បើកឡាន​គេច​ឡាន​គេ​១​គ្រឿង​ទៀត ក្រឡាប់​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​​

បើកឡាន​គេច​ឡាន​គេ​១​គ្រឿង​ទៀត ក្រឡាប់​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​​



ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​សណ្ដោង​កន្ទុយ​រ៉ឺម៉ក​១​គ្រឿង ​ខណៈ​ពេល​កំពុង​បើកបរ​សុខៗ​ ហើយ​ខំ​គេច​ពី​រថយន្ត​គេ​១​គ្រឿង​ទៀត​ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា ​ក៏​បណ្ដាល​ឲ្យ​រថយន្ត​នេះ​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​ដេក​សណ្ដូក​តាម​បណ្ដោយ​ប្រឡាយ​នោះ​ តែ​សំណាងល្អ​ដែរ​ដោយសារ​តៃកុង​ និង​អ្នក​បើកបរ​មិន​មាន​រង​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ មុខ​បុរី​សែន​មនោ​រម្យ ​ស្ថិត​ក្នុង​ភូមិ​កន្ទោក​ខាងជើង​ សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​នេះ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ប្រផេះ ​ជា​ប្រភេទ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដឹកទំនិញ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​4A0581 ​អ្នកបើកបរ​មិន​ប្រាប់​ឈ្មោះ​ឡើយ​។
តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ត​នេះ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ​ដោយ​ដឹកទំនិញ​ពេញ​រថយន្ត​នៅ​ពេល​មកដល់​ចំណុច​កើតហេតុ​ មាន​រថយន្ត​១​គ្រឿង​ទៀត​ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​ ហើយ​រថយន្ត​នោះ​បាន​បើក​មក​កៀរ​ចូល​ ចំណែក​ផ្លូវ​ខាង​រថយន្ត​ក្រឡាប់​នោះ​ ជាហេតុ​នាំ​ឲ្យ​រថយន្ត​នេះ​ខំ​បើក​គេច​បណ្ដាល​ឲ្យ​ក្រឡាប់​ចូល​ប្រឡាយ​ទឹក​ស្អុយ​ដេក​សណ្ដូក​ខ្លួន​ក្នុង​ប្រឡាយ​នោះ។

ប្រភព​បន្ត​ថា ​ក្នុង​ហេតុការណ៍​នេះ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រងរបួស​នោះទេ​ ហើយ​ក៏​ពុំ​មាន​ប៉ះពាល់​ដល់​អ្នកដទៃ​ដែរ​ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​មិនបាន​យក​រថយន្ត​មក​ដាក់​កន្លែង​សមត្ថកិច្ច​ឡើយ​គេ​បាន​ឲ្យ​ម្ចាស់​រថយន្ត ​ឬ​តំណាង​ក្រុមហ៊ុន​មក​ស្ទូច​លើក​យក​ទៅ​ដោយ​ខ្លួនឯង​មិនបាច់​ឲ្យ​រវល់​ដល់​សមត្ថកិច្ច​ឡើយ៕
បើកឡាន​គេច​ឡាន​គេ​១​គ្រឿង​ទៀត ក្រឡាប់​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​​