ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ធំ​ស្នើ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជម្លោះ​ឲ្យ​បាន​មុន​ចូល​ឆ្នាំ

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស ពិសេស​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ។ ការ​ស្នើសុំ​នេះ ក្រោយ​ពេល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ដាំ​ដំណាំ​របស់​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​កាល​ពី​ចុង​ខែ​មីនា។ អភិបាល​ខេត្ត​បញ្ជាក់​ថា បាន​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម ចុះ​ពិនិត្យ​មើល​បញ្ហា​ទាំង​នេះ​រួច​ហើយ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ២៦​គ្រួសារ​នៅ​ឃុំ​ក្រយា បារម្ភ​ខ្លាច​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ នឹង​ឈូស​ឆាយ​ដី​របស់​ពួក​គាត់​ជា​ថ្មី​ទៀត ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​ដោះស្រាយ។ ពលរដ្ឋ​ទាំង​នោះ​ថែម​ទាំង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​៤ មេសា បន្ទាប់​ពី​ដី​ដែល​ពួក​គេ​ធ្លាប់​កាន់​កាប់ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឈូស​ឆាយ​កាល​ពី​ថ្ងៃ​ទី​២៩ មីនា ដោយ​អះអាង​ថា ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ។

ពលរដ្ឋ​មួយ​រូប​នៅ​ឃុំ​ក្រយា លោក ហែម ឆេន ឲ្យ​ដឹង​ថា ដី​នៅ​តំបន់​អូរ​កំបុត ជាង ៧០​ហិកតារ​ជាប់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម តាន បៀន (Tan Bien) គឺ​ពលរដ្ឋ​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០១០។ ស្រប​គ្នា​នេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​អ្នក​ភូមិ មិន​បាន​ជូន​ដំណឹង​ដល់​ពួក​គាត់​ជា​មុន​ឡើយ៖ «ប្រសិន​បើ​ដាក់​ថា​ជា​ដី​រដ្ឋបាល​ព្រៃ​ឈើ ពី​ដើម​មក​មិន​បាន​ដាក់​ថា​ជា​វីរ​សត្វ​អី​ទេ»

ជម្លោះ​ដីធ្លី កំពង់ធំ ២០១៦ ៨៥៥
ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​រង​ការ​ឈូស​ឆាយ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​សន្ទុក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ Photo Provided

កាល​ពី​ថ្ងៃ​ទី​៤ មេសា ពលរដ្ឋ​ប្រមាណ ២០​នាក់ នាំ​គ្នា​យក​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ​ខេត្ត និង​ការិយាល័យ​អ្នក​តំណាង​រាស្ត្រ​ខេត្ត​កំពង់ធំ។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បញ្ជាក់​ថា ពលរដ្ឋ​ចំនួន ២៦​គ្រួសារ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ផ្តល់​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ស្រប​ច្បាប់ និង​បញ្ឈប់​សកម្មភាព​រំខាន​ពួក​គាត់​បន្ត​ទៀត។

ទាក់ទង​បញ្ហា​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ មេសា ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ជាង ២០​គ្រួសារ​នៅ​ឡើយ​ទេ ប៉ុន្តែ​មុន​ពេល​ពលរដ្ឋ​នាំ​គ្នា​ឡើង​មក​សាលា​ខេត្ត លោក​បាន​ឲ្យ​អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យ​ស្ថានភាព​ដី​ទំនាស់​នៅ​តំបន់​នោះ។ លោក​បន្ត​ថា ជា​គោលការណ៍ អាជ្ញាធរ​ត្រូវ​ពិនិត្យ​លើ​ការ​កាន់​កាប់​ដី​របស់​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ឈាន​ទៅ​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ស្វែងរក​ដំណោះស្រាយ៖ «អ៊ីចឹង​យើង​ត្រូវ​ការ​ធ្វើ​អត្តសញ្ញាណកម្ម ដើម្បី​ញែក​ឲ្យ​ឃើញ ទី​១ ប្រសិន​បើ​ពួក​គាត់​ជា​អ្នក​ដើរ​ទៅ​យក​ដី​គេ អា​ហ្នឹង​យើង​ទំនង​មិន​ឲ្យ​ពួក​គាត់​ធ្វើ​សកម្មភាព​ដូច្នោះ​ទេ»

បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ក្រយា នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ ដោយ​អាជ្ញាធរ​មិន​ទាន់​អាច​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ។ ជាមួយ​គ្នា​នេះ តំបន់​ខ្លះ​ទៀត​នៅ​ក្នុង​ឃុំ​ក្រយា សកម្មភាព​រុក​រាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ចម្ការ​ពី​សំណាក់​ពលរដ្ឋ​មួយ​ចំនួន កំពុង​កើត​មាន​ឡើង​ដដែល។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​អភិបាល​ខេត្ត។ យ៉ាង​នេះ​ក្តី លោក​មើល​ឃើញ​ថា កន្លង​មក បញ្ហា​ដីធ្លី​នៅ​ឃុំ​ក្រយា មិន​អាច​ដោះស្រាយ​បាន ដោយសារ​តែ​អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ផង៖ «ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​មាន​ឆន្ទៈ​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​ថា តើ​ពលរដ្ឋ​ជាក់ស្តែង​ដែល​ត្រូវ​ការ​ដី​ដើម្បី​រស់​ហ្នឹង​ប៉ុន្មាន​គ្រួសារ និង​ប៉ុន្មាន​គ្រួសារ​ទៀត​ដើម្បី​ទាញ​យក​ចំណេញ​ផល​ប្រយោជន៍»

លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ឃុំ​ក្រយា អាជ្ញាធរ​ត្រូវ​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ និង​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ពិត​ប្រាកដ។ លើស​ពី​នេះ ក្នុង​ការ​ដោះស្រាយ អាជ្ញាធរ​ត្រូវ​ឈរ​នៅ​ចំណុច​កណ្ដាល​ដើម្បី​ធានា​បាន​នូវ​ភាព​យុត្តិធម៌​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។