មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត​ មាន​ចំនួន​៦៨​រូប​ ត្រូវ​បាន​​ដំឡើង​ឋានន្តរសក្ដិ

មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត​ មាន​ចំនួន​៦៨​រូប​ ត្រូវ​បាន​​ដំឡើង​ឋានន្តរសក្ដិ



កំពត ​៖​ លោក​នុត សាអាន ​រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ ​បាន​ថ្លែង​ថា ពន្ធនាគារ​ថ្មី​ចំនួន​៤​នឹង​ត្រូវ​បាន​សាងសង់​​ឡើង​នៅ​ខេត្ត​ពោធិ៍សាត់​ ជិត​ភ្នំ​ក្រវ៉ា​ញ ​ដោយសារតែ សព្វថ្ងៃ​កំណើន​អ្នកទោស​មានការ​​កើន​ឡើង​រហូត​ទៅដល់​ជាង ១៨០០០​នាក់ ដែល​​លើស​ចំណុះ​ផ្ទុក​រហូត​ទៅដល់ ជាង ៦០០០​នាក់។

លោក​នុត សាអាន​ បាន​ថ្លែង​បែប​នេះ​នៅ​ ក្នុង​ពិធី​បំពាក់​ឋានន្តរសក្ដិ​មន្ត្រី​ពន្ធនាការ​ខេត្ត​កំពត ព្រឹក​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៦ ​ស្ថិត​នៅ​ពីមុខ​ពន្ធនាគារ​ខេត្ត ក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​ ខេត្ត​កំពត ​ដែល​មាន​ការ​​អញ្ជើញ​ចូលរួម​ពី​លោក​ស៊ុ​ក សា​រ៉ា​ដ ​អភិបាលរង​ខេត្ត​តំណាង​លោក​ ចាន់ ចេស្ដា អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​កំពត។

មន្ត្រី​ពន្ធនាគារ​ ដែល​ត្រូវ​បំពាក់​ឋានន្តរសក្ដិ​មាន​ចំនួន​៦៨​រូប – ថ្នាក់​ វរៈ​អគ្គានុរក្ស​ថ្នាក់​លេខ​១ ចំនួន​៥​រូប ​ – វរៈ​អគ្គានុរក្ស​ថ្នាក់​លេខ​២​ចំនួន​១៣​រូប – វរៈ​អគ្គានុរក្ស​ថ្នាក់​លេខ​៣​ចំនួន​១៦ រូប – អគ្គានុរក្ស​ថ្នាក់​លេខ​១ ចំនួន​១ រូប – អគ្គានុរក្ស​ថ្នាក់​លេខ​២ ចំនួន ២​រូប – អគ្គានុរក្ស​ថ្នាក់​លេខ​៣ ចំនួន ២​រូប – អគ្គានុរក្ស​ថ្នាក់​លេខ​៤ ចំនួន ២​រូប – អនុរក្ស​ថ្នាក់​លេខ​១ ចំនួន​៨ រូប – អនុរក្ស​ថ្នាក់​លេខ​២ ចំនួន​២០ រូប – អនុរក្ស​ថ្នាក់​លេខ​៣ ចំនួន​១រូប។

លោក​ស៊ុ​ក សា​រ៉ា​ដ អភិបាលរង​ខេត្ត​បាន​​ឡើង​អាន​របាយការណ៍​ស្ដីពី​ការ​កសាង​ពន្ធនាគារ​ថ្មី​ដែល​ទំហំ​ផ្ទៃដី ជិត​៥ ហិកតា ជូន​ដល់​គណៈ​អធិបតី​ដើម្បី​ជូន​ជ្រាប។

បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍​របស់​លោក​ស៊ុ​ក សា​រ៉ា​ដ អភិបាលរង​ខេត្ត​រួច​ហើយ​ លោក​នុត សាអាន បាន​ឡើង​មាន​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ដល់​មន្ត្រី​ពន្ធនាគារ​ខេត្ត និង​មាន​ប្រសាសន៍​កោតសរសើរ​ដល់​អាជ្ញាធរ​ខេត្ត​កំពត​ ដែល​បាន​សាងសង់​ពន្ធនាគារ​ថ្មី​នេះ​​ឡើង ​​ដែល​ជា​ការ​សម្រួល​ដល់​អ្នក​ទោស ​ដោយសារតែ​ពន្ធនាគារ​ថ្មី​នេះ​មាន​ទីធ្លា​ធំ​ទូលាយ និង មាន​ខ្យល់អាកាស​ល្អ​ ខុស​ពី​ពន្ធនាគារ​ចាស់​ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​លក្ខណៈ​តូច​ចង្អៀត៕

មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត​ មាន​ចំនួន​៦៨​រូប​ ត្រូវ​បាន​​ដំឡើង​ឋានន្តរសក្ដិ