WWF ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ការ​អនុម័ត​ផែនការ​សកម្មភាព​អភិរក្ស​ខ្លា​ធំ​នៅ​កម្ពុជា

អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក (WWF) រៀបចំ​សន្និសីទ​កាសែត​មួយ​ស្ដីពី​ការ​អនុម័ត​ផែនការ​សកម្មភាព​អភិរក្ស​ខ្លា​ធំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​មេសា។ ការ​រៀបចំ​សន្និសីទ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​នេះ​បាន​ជំរុញ​រដ្ឋាភិបាល អនុម័ត​ផែនការ​សកម្មភាព​អភិរក្ស​ខ្លា​ធំ និង​ប្ដេជ្ញា​ចិត្ត​រៀបចំ​កម្មវិធី​ស្ដារ​សត្វ​ខ្លា​ធំ​នៅ​ក្នុង​តំបន់​អភិរក្ស​ស្នូល នៃ​ព្រៃ​ការពារ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ចាត់​ទុក​ថា​ជា​តំបន់​ព្រៃ​អាទិភាព​ដំបូង។

ការ​អនុម័ត​ផែនការ​សកម្មភាព​អភិរក្ស​ខ្លា​ធំ​នេះ គឺ​ស្រប​ទៅ​នឹង​គោលដៅ​ជា​សកល​នៃ​ការ​បង្កើន​ចំនួន​ទ្វេ​ដង​នូវ​សត្វ​ខ្លា​ធំ​នៅ​ឆ្នាំ​២០២២។

សត្វ​ខ្លា​ធំ ត្រូវ​បាន​គេ​ថត​បាន​លើក​ចុង​ក្រោយ​ដោយ​កាមេរ៉ា​ស្វ័យ​ប្រវត្តិ​កាល​ពី​ឆ្នាំ​២០០៧ នៅ​ក្នុង​ព្រៃ​ការពារ​មណ្ឌលគិរី។ អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក ឲ្យ​ដឹង​ថា មិន​មាន​ការ​បង្កាត់​ពូជ​ថ្មី​ណា​មួយ​នៃ​សត្វ​ខ្លា​ធំ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន។

ទាក់ទង​នឹង​ការ​អភិរក្ស​សត្វ​ខ្លា​ធំ​នេះ​ដែរ រដ្ឋមន្ត្រី​ប្រចាំ​តំបន់​អាស៊ី និង​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ប្រទេស​ចំនួន​១៣ ដែល​មាន​សត្វ​ខ្លា​ធំ នឹង​ជួប​ប្រជុំ​ពិភាក្សា​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ មេសា នៅ​ទីក្រុង​ញូដេលី (New Delhi) ប្រទេស​ឥណ្ឌា។ កិច្ច​ប្រជុំ​នេះ មាន​គោលដៅ​ជា​សកល​ដើម្បី​បង្កើន​ចំនួន​ទ្វេ​ដង​នៃ​ចំនួន​សត្វ​ខ្លា​ធំ។ មន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា ក៏​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។