អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​សា​កែវ ​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ ​សម្រួល​ផ្តល់​ភាព​ស្របច្បាប់​ ដល់​ពលករ​ខ្មែរ​២៤​រូប​

អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​សា​កែវ ​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ ​សម្រួល​ផ្តល់​ភាព​ស្របច្បាប់​ ដល់​ពលករ​ខ្មែរ​២៤​រូប​



ភ្នំពេញ ​៖ លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែ​ង​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៦ អាជ្ញាធរ​ចម្រុះ​ថៃ នៅ​ខេត្ត​សា​កែវ បាន​ចុះ​ត្រួតពិនិត្យ​ពលករ​នៅ​ទីតាំង​ចិញ្ចឹម​ជ្រូក​ចំនួន​២ កន្លែង គឺ​នៅ​ស្រុក​វឌ្ឍនាណា​ខន ហើ​យ​ក្នុង​នោះ​បាន​រក​ឃើញ​មាន​ពលករ​កម្ពុជា​ចំនួន​១០៥ នាក់ ស្រី ៣៥​នាក់​។​

ដោយឡែក​នៅ​ស្រុក​សា​កែវ បាន​រក​ឃើញ​មាន​ពលករ​កម្ពុជា​ចំនួន​៧៥ នាក់ ក្នុង​នោះ​ស្រី​២៥​នាក់ ហើយ​បាន​រក​ឃើញ​ថា ក្នុងចំណោម​ពលករ​កម្ពុជា​សរុប​ចំនួន​១៨០ នាក់​នោះ មាន​ពលករ​ចំនួន​១៥៦ នាក់ ប្រើប្រាស់ Border Pass ដែល​មាន​វាយ​ត្រា អនុញ្ញាត​ឲ្យ​ធ្វើការ​តាម​រដូវ​នៅក្នុង​ខេត្ត​សា​កែវ​ស្រប​ច្បាប់ ហើយ​ពលករ​ចំនួន​២៤ នាក់ (​ស្រី​៤​នាក់​) ប្រើប្រាស់ Border Pass ប៉ុន្តែ​មិន​មាន​សញ្ញា​សំគាល់​សម្រាប់​អនុញ្ញាត​ឲ្យ​ធ្វើការ គឺ​មានតែ​ត្រា​ចេញ​-​ចូល សម្រាប់​ធ្វើដំណើរ​ធម្មតា និង​អាច​ស្នាក់​នៅ​បាន​ត្រឹម​រយៈពេល​៧​ថ្ងៃ​ប៉ុណ្ណោះ។​

លោក ជុំ សុន្ទរី បញ្ជាក់​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​សា​កែវ បាន​ជួប​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ នៃ​ខេត្ត​សា​កែវ ស្នើសុំ​ឲ្យ​ជួយ​សម្រួល​ផ្តល់​ភាព​ស្រ​ប​ច្បាប់​ដល់​ពលករ​ខ្មែរ​ទាំង​២៤ នាក់​នោះ​។ អាជ្ញាធរ​ថៃ​បាន​យល់ព្រម​តាម​សំណើសុំ​របស់​ស្ថាន​អគ្គ​កុងស៊ុល ហើយ​បាន​ណែនាំ​ឲ្យ​ស្នងការ​នគរបាល​អន្តោ​ប្រវេសន៍​ខេត្ត រៀបចំ​តាម​នីតិ​វិធី ដើម្បី​ឲ្យ​ពល​ករ​ទាំង​២៤ រូប អាច​ធ្វើ​ការងារ​តាម​រដូវ​នៅក្នុង​ខេត្ត​សា​កែវ​បាន​ដោយ​ស្របច្បាប់​៕