លោកស្រី ស៊ូ​ជី ជួប​រដ្ឋមន្ត្រីការបរទេស​ចិន​មុនគេ តែ​មិន​និយាយ​រឿង​វា​រី​អគ្គីសនី​

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ជួបជាមួយសមភាគីលោក វ៉ាង យី​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ជួប​ជាមួយ​សម​ភាគី​ចិន​លោក វ៉ាង យី នៅ​ទីក្រុង​ណៃ​ពិដោ ដែលជា​ជំនួប​លើកទីមួយ​របស់លោក​ស្រី ស៊ូ​ជី ក្នុងនាម​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​។ យ៉ាងណាក្ដី ភាគី​ទាំងពី​មិនបាន​ពិភាក្សា​លើ​បញ្ហា​វា​រី​អគ្គីសនី Myitsone ដ៏​ចម្រូងចម្រាស​នោះទេ ដោយ​លោកស្រី ស៊ូ​ជី អះអាងថា លោក វ៉ាង យី គ្រាន់តែ​មក​ពង្រឹង​ទំនាក់ទំនង​ប៉ុណ្ណោះ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ក្លាយជា​មន្ត្រី​បរទេស​ជាន់ខ្ពស់​ដំបូង​គេ​ដែល​ជួប​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ទើប​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ក្នុង​អាណត្តិ​ប្រធានាធិបតី​ស៊ីវិល​លោក ធិ​ន ច​។ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​លើ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ក្រោយ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​មី​យ៉ាន់​ម៉ា ប៉ុន្តែ​គម្រោង​វា​រី​អគ្គីសនី Myitsone មិនត្រូវ​បានលើកឡើង​ក្នុងជំនួប​នៅ​ថ្ងៃទី​៥ ខែមេសា​នោះទេ​។​

​និយាយ​ក្នុង​សន្និសីទកាសែត​រួមគ្នា លោកស្រី ស៊ូ​ជី បញ្ជាក់ថា លោកស្រី​មិនបាន​ពិគ្រោះ​រឿង​វិនិយោគ​អ្វី​នោះទេ ដោយ​រួមទាំង​គម្រោង​វា​រី​អគ្គីសនី​នៅ​រដ្ឋកា​ឈិន​ផងដែរ​។ លោកស្រី​ថា រដ្ឋមន្ត្រីការបរទេស​ចិន​មកនេះ​ដើម្បី​តែ​អបអរ​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា និង​ដើម្បី​ពង្រីក​មិត្តភាព​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​។ លោកស្រី និង​លោក វ៉ាង មិនបាន​ពិគ្រោះ​ពី​រឿង​ពិស្ដារ​អ្វី​ទេ​។

​ចំណែកឯ រដ្ឋមន្ត្រីការបរទេស​ចិន​ក៏​អះអាង​ដែរ​ថា លោក​មក​មី​យ៉ាន់​ម៉ា​គឺ​តាម​ការអញ្ជើញ​របស់លោក​ស្រី ស៊ូ​ជី ។ លោក វ៉ាង យី ប្រាប់​អ្នកសារព័ត៌មាន​ថា មី​យ៉ាន់​ម៉ា​កំពុង​ស្ថិតនៅ​ចំណុច​ចាប់ផ្ដើម​នៃ​ប្រវត្តិសាស្ត្រ​ថ្មី ហើយ​ចិន​សង្ឃឹម​និង​ជឿជាក់ថា រដ្ឋាភិបាល​ថ្មី​នឹង​បង្រួបបង្រួម​គ្រប់ភាគី​ទាំងអស់ និង​ដឹកនាំ​ប្រទេស​ទៅកាន់​ការអភិវឌ្ឍ​។

​រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ​បន្ថែមថា ចិន​ត្រៀម​ខ្លូន​រួចរាល់​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​ការបន្ត​ទំនាក់ទំនង​ប្រពៃណី​រវាង​ចិន​និង​មី​យ៉ាន់​ម៉ា ពង្រឹង​ការទុកចិត្ត​ផ្នែក​នយោបាយ ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផលប្រយោជន៍​ទៅវិញទៅមក​។ លោក​ក៏​សង្ឃឹម​ដែរ​ថា ទំនាក់ទំនង​រវាង​បក្ស​កាន់អំណាច​ទាំងពីរ​ប្រទេស ក៏ត្រូវ​បាន​ពង្រឹង​តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​គ្រប់គ្រង​រដ្ឋ​ជាដើម​។ 

​សូមបញ្ជាក់ថា ជំនួប​រវាង​លោកស្រី ស៊ូ​ជី និង​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ចូលកាន់​តំណែង​ផ្លូវការ​នៅ​ថ្ងៃទី​១ ខែមេសា​។ ដោយសារ​មិន​ស្រប​លក្ខខណ្ឌ​រដ្ឋធម្មនុញ្ញ លោកស្រី ស៊ូ​ជី បាន​ត្រឹម​ធ្វើជា​ទីប្រឹក្សា​រដ្ឋ ជា​រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​ការិយាល័យ​ប្រធានាធិបតី​ប៉ុណ្ណោះ​។

​គេ​អាច​យល់បាន​ថា ទស្សនកិច្ច​របស់លោក វ៉ាង យី នៅពេលនេះ គឺ​ដើម្បី​ទាក់ទាញ​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា​ឲ្យ​ងាក​មករក​ខ្លួន និង​ដើម្បី​ការពារ​ផលប្រយោជន៍​ចិន​នៅក្នុង​មី​យ៉ាន់​ម៉ា ជាពិសេស​គម្រោង​នានា​ដែល​ត្រូវ​បានផ្ដល់​ដោយ​រដ្ឋាភិបាល​លោក ថេ​ន សេន​។ ក្រុមហ៊ុន​ចិន​ទទួលបាន​សិទ្ធិ​វិនិយោគ​ជាច្រើន​នៅ​មី​យ៉ាន់​ម៉ា ប៉ុន្តែ​រង​កា​រិះគន់​ខ្លាំង​ពី​ពលរដ្ឋ ជាក់ស្ដែង​នោះ គឺ​គម្រោង​វា​រី​អគ្គីសនី​Myitsone ដ៏​ចម្រូងចម្រាស​៕