ការងារ​ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​មួយចំនួន​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៥ ខែមេសា បានចេញ​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ដែល​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​

​យោងតាម​សេចក្តី​សេចក្តី លោក ហោ ណាំហុង ដែល​ទើបតែ​ចាក​ចេញពី​តំណែង​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​នៅមាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​នោះ ទទួលបន្ទុក​ផ្តល់យោបល់​នាយករដ្ឋមន្ត្រី​អំពី​ក្របខណ្ឌ​គោលនយោបាយ​ក្រៅប្រទេស និង​ការងារ​ផ្សេងទៀត​ដែល​នាយករដ្ឋមន្ត្រី​ប្រគល់ជូន​។​

​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ មាន​តួនាទី​ដោះស្រាយ​ការងារ​ប្រចាំថ្ងៃ​ជំនួស​នាយករដ្ឋមន្ត្រី ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​ការងារ «​ច្រកចេញ​-​ចូល​តែមួយ​» នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ការពិនិត្យ និង​សម្រេច​លើ​សំណើ​ស្មុំ​កូន និង​ការសុំ​លា​សញ្ជាតិ និង​ដឹកនាំ​ផ្ទាល់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ថែមទាំង​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ​។​

​ចំពោះ​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស លោក សេរី កុសល មាន​តួនាទី​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន រីឯ​លោក លី ធុច ជា​អនុប្រធាន​ទី​២ ។ បន្ថែម​ពីលើ​នេះ លោក លី ធុច ក៏​ទទួលបន្ទុក​ជា​អនុប្រធាន​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ESCAP ផងដែរ​។​

​រីឯ​ទេសរដ្ឋមន្ត្រី​បី​រូប​ទៀត លោក ជិន ប៊ុនស៊ាន ទទួលបន្ទុក​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក មិន ឃិន ទទួលបន្ទុក​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ ហើយ​ជួយ​នាយករដ្ឋមន្ត្រី​អំពី​ការងារ​វប្បធម៌ ខណៈ​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក អ៊ឹម សួស្តី មាន​តួនាទី​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។​

​ឧបនាយករដ្ឋមន្ត្រី​១​រូបៗ មាន​ទីប្រឹក្សា​៤​រូប (២​រូប​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​២​រូប​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​) និង​ជំនួយការ​៥​រូប (១​រូប​ឋានៈ​ស្មើ​អគ្គនាយក ២​រូប​ឋានៈ​ស្មើ​អគ្គនាយករង និង​២​រូប​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​) រីឯ​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស មាន​ជំនួយការ​៥​រូប (២​រូប​ឋានៈ​ស្មើ​អគ្គនាយក ១​រូប​ឋានៈ​ស្មើ​អគ្គនាយករង និង​២​រូប​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​)៕