អេស្កាវ៉ាទ័រ​មួយ​គ្រឿង​​ ត្រូវ​បាន​កម្លាំង​ចម្រុះ​បង្ក្រាប ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​​ឈូស​ឆាយ​ដី​ព្រៃ

អេស្កាវ៉ាទ័រ​មួយ​គ្រឿង​​ ត្រូវ​បាន​កម្លាំង​ចម្រុះ​បង្ក្រាប ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​​ឈូស​ឆាយ​ដី​ព្រៃ



ឧត្តរមានជ័យ​ ៖​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦ អេស្កាវ៉ាទ័រ​​ មួយ​គ្រឿង ​ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​ស្រុក​ចាប់​បង្ក្រាប​ នៅ​ចំណុច​ខាង​ជើង​អូរ​ត្រាច​ ស្ថិត​នៅ​ក្នុង​ភូមិ​រហាល ឃុំ​លំ​ទង​ ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ ​ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ។

លោក​ងួន លីន ​នាយក​រដ្ឋបាល​សាលាស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ ​ដែល​ចុះ​ទៅ​ចាប់​បង្ក្រាប​អេស្កាវ៉ាទ័រ​នោះ​រួម​មាន កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​៤​នាក់ ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ត្រី​ ហេង ធី មេបញ្ជាការ​រង​ស្រុក​ ដោយ​មាន​ការ​​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ចំនួន​២​នាក់​ មន្ត្រី​សាលាស្រុក​១​នាក់ ​ដឹកនាំ​ដោយ​លោក​ងួន លីន ​នាយក​រដ្ឋបាល សាលាស្រុក​អន្លង់វែង។ លទ្ធផល​​នៃ​ការ​បង្ក្រាប​គឺ​ឃាត់​បាន​.​អេស្កាវ៉ាទ័រ មួយ​គ្រឿង​ពណ៌​លឿង ម៉ាក​ខែ​ត​ និង​កម្មករ​១​នាក់ ឈ្មោះ​រ៉ា ឡងឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក​ងួន លីន នាយក​រដ្ឋបាល​សាលាស្រុក​បាន​បន្ត​ទៀត​ថា នៅ​ពេល​បច្ចុប្បន្ន ​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ ផ្ញើ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ទី បញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ដែល​ស្ថិតនៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕