កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ភ្នំពេញ

កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា មាន​ស្នេហា​លួច​លាក់​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ថា បច្ចុប្បន្ន កញ្ញា ស្រី​មុំ មិន​ទាន់​រក​មេធាវី​ការពារ​ក្ដី​ករណី​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ឡើយ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា លោក នី សុខា ថ្លែង​ថា សមាគម​អាដហុក នៅ​តែ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់ កញ្ញា ស្រី​មុំ ប្រសិន​បើ​នាង​បន្ត​ស្វែងរក​អន្តរាគមន៍​ពី​សមាគម​អាដហុក។ លោក នី សុខា ប្រមើល​មើល​ថា ប្រសិន​បើ​តុលាការ​ប្រកាន់​យក​ឯករាជ​ភាព យុត្តិធម៌ នោះ​ការ​ចូល​ឆ្លើយ​បំភ្លឺ​របស់ កញ្ញា ស្រី​មុំ នឹង​មិន​ប៉ះពាល់​អ្វី​ដល់​នាង​ឡើយ៖ «ពីព្រោះ​ថា រឿង​របស់ ស្រី​មុំ នេះ គាត់​អត់​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ហ្នឹង​ទេ។ ចឹង​ខ្ញុំ​គិត​ថា មិន​មាន​បញ្ហា​ទេ ព្រោះ​បទល្មើស​ទាំង​ពីរ​ដែល​តុលាការ​បាន​កោះ​ហៅ​ទៅ​សួរ​តាម​របាយការណ៍​របស់​ប៉ូលិស​នេះ គឺ​មិន​ទាក់ទង​នឹង​កំហុស​ខុស​ច្បាប់​អី​ទេ​សម្រាប់ ស្រី​មុំ»

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រក​ឃើញ​ថា កញ្ញា ស្រី​មុំ ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។