រដ្ឋមន្ត្រី​ការងារ​ស្នើ​ដល់​មន្ត្រី​តែ​តែងតាំង​ថ្មី​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ឺន​ម៉ាត់​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ

រដ្ឋមន្ត្រី​ការងារ​ស្នើ​ដល់​មន្ត្រី​តែ​តែងតាំង​ថ្មី​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ឺន​ម៉ាត់​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ



ភ្នំពេញ ៖ លោក​អ៊ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ដល់​មន្ត្រី​ដែល​ទើបតែ​តែងតាំង​ថ្មី​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ឺន​ម៉ាត់​ក្នុង​ការ​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​ក្រសួង​ឲ្យ​កាន់តែ​រីកចម្រើន។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​បែបនេះ​នៅ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួង​។
​លោក​អ៊ិត សំហេង​មាន​ប្រសា​ស​ន៍​ថា « ការ​ទទួល​បាន​មុខតំណែង​នេះ អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​មានការ​យកចិត្តទុកដាក់​ទៅលើ​សមត្ថភាព​របស់​ឯក​ឧ​ត្ត​ម អស់លោក​ក្នុង​ការ​បំពេញការងារ​ជូន​រាជរដ្ឋាភិបាល និង​ក្រសួង។ ហេតុនេះ ខ្ញុំ​សូម​ស្នើ​ឯកឧត្តម អស់លោក យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ឲ្យ​បាន​ម៉ឺន​ម៉ាត់​នូវ​តួនាទី និង​ភារកិច្ច​រៀងៗ​គ្នា​ឲ្យ​បាន​ល្អ »។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ថា​គឺ​ទី​១. បន្ត​ជំរុញ​កំណែទម្រង់​អាទិភាព​ទាំង​៥ នៃ​ផែនការ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៤-២០១៨ ឲ្យ​ទទួល​លទ្ធផល​ល្អ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ទី​២. មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ទី​៣. យកចិត្តទុកដាក់​ក្នុង​ការងារ​ផ្តល់​សេវា​ឲ្យ​បាន​ល្អ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ទាន់ពេលវេលា ស័ក្ដិសម​ជា​មន្ត្រី​ផ្តល់​សេវា​ជូន​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​។ ទី​៤. ខិតខំ​ឲ្យ​បាន​ម៉ឺន​ម៉ាត់​នូវ​រាល់​បទបញ្ជា និង​គោល​ការ​ណ៍​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ក៏​ជា​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ដាក់​ចេញ​។ និង ទី​៥. ត្រូវ​មាន​ការគោរព​នូវ​ឋានានុក្រម​ការងារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។

លោក​រដ្ឋមន្ត្រី​មាន​ប្រសា​ស​ន៍​បន្ត​ថា ផ្តើម​ចេញពី​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៤-២០១៨ ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​កន្លង​មក ហើយ​ទទួលបាន​នូវ​លទ្ធផល​តាម​ការ​រំពឹង​ទុកជា​ច្រើន​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ក្នុងពេលដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ បាន​នឹង​កំពុង​ធ្វើ​ការ​បោះជំហាន​យ៉ាង​ស្វាហាប់​ក្នុងការ​ធ្វើការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​នៅ​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ តាមរយៈ​អភិក្រម « ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង​ព្យាបាល » ។

នា​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ ឯកឧត្តម អស់លោក ដែល​ទទួលបាន​នូវ​មុខតំណែង​នាពេលនេះ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ថ្នាក់ ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ខិតខំ​បំពេញការងារ​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត៕