សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ថា​ព្រៃ​រាប់​ពាន់​ហិកតារ​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ

ដី​ព្រៃ​រាប់​ពាន់​ហិកតារ​នៅ​តំបន់​វាល់​យោង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​គេ​កាប់​រាន​ដើម្បី​យក​ដី​ជា​សម្បត្តិ​ឯកជន។ សហគមន៍​ព្នង រស់នៅ​តំបន់​នោះ​អះអាង​ថា ការ​កាប់​រាន​ព្រៃ​នេះ បង្ក​ផល​ប៉ះពាល់​តំបន់​ព្រៃ​អភិរក្ស​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច និង​ជីវភាព​រស់នៅ​របស់​ពួក​គេ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូស្រា នៅ​ថ្ងៃ​ទី​៥ ខែ​មេសា អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល ដក​ហូត​ដី​ពី​អ្នក​មាន​អំណាច និង​ពលរដ្ឋ​ដែល​បាន​កាប់​រាន​ព្រៃ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​វាល់​យោង ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស​ឡើង​វិញ ដើម្បី​រក្សា​ព្រៃ​ឈើ​ទុក​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ និង​ជា​ផ្នែក​រក្សា​បរិស្ថាន​ធម្មជាតិ​ទៅ​ថ្ងៃ​អនាគត។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​ថ្នាក់​ខេត្ត រួម​ទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​វាស់វែង​ដី​សហគមន៍​ប៊ូស្រា តាម​ការ​តវ៉ា​របស់​ពលរដ្ឋ​ដែល​អះអាង​ថា តំបន់​ព្រៃ​កប់​សព ព្រៃ​សក្ការបូជា និង​ព្រៃ​ការពារ​សហគមន៍ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​កាប់​រាន​យក​ដី ក្រោម​ហេតុផល​ថា​ជា​ដី​សម្បទាន​សង្គមកិច្ច។ លើស​ពី​នេះ​ទៀត ព្រៃ​ឈើ​មួយ​ចំណែក​ទៀត ក៏​ត្រូវ​បាន​មន្ត្រី​អ្នក​មាន​អំណាច​មួយ​ចំនួន​នៅ​តំបន់​នោះ កាប់​រាន​យក​ដី​ជា​សម្បត្តិ​ឯកជន។

តំណាង​សហគមន៍​ឃុំ​ប៊ូស្រា លោក ថ្លាង ថូ មាន​ប្រសាសន៍​ថា ការ​វាស់វែង​របស់​ក្រុម​ជំនាញ​ទៅ​លើ​តំបន់​ដី​សម្បទាន​សង្គមកិច្ច គឺ​មាន​ដី​ជាង ១.១០០​ហិកតារ​ជា​ដី​ត្រួត​លើ​ដី​សហគមន៍​អភិរក្ស និង​ដី​ជាង ១​ពាន់​ហិកតារ​ទៀត ត្រូវ​បាន​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ប្រាក់ កាប់​រាន​ក្នុង​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ណាមលៀរ។ លោក​ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​ខេត្ត ត្រូវ​ដក​ហូត​ដី​នោះ ហើយ​ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស​ឡើង​វិញ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ជា​អ្នក​ថែ​រក្សា និង​អាស្រ័យ​ផល​ព្រៃ​ឈើ​ទាំង​នោះ៖ «ថ្ងៃ​អាទិត្យ ធ្វើ​កំណត់​ហេតុ​ផ្ដិត​មេដៃ ដី​សង្គមកិច្ច​មិន​ស្រប​ច្បាប់​ជាន់​លើ​ច្បាប់។ អត់​តាម​គោល​បំណង​ច្បាប់ យើង​នឹង​ដាក់​ញត្តិ​ទៅ​ក្រសួង»

អាជ្ញាធរ​ស្រុក​ពេជ្រដា បាន​កំណត់​ថ្ងៃ​ទី​១ ខែ​មេសា ចុះ​វាស់វែង​ព្រំ​ដី​សម្បទាន​សង្គមកិច្ច និង​ទីតាំង​មាន​ផល​ប៉ះពាល់​ដី​សហគមន៍​ប៊ូស្រា បន្ទាប់​ពី​អ្នក​ភូមិ​បាន​បិទ​ផ្លូវ​ធ្វើ​ដំណើរ​មុខ​សាលា​ស្រុក តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត អនុវត្ត​លក្ខខណ្ឌ​របស់​សហគមន៍។ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៥ ខែ​មេសា ការ​វាស់វែង​ដី​នេះ​បាន​បញ្ចប់ ក៏ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​មិន​ទាន់​បូក​សរុប​នៅ​ឡើយ។

អភិបាល​រង​ស្រុក​ពេជ្រាដា ដែល​បាន​ចូលរួម​ក្នុង​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ចុះ​វាស់វែង​ដី លោក វណ្ណា ម៉ាប់ កត់​សម្គាល់​ថា ទិន្នន័យ​ទាក់ទិន​អត្តសញ្ញាណ​ដី​ដែល​សហគមន៍​ស្នើសុំ​វាស់វែង​នោះ ក្រុម​ការងារ​មិន​ទាន់​បូក​សរុប​នៅ​ឡើយ។ ចំណែក​លទ្ធផល​យ៉ាង​ណា​នោះ ក្រុម​ការងារ​នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​ជា​អ្នក​សម្រេច។ លោក​បន្ត​ថា លទ្ធផល​ជាក់ស្តែង​ទាក់ទិន​ការ​វាស់វែង​ដី នឹង​អាច​បញ្ចប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាង​មុខ​នេះ៖ «ថ្នាក់​ស្រុក​ត្រូវ​តែ​ឆ្លង​ទៅ​ខេត្ត ព្រោះ​ស្រុក​គ្មាន​សិទ្ធិ​សម្រេច​ទេ។ គណៈកម្មការ​ចុះ​វាស់វែង​មាន​មន្ត្រី​ថ្នាក់​ខេត្ត​មក​ដែរ អ៊ីចឹង​ប្រហែល​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ទៀត​ដឹង​ហើយ»

សហគមន៍​ប៊ូស្រា មក​ពី​ភូមិ​ចំនួន​៧ មាន​គ្នា​ប្រមាណ ២០០​នាក់ ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​មេសា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​តំបន់​វាល់​យោង ជា​កន្លែង​ដែល​សហគមន៍​អះអាង​ថា​មាន​ការ​កាប់​រាន​ព្រៃ​ឈើ​បែប​អនាធិបតេយ្យ។ សេចក្តី​រាយការណ៍​របស់​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ​រាប់​ពាន់​ហិកតារ ត្រូវ​គេ​កាប់​រាន​រួច​ហើយ ក្នុង​នោះ​ដី​ព្រៃ​មួយ​ចំណែក​ត្រូវ​គេ​ដុត​រាន​យក​ជា​ដី​សម្បទាន​សង្គមកិច្ច ក៏ប៉ុន្តែ​ដី​សម្បទាន​សង្គមកិច្ច​នោះ​ត្រូវ​គេ​បែង​ចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក ដោយ​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ត្រឹមត្រូវ។ ដោយឡែក​អ្នក​ទទួល​បាន​ដី​សម្បទាន​ខ្លះ បាន​លក់​ដី​នោះ​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់។ លើស​ពី​នេះ​ទៀត ដី​ព្រៃ​មួយ​ចំណែក​ទៀត ត្រូវ​បាន​មន្ត្រី​អភិរក្ស​នៅ​តំបន់​នោះ​ជួល​កម្មករ​កាប់​រាន​យក​ដី​ជា​សម្បត្តិ​ឯកជន និង​លក់​ដូរ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក អ៊ា ម៉េងលី ដែល​បាន​ចូលរួម​ចុះ​សង្កេតការណ៍​នៅ​តំបន់​នោះ កត់​សម្គាល់​ថា ដី​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ ពិត​ជា​ត្រូវ​គេ​កាប់​រាន។ លោក​ថា ព្រៃ​តំបន់​នោះ​ឋិត​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍។ ហេតុ​នេះ ការ​កាប់​រាន​ព្រៃ​បែប​អនាធិបតេយ្យ​នេះ បង្ក​ផល​ប៉ះពាល់​តំបន់​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​អាស្រ័យ​ផល និង​អភិរក្ស​សម្រាប់​ប្រពៃណី និង​បរិស្ថាន​ធម្មជាតិ៖ «គណៈកម្មការ​គាត់​ឆ្លើយ​ប្រាប់​បង​ប្អូន​ដែល​ទៅ​ថា ជា​អតីត​មន្ត្រី​បរិស្ថាន បាន​ជួល​គាត់​ចូល​កាប់​ឆ្ការ។ កាប់​ឆ្ការ​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ត្រណម​បង​ប្អូន​ជាច្រើន​កន្លែង។ អាជ្ញាធរ ជាពិសេស​រាជ​រដ្ឋាភិបាល គួរ​ចាត់​វិធានការ​បញ្ឈប់​បន្ទាន់​រឿង​រុក​រាន​ដី​រដ្ឋ​ខុស​ច្បាប់​ហ្នឹង»

រាជ​រដ្ឋាភិបាល បាន​សម្រេច​ផ្តល់​ដី ២.៤០០​ហិកតារ​នៅ​តំបន់​វាល់​យោង សម្រាប់​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ៥៨៨​គ្រួសារ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ស្នើសុំ​ដី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត​កាល​ពី​ឆ្នាំ​២០១១។ រហូត​ពេល​នេះ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មិន​ទាន់​បែង​ចែក​ដី​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​នោះ​នៅ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​ចាម បាន​ចូល​មក​កាប់​ឆ្ការ​ព្រៃ​នៅ​តំបន់​នោះ​សម្រាប់​តាំង​លំនៅឋាន និង​លក់​ដូរ​ពី​ម្នាក់​ទៅ​ម្នាក់ ទើប​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ធ្វើ​ការ​តវ៉ា។

អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក មឹង សុចន្ថា ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​កំណត់​ធ្វើ​យ៉ាង​ណា​ទាក់ទិន​សំណើ​ដក​ហូត​ដី​របស់​សហគមន៍​នោះ​ទេ ពីព្រោះ​ត្រូវ​រង់ចាំ​លទ្ធផល​ក្រុម​ការងារ​វាស់វែង​ដី​បង្ហាញ​ទិន្នន័យ និង​អត្តសញ្ញាណ​ដី​ជាក់លាក់ ទើប​អនុវត្ត​នីតិវិធី​ទាក់ទិន​ដី​សហគមន៍ និង​ដី​សម្រាប់​សម្បទាន​សង្គមកិច្ច៖ «យើង​មិន​ទាន់​កំណត់​ថា​យ៉ាង​ម៉េច​ទេ ទាល់​តែ​យើង​វាស់វែង​កំណត់​ហើយ​បាន​ដឹង​បាន។ សហគមន៍​គាត់​មាន​ហេតុផល​របស់​គាត់ សហគមន៍​មួយ​ជា​សហគមន៍​ប្រើប្រាស់​ដីធ្លី​មួយ​ទៀត សហគមន៍​នីតិបុគ្គល។ សហគមន៍​ដីធ្លី​ត្រូវ​មាន​ផែនទី​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ឃុំ​ប៊ូស្រា លោក ថ្លាង ថូ ឲ្យ​ដឹង​ថា សហគមន៍​គ្រោង​ធ្វើ​ញត្តិ​ដាក់​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ដើម្បី​ទាមទារ​ដក​ហូត​ដី​ទាំងអស់​ដែល​ក្រុម​ឈ្មួញ​មាន​អំណាច និង​អ្នក​មាន​លុយ រួម​ទាំង​ពលរដ្ឋ​ចំណាក​ស្រុក​បាន​មក​កាប់​រាន​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ និង​សុំ​លុប​ចោល​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដែល​ធ្វើ​ឡើង​ខុស​គោលការណ៍ ហើយ​រក្សា​ដី​នោះ​ទុក​ឲ្យ​សហគមន៍​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។