ហ្វី​ជី​ប្រាប់​ប្រជាជន​ត្រៀមខ្លួន ខណៈ​ព្យុះ Zena នឹង​មកដល់​២៤​ម៉ោង​ទៀត​

​អាជ្ញាធរ​កោះ​ហ្វី​ជី​បាន​ប្រាប់​ឲ្យ​ប្រជាជន​របស់ខ្លួន​ត្រៀមខ្លួន​ឲ្យ​ស្រេច នៅមុន​ការមកដល់​ព្យុះ​ស៊ីក្លូន Zena ដែល​អាច​វាយប្រហារ​កោះ​នេះ​នៅពេល​ខ្លី​ខាងមុខ​។ អាជ្ញាធរ​បាន​ណែនាំ​ប្រជាជន​ទាំងអស់​ស្ថិត​តែ​ក្នុងផ្ទះ ដើម្បី​សុខ​សុវត្ថិភាព​។ នេះ​ជា​ព្យុះ​សាហាវ​ទី​ពីរ​ដែល​វាយប្រហារ​មក​លើ​ហ្វី​ជី បន្ទាប់ពី​ព្យុះ​Winston ដែល​បោកបក់​មកលើ​កោះ​នេះ​នៅ​ខែកុម្ភៈ ដោយបាន​សម្លាប់​មនុស្ស​៤៤​នាក់​។

​កោះ​ទេសចរណ៍​ហ្វី​ជី​បានប្រកាស​ប្រាប់​ប្រជាជន​ខ្លួន​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​និង​ត្រូវ​ស្ថិតក្នុង​ផ្ទះ​ឬ​ទីតាំង​នានា នៅ​ស្រប​ពេលដែល​ព្យុះ​Zena កាន់តែ​ខិតជិត​កោះ​នេះ​។ កោះ​ហ្វី​ជី​ដែល​កំពុងតែ​ងើប​ឡើងវិញ​ក្រោយ​ការវាយប្រហារ​របស់​ព្យុះ​Winston ត្រូវ​ប្រឈមមុខ​នឹង​ព្យុះ​ថ្មី​មួយ​នេះ ដែល​បាន​វិ​វត្ត​ពី​ព្យុះ​ធម្មតា​ទៅជា​ព្យុះ​កម្រិត​៣ និង​កំពុង​ឆ្ពោះទៅកាន់​កោះ​Vita Levu​។ មុន​ការមកដល់​នៃ​ព្យុះ Zena កោះ​ហ្វី​ជី​ក៏​កំពុងតែ​រង​ការធ្លាក់​យ៉ាងខ្លាំង និង​បង្ក​ជា​ទឹកជំនន់ ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​ក្មេងស្រី​ម្នាក់​បាត់​ខ្លួន​។

​ការប្រកាសអាសន្ន​នេះ ធ្វើឡើង​នៅ​ចំពេល​ដែល​ដែន​កោះ​នេះ នៅ​មិនទាន់​កសាង​ប្រទេស​ឡើងវិញ ដែល​ត្រូវ​បំផ្លាញ​ដោយ​ព្យុះ Winston នៅ​ខែកុម្ភៈ​ដើមឆ្នាំ​នេះ​។ ព្យុះ​Winston បានសម្លាប់​មនុស្ស​៤៤​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើនជាង​៦​ម៉ឺន​នាក់​បាត់បង់​លំនៅដ្ឋាន​ព្រមទាំង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ថែមទៀត​។

​នៅ​ថ្ងៃទី​៦ ខែមេសា រដ្ឋាភិបាល​កោះ​ហ្វី​ជី​ចេញ​ការណែនាំ​ដល់​ប្រជាជន​កោះ​នេះ​ដែលមាន​ចំនួន​ជាង​៩​សែន​នាក់​។ រដ្ឋាភិបាល​ហ្វី​ជី​និយាយថា ដើម្បី​ការពារ​សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​សាធារណៈ ប្រជាជន​ទាំងអស់​ត្រូវតែ​ស្ថិតក្នុង​ផ្ទះ​និង​ថែរក្សា​ទ្រព្យសម្បត្តិ​ខ្លួនឯង រហូតដល់​ពេល​មាន​ព័ត៌មាន​បន្ថែម ខណៈដែល​ព្យុះ​កម្រិត​៣ Zena កាន់តែ​ជិត​មកដល់​ហើយ​នោះ​។ ជាមួយគ្នានេះ អាកាសចរណ៍ Fiji International ក៏បាន​លុបចោល​ជើងហោះហើរ​អន្តរជាតិ​របស់ខ្លួន ហើយ​សាលា​រឿន​ក៏ត្រូវ​បិទ​ផងដែរ​។​

​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia ផ្សាយ​ថា ព្យុះ​ស៊ីក្លូន​នេះ នឹងធ្វើ​ដំណើរ​១៧០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង និង​មកដល់​ច្រាំង​ភាគខាងត្បូង​នៃ​កោះ​Vita Levu នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា​។ ប៉ុន្តែ​ផ្លូវ​ដំណើរ​និង​កម្លាំង​របស់​ព្យុះ​នេះ មិន​ងាយ​នឹង​ទាយ​ត្រូវ​នោះទេ ហើយ​អាច​ផ្លាស់ប្ដូរ​មិន​ទៀត​ទាត់​នោះទេ​។​

​ជាមួយគ្នានេះដែរ ទីភ្នាក់ងារ​មនុស្សធម៌​របស់ UN ក៏​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​កម្លាំង​ខ្យល់​ដែល​អាច​បំផ្លាញ​ដល់​ជម្រក​បណ្ដោះអាសន្ន​និង​អាគារ ដែល​ប៉ះពាល់​ដោយ​ព្យុះ Winston ។ មួយវិញទៀត ជាមួយនឹង​កម្រិត​ទឹកភ្លៀង​២០០​មី​លី​ម៉ែត​ក្នុង​រយៈពេល​២៤​ម៉ោង ទឹកជំនន់​ក៏​អាច​នឹង​វាយប្រហារ​ផងដែរ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ការវាយប្រហារ​ដោយ​ព្យុះ​Winston នៅ​ខែកុម្ភៈ កោះ​ហ្វី​ជី​នៅ​មិនទាន់​ងើប​រួច​ពី​មហន្តរាយ​នៅឡើយ​ទេ​។ ប្រជាជន​ជាច្រើន​បាន​បាត់បង់​ផ្ទះសំបែង និង​ស្នាក់នៅ​ជម្រក​បណ្ដោះអាសន្ន​។ រដ្ឋាភិបាល​កោះ​នេះ ក៏បាន​អំពាវនាវ​រក​ជំនួយ​រាប់លាន​ដុល្លារ​ពី​បរទេស ដើម្បី​ស្ដារ​ប្រទេស​ឡើងវិញ​៕