ទទួលទាន​ប៉េងប៉ោះ​ជួយ​ឱ្យ​ស្បែក​មើលទៅ​ស្រស់ថ្លា

តាម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ផ្លែ​ប៉េងប៉ោះ​អាច​ផ្តល់​នូវ​ការ​ការពារ​យ៉ាង​ពិសេស​ចំពោះ​ស្បែក​ដោយ​ជួយ​រក្សា​ឱ្យ​មើលទៅ​ក្មេង​ជាង​វ័យ និង​មាន​សុវត្ថិភាព​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ​ទៀត​ផង ។

ការ​ធ្វើតេស្ត​បាន​បង្ហាញ​ថា ទទួលទាន​ទឹក​ខាប់​ៗ​របស់​ផ្លែ​ប៉េងប៉ោះ​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​រលាក​ដោយ​កម្ដៅថ្ងៃ​ព្រមទាំង​ទប់ស្កាត់​ការ​ចាស់​ទៅ​តាម​អាយុ​របស់​ស្បែក​ដែល​បង្ក​ដោយ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង​។ Lycopene ត្រូវ​គេ​ជឿ​ថា ជា​សមាសធាតុ​ដ៏​សំខាន់​របស់​ប៉េងប៉ោះ​។ ជា​ពណ៌​ពី​ធម្មជាតិ​ដែល​ធ្វើ​ឱ្យ​ប៉េងប៉ោះ មាន​ពណ៌​ក្រហម​ស្រស់​។ វា​ជា​សមាសធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​ដ៏​មាន​ឥទ្ធិពល​។ សមាសធាតុ​នេះ​អាច​កាត់​បន្ថយ​ការ​ឆ្លើយ​តប​នឹង​ការ​រលាក​ចំពោះ​ការ​បំផ្លាញ​ដោយ​កាំរស្មី​យូ​វី​តាម​រយៈ​ការ​ប្រឆាំង​នឹង​ម៉ូលេគុល​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ស្បែក ។ ការ​បំផ្លាញ​ដោយ​កាំរស្មី​យូ​វី​មាន​ដូច​ជា ស្បែក​ឆាប់​ជ្រីវជ្រួញ​មុន​អាយុ និង​ស្បែ​កកើត​មហារីក​ជាដើម ។

ទោះជា​យ៉ាងណា លទ្ធផល​លើក​នេះ​គេ​ធ្វើ​ពិសោធន៍​លើ​មនុស្ស​ស្រី​តែ​២០​នាក់ និង​ចំណាយពេល​ត្រឹមតែ​១២​ស​ប្តា​ហ៍​ប៉ុណ្ណោះ ។

ចំណែក​ការ​សិក្សា​ពី​លើក​មុន​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ឆ្អិន​ក៏​ផ្តល់​ផលប្រយោជន៍​ដល់​សុខភាព​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ចម្អិន​គឺ​មាន​ប្រសិទ្ធិ​ភាព​ដូច​ជា​ថ្នាំ​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម (Statins) ផង​ដែរ​ដោយ​វា​អាច​ជួយ​ទប់ស្កាត់​និង​ប្រឆាំង​នឹង​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល (Cholesterol) បាន ។

បណ្តា​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ផ្លែ​ប៉េងប៉ោះ​ចម្អិន​មាន​ប្រសិទ្ធភាព​ដូច​ជា​ថ្នាំ​Statins សម្រាប់​អ្នកជំងឺ​ដែល​មាន Cholesterol​និង​សម្ពាធ​ឈាម​ខ្ពស់​។ សារធាតុ​លី​កូ​ប៉ែន​(Lycopene) ដែល​ធ្វើ​ឱ្យ​ផ្លែ​ប៉េងប៉ោះ​ទុំ​មាន​ពណ៌​ក្រហម​ភ្លឺ​ថ្លា​គឺជា​គន្លឹះ​ដ៏​សំខាន់ ។ លី​កូ​ប៉ែន​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ វា​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​ជួយ​ឱ្យ​មាន​សុខភាព​ល្អ​តួយ៉ាង​ដូច​ជា​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ឬ​ក៏​ជំងឺស្ត្រូក​(​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) ។

ផ្លែ​ប៉េងប៉ោះ​ដែល​ចម្អិន​រួច​គឺ​មាន​ផល​ល្អ​បំផុត​ខណៈ​ការ​ធ្វើតេស្ត​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​រាង​កាយ​របស់​មនុស្ស​អាច​ស្រូប​យក​សារធាតុ​លី​កូ​ប៉ែន​បាន​ល្អ​ជាង​កាលពី​វា​នៅ​ឆៅ ។

បណ្តា​អ្នកជំនាញ​នៅ​ប្រទេស​អូស្ត្រាលី​បាន​ធ្វើការ​វិភាគ​លើ​លទ្ធផល​នៃ​ការ​សិក្សា​អន្តរជាតិ​ចំនួន​១៤​ដែល​ការ​សិក្សា​ទាំងនោះ​សុទ្ធតែ​បាន​ពិនិត្យ​មើល​អត្ថប្រយោជន៍​របស់​សារធាតុ​លី​កូ​ប៉ែន​ជាង​៥៥​ឆ្នាំ​មក​ហើយ ។

អ្នកស្រី​វេជ្ជបណ្ឌិត​ការី​ន រ៉ា​យ មក​ពី​សាកលវិទ្យាល័យ University of Adelaide​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា ផ្លែ​ប៉េងប៉ោះ​មាន​សារធាតុ​លី​កូ​ប៉ែន​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​។ តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​Maturitas អ្នកស្រី​បាន​បន្ថែម​ថា ផឹកទឹក​ប៉េងប៉ោះ​កន្លះ​លី​ត្រ​ឬ​ទទួលទាន​ប៉េងប៉ោះ​កិន​ដាក់​កំប៉ុង​៥០​ក្រាម​នឹង​ផ្តល់​អត្ថប្រយោជន៍​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង ។ ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា ទទួលទាន​ប៉េងប៉ោះ​ត្រឹមតែ​១​ផ្លែ​គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ ។

សូម​បញ្ជាក់​ថា សារធាតុ​លី​កូ​ប៉ែន​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​មាននៅ​ក្នុង​ផ្លែ​ឪឡឹក ផ្លែ​ត្របែក ផ្លែ​ល្ហុង ផ្លែ​ទំពាំងបាយជូរ​ក្រហម ផ្លែ​អា​ព្រី​ខុ​ត​(​ស្រ​ដៀង​និង​ផ្លែ​ប៉ោម​មាន​គ្រាប់​កណ្តាល​) និង​ផ្លែ Rosehip ៕

ប្រភព៖ everyday

  • ទទួលទាន​ប៉េងប៉ោះ​ជួយ​ឱ្យ​ស្បែក​មើលទៅ​ស្រស់ថ្លា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: