ស្រវឹង​បើក​រថយន្ត​ដល់​ផ្លូវ​កោង​ទាញ​ចង្កូត​មិនទាន់​ហោះ​ចូល​ស្នាមភ្លោះ​បណ្តាល​បុរស​ម្នាក់​របួសធ្ងន់

ស្រវឹង​បើក​រថយន្ត​ដល់​ផ្លូវ​កោង​ទាញ​ចង្កូត​មិនទាន់​ហោះ​ចូល​ស្នាមភ្លោះ​បណ្តាល​បុរស​ម្នាក់​របួសធ្ងន់



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថ​យន្ត​កាមរី​១​គ្រឿង​ម្ចាស់​បើក​ទាំង​ស្រវឹង​ក្នុង​ល្បឿន​លឿន​លុះ​បើក​មកដល់​ផ្លូវ​កោង​ទា​ញ​ចង្កូ​ត​មិនទាន់​រថយន្ត​ហោះ​ទៅបុក​ស្នាមភ្លោះ​បណ្តាល​ឲ្យ​អ្នកបើក​រងរបួស​ធ្ងន់​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥ ​ខែ​មេសា ឆ្នាំ២០១៦ នៅ​ចំណុច ភូមិ​បឹងរាំង ឃុំ​អូ​ស្រឡៅ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ម្នា​ក់បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​នោះ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ពណ៌​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ ២C៩៣៤៣​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ពេល​បើក​មកដល់​ចំណុច​កើតហេតុ​ផ្លូវ​កោង​អ្នកបើករថយន្ត​នោះ​ទាញ​ចង្កូត​មិនទាន់​រថយន្ត​ក៏​ហោះ​ទៅ​បុក​ស្នាមភ្លោះ​នៅ​វាលស្រែ​បណ្តាល​ឲ្យ​អ្នក​បើករថយន្ត​រងរបួស​ធ្ងន់​ និង ​រថយន្ត​ផ្នែក​ខាងមុខ​ខ្ទេច​។

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់ទៀត​ថា ​ជន​រងគ្រោះ​ឈ្មោះ ចាន់ ភា​រុន​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ កណ្ដោល ឃុំ​អូ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន​អ្នករបួស​ត្រូវ​បាន​ក្រុម គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ស្រុក​ម៉ាឡៃ។ ចំណែក​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ម៉ាឡៃ​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕