សហជីព​បដិសេធ​មិន​ទទួល​យក​សំណង​ពី​សណ្ឋាគារ​វិចតូរីយ៉ា​អង្គរ​ជា​ថ្នូរ​បញ្ឈប់​កម្មករ​៦០​នាក់

ម្ចាស់​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) នៅ​ក្នុង​ខេត្ត​សៀមរាប បាន​សម្រេច​ចិត្ត​ចុង​ក្រោយ​ថា នឹង​សុខ​ចិត្ត​ទូទាត់​ប្រាក់​សំណង​ជូន​កម្មករ​ចំនួន ៦០​នាក់​ដែល​គេ​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​តែ​ការ​នាំ​គ្នា​បង្កើត​សហជីព​នៅ​ក្នុង​កន្លែង​ការងារ​នោះ។

ការ​សម្រេច​ចិត្ត​ទូទាត់​ប្រាក់​សំណង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា និង​សហជីព​កម្មករ បាន​ត​តាំង​គ្នា​តាម​ផ្លូវ​ច្បាប់​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​អស់​រយៈពេល​ជាង ៣​ខែ​មក​ហើយ។

តំណាង​សហជីព​កម្មករ​នៃ​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា បាន​បដិសេធ​មិន​ទទួល​យក​ការ​ទូទាត់​សំណង​ជា​ទឹក​ប្រាក់​ពី​ភាគី​ក្រុមហ៊ុន ជំនួស​ឲ្យ​ការ​បណ្ដេញ​កម្មករ​ចំនួន ៦០​នាក់​ចេញ​ពី​ការងារ​នោះ​ទេ។

ក្រុម​កម្មករ​មាន​គម្រោង​ដាក់​បណ្ដឹង​ជំទាស់​ស្ដីពី​ការ​មិន​ទទួល​យក​ប្រាក់​សំណង ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​មេសា នេះ​បន្ត​ទៅ​ទៀត។

ប្រធាន​សហជីព​កម្មករ​នៃ​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា គឺ​អ្នកស្រី ចាន់ សុជាតិ។ អ្នកស្រី​មាន​ប្រសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ថា កម្មករ​ចំនួន ៦០​នាក់​បដិសេធ​ចោល​បំណង​របស់​ក្រុមហ៊ុន ដែល​ចង់​ទូទាត់​សំណង​ជា​ទឹក​ប្រាក់ ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​ពួក​គេ​ពី​ការងារ។ អ្នកស្រី ចាន់ សុជាតិ បញ្ជាក់​ថា ចាប់​តាំង​តែ​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ធ្លាប់​ចេញ​សេចក្តី​បង្គាប់​ចំនួន​២ ឲ្យ​ម្ចាស់​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ទូទាត់​ប្រាក់​សំណង​ទៅ​ឲ្យ​កម្មករ​ចំនួន ៦០​នាក់​ដែល​គេ​បញ្ឈប់​ពី​ការងារ ចំណែក​ឯ ១១​នាក់​ដែល​ជា​តំណាង​សហជីព​កម្មករ គឺ​ត្រូវ​ឲ្យ​ទៅ​ធ្វើ​ការ​វិញ ក៏ប៉ុន្តែ​ភាគី​ថៅកែ បាន​ជ្រើស​យក​មិន​ជាប់​កាតព្វកិច្ច​តាម​សេចក្តី​បង្គាប់​នោះ។ ពេល​នេះ សហជីព​ក៏​មិន​សុខ​ចិត្ត​ទទួល​យក​ការ​ទូទាត់​ប្រាក់​សំណង​ទេ ពីព្រោះ​ការ​ទូទាត់ គឺ​ធ្វើ​ទៅ​លើ​តែ​អ្នក​ធ្វើ​កូដកម្ម​ចំនួន ៦០​នាក់ ចំណែក​តំណាង​សហជីព​ដែល​គេ​បញ្ឈប់​ពី​មុន គឺ​ក្រុមហ៊ុន​មិន​ទាន់​លើក​មក​ដោះស្រាយ​នៅ​ឡើយ៖ «ខ្ញុំ​រីករាយ​មែន​ទែន​ដែល​ភាគី​ក្រុមហ៊ុន​បង្ហាញ​ឥរិយាបថ​ចង់​ដោះស្រាយ​បញ្ហា​កម្មករ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ភាគី​ក្រុមហ៊ុន អនុវត្ត​ទៅ​លើ​សេចក្តី​បង្គាប់​ទី​១ និង​ទី​២ របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ផង»

ប្រតិកម្ម​របស់​សហជីព​កម្មករ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នៅ​កន្លែង​ធ្វើ​ការ ព្រម​ទាំង​ជូន​ទៅ​មន្ទីរ​ការងារ ឲ្យ​កម្មករ​ចំនួន ៦០​នាក់​ដែល​ធ្វើ​កូដកម្ម មក​ទទួល​យក​ប្រាក់​សំណង​ទៅ​តាម​សេចក្តី​បង្គាប់​ចុង​ក្រោយ​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

មេធាវី​ការពារ​ឲ្យ​សណ្ឋាគារ​វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា លោក កៅ ស៊ូផា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា កន្លង​ទៅ​ថា ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល បាន​ចេញ​សេចក្តី​បង្គាប់​ឲ្យ​ភាគី​ថៅកែ​ទូទាត់​ប្រាក់​សំណង​ទៅ​ដល់​កម្មករ​ចំនួន ៦០​នាក់ ដែល​ធ្វើ​កូដកម្ម​ជាច្រើន​ខែ​មក​ហើយ។ លោក​មេធាវី​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ខាតបង់​ជាច្រើន ប្រសិន​បើ​អនុវត្ត​ទៅ​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។ ទោះ​បី​ជា​យ៉ាង​ណា​លោក​ថា ក្រុមហ៊ុន​នៅ​តែ​អនុវត្ត​តាម បើ​ទោះ​បី​ជា​ក្រុមហ៊ុន​មិន​បាន​ជ្រើស​យក​ជាប់​កាតព្វកិច្ច​ទៅ​នឹង​សេចក្តី​បង្គាប់​មួយ​នេះ​ក៏ដោយ៖ «ក្រុមហ៊ុន​សូម​ប្រកាស​នៅ​នឹង​កន្លែង ក៏ដូចជា​យក​ទៅ​មន្ទីរ​ការងារ ថា ឲ្យ​អ្នក​ដែល​ពាក់ព័ន្ធ ៦០​នាក់​មក​ទទួល​យក​លុយ​ទៅ​តាម​ច្បាប់​ការងារ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិត វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី បង្ហាញ​ជំហរ​ថា កម្មករ​នឹង​មិន​ទៅ​ទទួល​យក​ការ​ទូទាត់​ប្រាក់​សំណង​នោះ​ទេ ពីព្រោះ​តែ​កន្លង​ទៅ ភាគី​ក្រុមហ៊ុន​មិន​គោរព​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ទេ នៅ​ពេល​ណា​ដែល​ក្រុមហ៊ុន​ឃើញ​ថា​ខាត​ប្រយោជន៍ ប៉ុន្តែ​សេចក្តី​បង្គាប់​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​មើល​ឃើញ​ចំណេញ​ផល​ប្រយោជន៍ ទើប​អនុវត្ត​តាម​សេចក្តី​បង្គាប់​ទាំង​ខ្លួន​ឯង​មិន​បាន​ជ្រើស​យក​ជាប់​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។