ពិធី​ថ្វាយព្រះពរ​ សង្ក្រាន្ត​ឆ្នាំ​ថ្មី ថ្វាយ ព្រះបាទ​សម្តេច នរោត្តម សីហមុនី

ពិធី​ថ្វាយព្រះពរ​ សង្ក្រាន្ត​ឆ្នាំ​ថ្មី ថ្វាយ ព្រះបាទ​សម្តេច នរោត្តម សីហមុនី



ភ្នំពេញ ​៖​ នៅ​ថ្ងៃទី​០៧ ខែ​មេសា​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ប្រារព្ធ​ពិធី​ថ្វាយព្រះពរ សង្ក្រាន្ត​ឆ្នាំ​ថ្មី ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅមុខ​ព្រះបរមរាជវាំង។

យោងតាម​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​នៅ​ថ្ងៃទី​០៦ ខែ​មេសា​ ឆ្នាំ​២០១៦ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​ស្តីពី​ការបញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន ក្នុង​ពិធី​ថ្វាយព្រះពរ ស​ង្ក្រា​ន្ត​ឆ្នាំ​ថ្មី ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​ហាមក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពិធី​នេះ​​ធ្វើឡើង​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ​មេសា ស្អែក​នេះ គឺ​ចាប់ពី​ម៉ោង ១២:០០ តទៅ។

ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើនេះ ប្រព្រឹត្តិ​ទៅដោយ​រលូន​រក្សា​បាន​សន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​ការ​កកស្ទះ​ចរាចរ នៅ​តាម តំបន់​ជុំវិញ​កន្លែង​ប្រារព្ធ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បញ្ចៀស និង​បិទ សកម្មភាព​ចរាចរ​ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង ១២:០០​នាទី ដល់​ម៉ោង ១:០០​នាទី តាមផ្លូវ មួយចំនួន ដែល​ការបិទ​ការធ្វើ​ចរាចរ​នោះ​រួមមាន​៖(១) កំណាត់​ផ្លូវ​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់ពី ផ្លូវ​លេខ​១៧៨ រហូតដល់​ផ្លូវ​២៤០ (២) កំណាត់​ផ្លូវ​លេខ ១៧៨ ចាប់ពី​តីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់​ផ្លូវ​លេខ​១៩ (៣) កំណាត់​ផ្លូវ​លេខ ២៤០ ចាប់ពី​តីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់ ផ្លូវ​លេខ ១៩​។ ជាពិសេស បញ្ចៀស​ការ ធ្វើ​ចរាចរ​តាមផ្លូវ​លេខ ១៩ ពី​ជើង​ទៅ​ត្បូង និង​ពី​ត្បូង​មក​ជើង៕