បន្លំ​លួច​យក​សម្ភារៈ​អគ្គិសនី​ចេញពី​ក្រុមហ៊ុន​បុរី​អគារ​ផ្ទះល្វែង​ត្រូវ​សមត្ថកិច្ច​ប៉េអិម​ចាប់ខ្លួន

បន្លំ​លួច​យក​សម្ភារៈ​អគ្គិសនី​ចេញពី​ក្រុមហ៊ុន​បុរី​អគារ​ផ្ទះល្វែង​ត្រូវ​សមត្ថកិច្ច​ប៉េអិម​ចាប់ខ្លួន



ភ្នំពេញ ៖ សមត្ថកិច្ច​ប៉េអិម​ខណ្ឌ​សែន​សុខ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​ចោរកម្ម​(​លួច​មិនបាន​សម្រេច​)​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ក្នុង​បរិវេណ​សំណង់ផ្ទះ​​ល្វែង​មួយកន្លែង​របស់​ក្រុមហ៊ុន​បុរី​អ័គី​ដេ ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​​ខណ្ឌ​សែន​សុខ។

បុរស​ជាប់ចោទ​ខាង​លើ​ឈ្មោះ ឌី ស្រៀ​ន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រាល ឃុំ​កញ្ជ្រាច​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​មិន​ពិតប្រាកដ ក្នុង​រាជធានី​ភ្នំ​ពេញ។

លោក ខន់ សាវុធ អាយុ​៤៣​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​ក្នុង​បុរី​អ័គី​ដេ​ដែល​ជា​តំណាង​ដើម​បណ្តឹង​ក្នុង​ករណី​នេះ បាន​និយាយ​ថា នៅមុន​ពេល​កើត​ហេតុ ក្រុម​សន្តិសុខ​របស់​លោក​បាន​កំពុង​​ធ្វើការ​ឆែកឆេរ ក្រុម​កម្មករ​សំណង់​ទាំងអស់​ចេញពី​ការដ្ឋាន​សំណង់​ក្រែង​មានការ​លួច​យក​​នូវ​ទ្រព្យសម្បត្តិ​ចេញពី​ក្រុមហ៊ុន។ ខ​ណៈ​នោះ​មន្ត្រី​សន្តិសុខ​ម្នាក់​បាន​ក្រឡេក​ឃើញ​ជន​ជាប់ចោទ លី​បាវ​មួយ​ចេញពី​ការដ្ឋាន​សំណង់​ក៏​ឃាត់​ឆែកឆេរ ប្រទះ​ឃើញ ម៉ូ​ទ័​រ​កាត់ដេរ​កែ​០១​គ្រឿង ម៉ូ​ទ័​របុក​០១​គ្រឿង ប៉ុ​ស្តិ៍​ម៉ា​ស៊ីន​ផ្សារ​ដែក​០១​គ្រឿង និង​ខ្សែ​ភ្លើង​ជា​ច្រើន​ដុំ​ទៀត ទើប​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ប៉េអិម​ខណ្ឌ​សែន​សុខ ចាត់ការ​តាមផ្លូវ​ច្បាប់។

លោក​អនុសេនីយ៍ឯក សុខ ឧ​ត្ត​ម មេបញ្ជាការ​រង កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​មានប្រសាសន៍​ជនជាប់ចោទ​បាន​សារភាព​ពី​កំហុស​របស់​ខ្លួន​ក្នុង​ការ​ប៉ង​លួច​យក​ទ្រព្យសម្បត្តិ ក្រុមហ៊ុន ហើយ​ឥឡូវ​បាន​បញ្ជូន​ទៅ​ទី​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ដើ​ម្បី​ចាត់ការ​ស្រាវជ្រាវ​បន្ត៕