះ​បាន​និយាយ​ថា ថ្ងៃនេះ​គឺជា​ថ្ងៃសីល​​ដូច្នេះ​នៅ​រាល់​ថ្ងៃសីល ​គឺ​ពួកគាត់​តែងតែ​ដុត​ធូប​នៅ​លើ​ផ្ទះ​ជានិច្ច ដើម្បី​ដាក់​សែន​ផ្កាភ្ញី​រួច​ ទើប​ចេញ​ទៅ​ធ្វើការ​ជា​ធម្មតា ដោយ​មិនបាន​ចាប់អារម្មណ៍ ក៏​ស្រាប់​តែ​មាន​អណ្ដាត​ភ្លើង​បាន​ឆាបឆេះ​ឡើង​យ៉ាង​ខ្លាំង​ ដោយ​មិន​អាច​ធ្វើការ​ពន្លត់​បាន​ឡើយ ទោះបី​ជា​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​យ៉ាងណាក៏ដោយ រហូតដល់​លំនៅដ្ឋាន​មួយ​ខ្នង​នេះ ​គឺ​ឆេះ​ទាំងស្រុង ព្រម​ទាំង​បាន​រាល​ឆ្លង​ទៅដល់​រោង​ដាក់​ម៉ូតូ និង​គោយន្ត​ថែមទៀត។

ជា​រួម​ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ បាន​បំផ្លាញ​អស់​ផ្ទះ​១​ខ្នង​ទាំងស្រុង ម៉ូតូ​១​គ្រឿង​ គោយន្ត​កន្ត្រៃ​១​គ្រឿង ស្រូវ​១​តោន​កន្លះ អង្ករ​២០០​គីឡូក្រាម ទូរទស្សន៍​១​គ្រឿង​ ប្រាក់​ដុល្លារ​ចំនួន​២.០០០​ដុល្លារ ប្រាក់​រៀល​ចំនួន​៥​លាន​រៀល មាស​ទម្ងន់​១​តម្លឹង​កន្លះ​ និង​ប្លាទីន​ទម្ងន់​១​តម្លឹង។

នេះ​គឺជា​ការ​ធ្វេសប្រហែស​មួយ​របស់​ម្ចាស់ផ្ទះ​ ដោយសារតែ​វា​ជា​ទម្លាប់​មួយ​ទៅ​ហើយ​របស់​ជនជាតិ​ខ្មែរ​ដែល​កាន់​ព្រះពុទ្ធសាសនា ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​រាល់​ការ​ដុត​ធូប ទៀន ទើប​អាច​រួច​ផុត​ពី​អគ្គិភ័យ​ណាមួយ​បាន៕

ដុត​ធូប​ថ្ងៃសីល ភ្លេចខ្លួន​ ឆេះ​ផ្ទះ​គ្មាន​សល់​

ដុត​ធូប​ថ្ងៃសីល ភ្លេចខ្លួន​ ឆេះ​ផ្ទះ​គ្មាន​សល់​