ក្រោយ​សម្តេច​ស្រែក ផ្លូវ​ជាច្រើន​នៅ​ភ្នំពេញ​ត្រូវបាន​ជួសជុល​

រូបភាពពី៖​សាធារណការរាជធានីភ្នំពេញ​ក្រោយពី​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដកតំណែង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៥​មេសា​មក ក្រុមការងារ​សាធារណៈការ​រាជធានី មាន​សកម្មភាព​យ៉ាងខ្លាំង​ក្នុងការ​ជួសជុល​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​។​

​តាមរយៈ​រូបភាព​សកម្មភាព​ការងារ របស់​មន្ទីរ​សាធារណការ​រាជធានី ដែល​បាន​បង្ហោះ​នៅ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នោះ បាន​បង្ហាញថា នៅ​ព្រឹក​ថ្ងៃទី​០៦​ខែមេសា​នេះ មន្ទីរ​សាធារណការ​រាជធានី បានចាប់ផ្តើម​ដំណើរការ​ជួសជុល​គ្រលុក​សំបុកមាន់ ផ្លូវ​លេខ ២០A​ចាប់ពី​រង្វង់​មូល​ដីក្រហម ខណ្ឌដង្កោ ដល់​ស្រុក​កណ្តាលស្ទឹង ប្រវែង ៩០២០​ម៉ែត្រ​។ នៅ​ថ្ងៃទី​០២-០៥​ខែមេសា មន្ទីរ​សាធារណការ​រាជធានី បាន​ជួសជុល​ផ្លូវ​ដោយ​ប្រើ​កៅស៊ូ​អ៊ុត AC នៅតាម​ផ្លូវ​មួយចំនួន​រួមមាន​៖​មហាវិថី​ម៉ៅ​សេទុង ត្រង់ចំណុច​កែង​មហា​វិ​ថិ​ព្រះ​នរោត្តម​។ ផ្លូវ​លេខ ១៦៣ ចាប់ពី​មហាវិថី​ម៉ៅ​សេទុង​ដល់​ផ្លូវ​លេខ​២៧១​។ ផ្លូវ​លេខ ៣៩២ ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ផ្លូវ​លេខ​៦៣​។​

​រីឯ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៦​ខែមេសា​នេះ ក៏បាន​បង្ហាញ​សកម្មភាព​ក្រុមការងារ​ខ្លួន​ក្នុងការ​ជួសជុល​ផ្លូវ​ចំនួន ៤​ខ្សែ រួមមាន​១-​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ស្ពាន​ជ្រោយចង្វារ​ដល់​ស្ពាន​ព្រែក​ព្នៅ​។​២-​ផ្លូវ​លេខ​៥៧ ចាប់ពី​មហាវិថី​ព្រះសីហនុ​ដល់​មហាវិថី​ម៉ៅ​សេទុង​។ ៣-​ផ្លូវ​លេខ​២៨៨ ចាប់ពី​ផ្លូវ​លេខ​៥១ ដល់​ផ្លូវ​លេខ​៦៣ និង ផ្លូវ​លេខ​៦៣ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ផ្លូវ​លេខ​១៦៣ ផងដែរ​។​

​កាលពី​ថ្ងៃទី​០៥ មេសា សម្ដេច ហ៊ុន សែន ក៏បាន​រិះគន់​ចំៗ​លើ​ប្រធាន​និង​អនុប្រធាន​សាធារណៈ​រាជធានី​ភ្នំពេញ និង​អភិបាល​ខ័​ណ្ឌ ថា​មិនដែល​យក​ភ្នែក​មើល​លើ​បញ្ហា​ផ្លូវ​ទេ «​ទៅណា​អស់​ទៅ​»​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​​ថា តាំងពី​លោក សាំ ពិសិដ្ឋ កាន់តំណែង​នេះ​មក បញ្ហា​ខូច​ផ្លូវថ្នល់​កើតឡើង​គ្រប់កន្លែង​ហើយ តែ​គ្មាន​ការជួសជុល​វិញ​ឲ្យ​បានល្អ​ឡើយ ដោយ​លោក បាន​ប្រៀប​លោក សាំ ពិសិដ្ឋ  ដូច ធ្នញ្ជ័យ ថា «​តិច​ឲ្យ​ទៅ​មើលផ្លូវ មើល​មែន​!​តិច​នាយករដ្ឋមន្ត្រី​គាត់​ប្រាប់​ឲ្យ​អញ​មើលផ្លូវ​តើ ត្រង់​ខូច​ប៉ុន្មាន​អញ​មិនដឹង​»៕