រដូវ​ប្រាំង​ឆ្នាំ​នេះ​ ឈ្មួញ​ដឹក​ទឹក​លក់​ដាច់​ខ្លាំង​ណាស់ ​ប៉ុន្តែ​ព្រួយបារម្ភ​ថា​ស្រះ​ទឹក​អាច​នឹង​រីង​បើ​គ្មាន​ភ្លៀង

រដូវ​ប្រាំង​ឆ្នាំ​នេះ​ ឈ្មួញ​ដឹក​ទឹក​លក់​ដាច់​ខ្លាំង​ណាស់ ​ប៉ុន្តែ​ព្រួយបារម្ភ​ថា​ស្រះ​ទឹក​អាច​នឹង​រីង​បើ​គ្មាន​ភ្លៀង



ព្រះវិហារ ​៖ ​អាជីវករ​ប្រកបមុខរបរ​ដឹក​ទឹក​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជាយក្រុង​ព្រះវិហារ​ និង​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ​ក្នុង​ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ កំពុង​កាក់កប​រក​លុយ​បាន​ច្រើន ខណៈ​រដូវប្រាំង​ឆ្នាំនេះ​ក្តៅ​ស្ងួត​ខ្លាំង​ ហើយ​ការ​ប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ​កើន​ទ្វេ​ដង។ អ្នក​ដឹក​ទឹក​លក់​កំពុង​ព្រួយបារម្ភ​ថា ​ស្រះ​ទឹក​ ដែល​ផ្តល់​ប្រភព​ទឹក​ចាប់ផ្ដើម​រីង​ជា​បណ្ដើរ​ៗ​ ដោយសារ​រដូវ​ប្រាំង​ឆ្នាំ​នេះ​ក្តៅ​ស្ងួត​ខ្លាំង​ ហើយ​មិន​ទាន់​មាន​ភ្លៀង​កក់ខែ​ថែម​ទៀត។

តាម​ការ​ប៉ាន់ស្មាន, ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ប្រមាណ​៣០​ភាគរយ​ រស់នៅ​តាម​ជាយក្រុង​ ដែល​មិន​មាន​បណ្ដាញ​ទឹក​ស្អាត​ប្រើប្រាស់​ និង​៧០​ភាគរយ​រស់នៅ​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ​កំពុង​ទទួលបន្ទុក​ធ្ងន់​មួយ​ថែមទៀត ​គឺ​ត្រូវ​ចំណាយ​លុយ​ពី​៦​ម៉ឺន​ទៅ​៩​ម៉ឺន​រៀល​សម្រាប់​ទិញ​ទឹក​ប្រើប្រាស់​ចាប់ពី​៦​ម៉ែត្រ​គូប​ទៅ​៩​ម៉ែត្រ​គូប​ក្នុង​១​ខែ​ៗ។

ពលរដ្ឋ​និយាយ​ថា​ ដោយសារ​ខ្វះខាត​លុយ​ចាប់ពី​ ៣០០​ដល់​៥០០​ដុល្លារ​អាមេរិក​ សម្រាប់​ចំណាយ​បុក​អណ្ដូង​ស្នប់​នោះ ​ទើប​គាត់​ក៏​ដូចជា​ពលរដ្ឋ​ក្រីក្រ​ដទៃ​ទៀត​ត្រូវ​ទិញ​ទឹក​ប្រើប្រាស់​បែបនេះ​ ដែល​តម្លៃ​០១​ម៉ែត្រ​គូប​ថ្លៃ​០១​ម៉ឺន​រៀល​ ហើយ​ក្នុង​១​ឆ្នាំ​ត្រូវ​ចំណាយ​លុយ​ទិញ​ទឹក​ឯកជន​ដឹក​លក់​តាម​រថយន្ត​អស់​ប្រមាណ​១​លាន​រៀល។ ការ​ចំណាយ​បែបនេះ​ធ្វើឲ្យ​ប៉ះពាល់​ និង​បង្ក​ការ​លំបាក​ដល់​ជីវភាព​រស់នៅ​គឺ​បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់​ទៀត​ទៅលើ​ការ​ចំណាយ​លុយ​ឲ្យ​កូន​ៗ​រៀន​សូត្រ​ និង​ហូបចុក​ប្រចាំថ្ងៃ។

រីឯ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ក៏​ជួបប្រទះ​ការ​លំបាក​ដូច​ប្រជាពលរដ្ឋ​ខាងលើ​ផង​ដែរ។ តាម​ដឹង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​មិន​ទាន់​មាន​លុយ​បុក​អណ្ដូង​ស្នប់​ប្រើប្រាស់​នៅ​​ឡើយ​ទេ ​ចាប់តាំង​ពី​មានការ​អភិវឌ្ឍ​ដោះដូរ​ផ្ទេរ​កម្ម​សិទ្ធិ​ដីធ្លី​ពី​តំបន់​គ​១​និង​ដី​នៅ​ស្វាយជ្រុំ​ក្បែរ​ប្រាសាទព្រះវិហារ​រួចមក។

ពលរដ្ឋ​ប្រមាណ​៧០​ភាគរយ​កំពុង​ទិញ​ទឹក​ពី​ឈ្មួញ​ដឹក​ទឹក​លក់។ រីឯ​ឈ្មួញ​ដឹក​ទឹក​លក់​វិញ​បាន​និយាយ​ថា ​ឆ្នាំនេះ​គាត់​លក់​ទឹក​ដាច់​ខ្លាំង​ណាស់​ មាន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​បាន​ទាក់ទង​ទិញ​ទឹក​ពី​គាត់​យក​ទៅ​ប្រើប្រាស់​ប្រចាំថ្ងៃ។ គាត់​លក់​ទឹក​ក្នុង​១​ថ្ងៃ​បាន​ចំនួន​០៥​ស៊ីទែន​ធំ​ស្មើនឹង​១៥​ម៉ែត្រគូប​ គិត​ជា​លុយ​ចំនួន​១៥​ម៉ឺន​រៀល។ ប្រភព​ទឹក​នេះ​គាត់​បាន​ដឹក​វា​ពី​ស្រះ​ទឹក​បុរាណ​មួយ​កន្លែង​ដែល​នៅ​ឆ្ងាយ​ពី​អ្នកភូមិ​ ដែល​ទិញ​ទឹក​ពី​គាត់។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ខាងលើ​បាន​និយាយ​រិះគន់​ដល់​អាជ្ញាធរ​ខេត្ត​ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ព្រះវិហារ​ថា ​ធ្វើជា​មេដឹកនាំ​ខេត្ត​ និង​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាជន​មិន​ចំ​ចំណុច​រមាស់​អ្វី​ទាល់តែសោះ។ ពលរដ្ឋ​ថ្លែង​រិះគន់​ធ្ងន់​ៗ​ដូច្នេះ​ថា​ បើ​និយាយ​ពី​កម្រិត​ជីវភាព​អស់លោក​ធំៗ​ក្នុង​ខេត្តព្រះវិហារ​វិញ​មាន​អ្វីៗ​គ្រប់សព្វ​បែបយ៉ាង ​ដូច​ជា​ផ្ទះល្វែង​ប្រណីត​បួន​ប្រាំ​ល្វែង ​តែឯង​,​ភូមិគ្រឹះ​,​ផ្ទះសំណាក់​,​រថយន្ត​ស៊េរី​ថ្មី​ទំនើប​តម្លៃ​រាប់​ម៉ឺន​សែន​ដុល្លារ​អាមេរិក។

ប្រជាពលរដ្ឋ​សង្ស័យ​និង​បាន​ឮ​តៗ​គ្នា​ថា ​អ្នក​ធំៗ​នៅ​ខេត្ត​ព្រះវិហារ​បាន​ទិញ​ផ្ទះ​វិឡារ ​និង​ទិញ​ដី​សង់ផ្ទះ​ល្វែង​ទុក​ចោល​នៅ​ខេត្ត​សៀមរាប​ និង​នៅ​រាជធានី​ភ្នំពេញ​ថែមទៀត​គឺ​ទិញ​អចលនទ្រព្យ​ក្រៅ​ខេត្ត​ព្រះវិហារ​ដើម្បី​មាន​ចេតនា​បង្វែងដាន​ និង​លាងខ្លួន​ឲ្យ​ស្អាត​មិន​ចង់ឲ្យ​ប្រជាជន​នៅ​ទូទាំង​ខេត្តព្រះវិហារ​ដឹងឮ​នោះ​ទេ។

ពលរដ្ឋ​និយាយ​ចំអក​ថា ​កាល​មក​ដឹកនាំ​ខេត្ត​ និង​គ្រប់គ្រង​បណ្ដា​មន្ទីរ​កាលពី​ដំបូង​មានតែ​សំបក​ខ្លួន​ប៉ុណ្ណោះ​ គឺ​អស់​លោក​ធំៗ​ ដែល​មាន​អំណាច​ឥទ្ធិពល​ក្នុង​ដៃ​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​គ្រួសារ​ខ្លួនឯង​ចំ​ចំណុច​រមាស់​ល្អ​ណាស់។ បើ​នាំគ្នា​បូម​លុយ​ឆ្អែតឆ្អន់​ និង​មាន​បាន​ហូរហៀរ​ហើយ ​គួរ​ណាស់​មាន​មនសិការ​គិតគូរ​ជួយ​ធ្វើ​អណ្ដូង​ទឹក​,​ជីក​ស្រះ​ទឹក​,​ធ្វើ​ផ្លូវ​កៅស៊ូ ​និង​ជួយ​សង់​សាលា​រៀន​ជូន​ប្រជាជន​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​ខ្សត់ខ្សោយ​ផង​ទាន៕