ទុស្សេ​ចរន្ត​អគ្គិសនី ឆេះ​លំនៅដ្ឋាន​ទាំងស្រុង និង​របួស​មនុស្ស​ម្នាក់​

ទុស្សេ​ចរន្ត​អគ្គិសនី ឆេះ​លំនៅដ្ឋាន​ទាំងស្រុង និង​របួស​មនុស្ស​ម្នាក់​



បាត់ដំបង ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផង​ដែរ បន្ទាប់ពី​មាន​អគ្គិភ័យ​មួយ​បាន​កើត​ឡើង ហើយ​បាន​បំផ្លាញ​សម្ភារៈ​ទាំងស្រុង ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​រូប​នោះ​បាន​ស្ទុះ​ចូល​ទៅ​បម្រុង​ជួយ​រំដោះ​យក​ទ្រព្យសម្បត្តិ​ចេញពី​ភ្លើង​មកវិញ ក៏​ត្រូវ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​បែបនេះ។

ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៦ ខែ​មេសា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ទៅលើ​ផ្ទះ​១​ខ្នង ​ទំហំ​៥​គុណ​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី និង​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ មិ​ត សៀន ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខ​របរ​ធ្វើ​ចំការ និង​ប្រពន្ធ​ឈ្មោះ ស៊ុំ សុខ​ណា មុខរបរ​លក់ដូរ។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ភ្លើង​កំពុង​ចាប់ផ្ដើម​ឆេះ​ស្ទើរតែ​ពេញ​ក្រមុំ​ទៅ​ហើយ​នោះ ហើយ​ដោយសារតែ​ឃើញ​ម៉ូតូ​ក៏​នៅ​ក្នុង​ភ្លើង ទើប​គេ​សង្កេត​ឃើញ​ឈ្មោះ​ រ៉េ​ន នៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវជា​ឪពុក​ខាង​ប្រពន្ធ បាន​ស្ទុះ​ចូល​ធ្វើឲ្យ​មានការ​រលាក​ពេញ​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ដែល​គេ​សង្ស័យ​ថា ទំនងជា​មានការ​ស្តាយ​នូវ​ទ្រព្យសម្បត្តិ​ដែល​កំពុងតែ​ឆាបឆេះ​នៅ​ក្នុង​ភ្នក់​ភ្លើង​បែបនេះ ហើយ​បច្ចុប្បន្ន​ក៏បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​សំពៅ​លូន​ដើម្បី​សង្គ្រោះ។

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​ផ្តើម​ចេញ​ឲ្យ​មាន​ករណី​អគ្គិភ័យ​នេះ​គឺ​បណ្តាល​មកពី​ការ​ទុស្សេ​ចរន្ត​អគ្គិសនី ដែល​បាន​បំផ្លាញ​អស់​ទ្រព្យសម្បត្តិ​ទាំងស្រុង និង​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ៕

ទុស្សេ​ចរន្ត​អគ្គិសនី ឆេះ​លំនៅដ្ឋាន​ទាំងស្រុង និង​របួស​មនុស្ស​ម្នាក់​