សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឆ្មក់​ចូល​បង្ក្រាប​មុខសញ្ញា​គាស់​ផ្ទះ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៨​នាក់

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឆ្មក់​ចូល​បង្ក្រាប​មុខសញ្ញា​គាស់​ផ្ទះ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៨​នាក់



ភ្នំពេញ ៖ ក្រុម​មុខសញ្ញា​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ពេលយប់​ និង ​ជា​ក្រុម​សកម្ម​គ្រឿងញៀន​មួយ​សំបុក​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ជានា​រី​៣​នាក់​ ផងដែរ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឆ្មក់​ចូល​បង្ក្រាប​បាន​ភ្លាមៗ​ដោយ​ដកហូត​បាន​នូវ​ឧបករណ៍​សម្រាប់​គាស់​មួយ​ចំនួន​និង​សម្ភារៈ​រួម​ទាំង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយ​ចំនួនទៀត។

ការ​ចុះ​ទៅ​បង្ក្រាប​ករណី​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្រសាំង​ហៅ​ភូមិ​៤​ហត្ថ​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​យឹម សារ៉ាន់​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ក្រុម​ខាង​លើ​នេះ​ដោយសារ​មានការ​សហការ​ល្អ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដែល​បាន​រាយការណ៍​ពី​សកម្មភាព​ក្រុម​ចោរ​គាស់​ផ្ទះ​នៅក្នុង​ភូមិ​គាត់​ញឹកញាប់។បន្ទាប់ពី​ធ្វើការ​តាមដាន​ទើប​ដឹងថា​ជា​ស្នាដៃ​របស់​ក្រុម​ខាងលើនេះ​ដែល​ពួកគេ​ជួល​ផ្ទះ​ស្នាក់នៅ​ក្នុង​ភូមិ​កើតហេតុ​នោះ​ដែ​ល​វា​សម​ទៅ​នឹង​ពាក្យចាស់​លោក​ពោល​ថា ​ក្ដាមស្រែ​ណា​វា​កាត់​ស្រូវ​ស្រែ​នោះ។

ក្រោយពី​ធ្វើការ​ស៊ើប​អង្កេត ​ទើប​ឈាន​ដល់​ការ​ចុះទៅ​បង្ក្រាប​បាន​ភ្លាមៗ​តែម្ដង​។ មនុស្ស​ទាំង​៨​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១​ឈ្មោះ​ច័ន្ទ ចំរើន ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ ទី​២​នួន រតនៈ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​អ្នកលក់​សាំង ទី​៣​ឈ្មោះ​វី សំបូរ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​ទី​៤​ឈ្មោះ​ម៉ូ រដ្ឋា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ទី​៥ ឈ្មោះ​ប៉ែន តុលា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​នៅផ្ទះ ទី​៦​ឈ្មោះ​ខន ចាន់​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​មុខរបរ​នៅផ្ទះ ទី​៧ ឈ្មោះ​កែវ ស្រី​ល​ក្ខ័ ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ និង​ទី​៨ ឈ្មោះ​គោក លី​ណា ភេទ​ស្រី​អាយុ​២៣​មុខរបរ​មិន​ពិតប្រាកដ​។

សម្ភារៈ​ដែល​ដកហូត​បា​ន​រួមមាន​ឧបករណ៍​គាស់​ផ្ទះ​និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយ​ចំនួន។ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឆ្មក់​ចូល​បង្ក្រាប​មុខសញ្ញា​គាស់​ផ្ទះ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៨​នាក់