យុវជន​២​នាក់ ស្រវឹង​ស្រា ​វាយ​ម្ចាស់​ផ្ទះ​​រង​របួស​ធ្ងន់​

យុវជន​២​នាក់ ស្រវឹង​ស្រា ​វាយ​ម្ចាស់​ផ្ទះ​​រង​របួស​ធ្ងន់​



ភ្នំពេញ ៖ យុវជន​២​នាក់ ​ដែល​ជា​ជនជាតិ​វៀតណាម​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ចាប់​ខ្លួន ​កាលពី​យប់​ថ្ងៃ​ទី​៥ ​ខែ​មេសា ​ឆ្នាំ​២០១៦​ ខណៈ​ពេល​ដែល​ពួកគេ​ទាំង​២​កំពុង​ធ្វើ​សកម្មភាព​វាយ​ទៅលើ​ម្ចាស់​ផ្ទះ​ជួល​ដែល​ពួកគេ​ស្នាក់នៅ។

ជនសង្ស័យ​ទាំងពីរ​នាក់​មាន​ឈ្មោះ​ ង្វៀង យាំង​ស៊ិន អាយុ​១៨​ឆ្នាំ ​និង​ម្នាក់ទៀត​ឈ្មោះ​ វឿ​ង យាំង​ហាយ​ អាយុ​៣០​ឆ្នាំ​ ពួកគេ​មាន​មុខរបរ​ជាងឈើ​ ស្នាក់នៅ​ផ្ទះ​ជួល​កន្លែង​កើត​ហេតុ​ ក្រុម​៨ ​ភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ផ្ទះ​ជួល​ និង​ជា​ជនរងគ្រោះ​ឈ្មោះ ​ចិន ស៊ីម៉ណ្ណ​សាក់ ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​កើតហេតុ ​វេលា​ម៉ោង​១០​យប់ ​យុវជន​ទាំងពីរ​នាក់​បាន​ត្រឡប់​មកពី​ផឹក​ស្រវឹង​រួច បាន​យក​ដុំ​ថ្ម​មក​វាយ​សោ​ទ្វារ​របង​ ហើយ​ឡូឡា ​ពេលនោះ​ជនរងគ្រោះ​ទៅ​ឃាត់​ក៏​ត្រូវ​ពួកគេ​ងាក​មក​វាយ​ជនរងគ្រោះ ​បណ្ដាល​ឲ្យ​រង​របួស​ ហើយ​ត្រូវ​បាន​ប្រជាជន​ចូល​ទៅ​ជួយ​ និង​រាយការណ៍​ឲ្យ​ប៉ូលិស​ចាប់ខ្លួន​តែម្ដង​។​

ប៉ូលិស​បាន​និយាយ​ថា ​បើ​សិន​ជា​ពុំ​មាន​ប្រជាជន​ទៅ​ជួយ​ទាន់​ពេល​ទេ កុំ​អី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ។​ បច្ចុប្បន្ន ​យុវជន​ទាំងពីរ​នាក់​ត្រូវ​បាន​កសាង​ឯកសារ​បញ្ជូន​ទៅកាន់​អធិការ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ ចាត់ការ​តាម​ផ្លូវ​ច្បាប់៕