មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ចុះ​សិក្សា​ពី​ស្ថានភាព​រស់​នៅ​របស់​អតីត​អ្នក​បុរីកីឡា

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​សិក្សា​ពី​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ភ្នំបាត ជា​អតីត​ពលរដ្ឋ​បុរីកីឡា ដែល​បាន​ត្អូញត្អែរ​ជា​រៀងរាល់​ថ្ងៃ​ថា ពួកគេ​ពិបាក​ក្នុង​ការ​រស់នៅ។ ការ​ចុះ​សិក្សា​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​នាំ​គ្នា​មក​ដាក់​ញត្តិ​ពីរ​ថ្ងៃ​ជាប់​គ្នា ឲ្យ​សាលា​រាជធានី រដ្ឋសភា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អន្តរាគមន៍​ដោះស្រាយ​ការ​រស់​នៅ​របស់​ពួកគេ​នៅ​តំបន់​ភ្នំបាត បន្ទាប់​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច បណ្ដេញ​ពួកគេ​ចេញ​ពី​សហគមន៍​បុរីកីឡា។

ប្រជាពលរដ្ឋ​តំបន់​ភ្នំបាត ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ជា​អតីត​ពលរដ្ឋ​បុរីកីឡា កំពុង​រង់ចាំ​លទ្ធផល​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ចុះ​សិក្សា​ស្ថានភាព​រស់​នៅ​របស់​ពួកគេ។

តំណាង​សហគមន៍​បុរី​ស្រះពោធិ៍ គឺ​លោកស្រី ខៀវ ឡៃ ថ្លែង​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ថា មន្ត្រី​ពី​សាលា​រាជធានី​ភ្នំពេញ ចំនួន ៤​រូប បាន​ចុះ​ទៅ​ដល់​ភូមិ​ដែល​ពួកគាត់​កំពុង​រស់​នៅ។ លោកស្រី​បន្ត​ថា ជំនួប​នេះ មន្ត្រី​សាលា​រាជធានី​ពិត​ជា​ទទួល​ស្គាល់ និង​បាន​ឃើញ​ពី​ស្ថានភាព​រស់នៅ​លំបាក​របស់​អ្នក​ភូមិ​ពិត​ប្រាកដ​មែន ប៉ុន្តែ​គំនិត​រវាង​មន្ត្រី និង​ពលរដ្ឋ​មិន​ត្រូវរ៉ូវ​គ្នា​នោះ​ទេ ដោយ​ថា​ការ​ទាមទារ​របស់​ពលរដ្ឋ​ច្រើន​ពេក៖ «ពួកគាត់​ថា ចាំ​មក​ដល់​សាលា​រាជធានី​វិញ​គាត់​ប្រជុំ​គ្នា​គាត់ និង​មេ​គាត់។ គោលការណ៍​គាត់​ទៅ​ជួប​ពួក​ខ្ញុំ​ផ្ទាល់ គាត់​ចង់​ធ្វើ​ថ្នល់ ហើយ​រក​ទីផ្សារ​នៅ​កន្លែង​ជិត​ហ្នឹង ហើយ​មាន​អណ្ដូង​ទឹក​គាត់​ចង់​អ៊ីចឹង។ ទាមទារ​រចនាសម្ព័ន្ធ​ដដែល​ពួក​ខ្ញុំ​ចាំបាច់​ទៅ​ទាមទារ​ធ្វើ​អី ​បើ​មាន​ប្រាក់​សំណង​បន្ថែម​សម្រាប់​រក​ស៊ី​ជីវភាព​អី​ផង​ហ្នឹង​នៅ​ក៏​អត់​កើត​ដដែល​ហ្នឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុម​ការងារ​សាលា​រាជធានី​ដែល​បាន​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​នៅ​ពេល​នេះ​ដែរ។

អ្នក​ភ្នំបាត ជាង ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មេសា បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​ដោះស្រាយ​សំណូមពរ​របស់​ពួកគេ​ចំនួន ២​ចំណុច។ អ្នក​ភូមិ​ទាមទារ​ផ្ទះ​មួយ និង​លុយ ៥​ពាន់​ដុល្លារ នៅ​ភូមិ​អណ្ដូង និង​ទាមទារ​សំណង ១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រួសារ ជា​ថ្នូរ​នឹង​ការ​បន្ត​រស់​នៅ​តំបន់​ភ្នំបាត​ដដែល។ ពួកគាត់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សាលា​រាជធានី​ដើម្បី​ដាក់​លិខិត​ដោយ​ស្ងៀមស្ងាត់។

ពាក់ព័ន្ធ​ការ​ទាមទារ​សំណង​នេះ ប្រធាន​សមាគម​ធាង​ត្នោត លោក អ៊ី សារ៉ុម មាន​ប្រសាសន៍​ថា សាលា​រាជធានី​គួរ​ផ្ដល់​ដំណោះស្រាយ​ជូន​អ្នក​ភូមិ​ដោយសារ​តែ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ក្រោម​ការ​អភិវឌ្ឍ ដោយ​មាន​គណៈកម្មការ​មួយ​ចុះ​ធ្វើការ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ចំពោះ​ការ​ស្នើ​សុំ​នេះ៖ «គណៈកម្មការ​ត្រូវ​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​ជ្រើសរើស ឬ​ក៏​ស្វែង​យល់​ថា​តើ​ចំណុច​មួយ​ណា ​ដែល​យើង​អាច​ដោះស្រាយ​ធ្វើ​ឲ្យ​អ្នក​រង​ផល​ប៉ះពាល់​គាត់​អាច​ទទួល​យក​បាន។ ប្រជាពលរដ្ឋ​គាត់​មិនមែន​ចេះ​តែ​មក​ទាមទារ​ទេ។ ខ្ញុំ​ទទូច​ថា សូម​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពិភាក្សា​សន្ទនា​អំពី​បញ្ហា​នេះ ហើយ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​អំពី​ផល​ប៉ះពាល់​នេះ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​ពី​២០១២ ពលរដ្ឋ​រស់​នៅ​តំបន់​បុរីកីឡា មួយ​ចំនួន​ត្រូវ​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន ដើម្បី​យក​ទីតាំង​ធ្វើ​ការ​អភិវឌ្ឍ។ អតីត​អ្នក​បុរីកីឡា ចំនួន ១៤០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​នៅ​តំបន់​ភ្នំបាត ត្រង់​ចំណុច​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ខ្លះ​ត្រូវ​យក​ទៅ​ដាក់​នៅ​ឯ​ទួលសំបូរ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។