បក្ស​ប្រឆាំង​រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ករណី​បើក​ស្រោម​សំបុត្រ​លោក កឹម សុខា

មន្ត្រី​បក្ស​ប្រឆាំង សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រោយ​ពី​ស្ថាប័ន​មួយ​នេះ បាន​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ចាត់​ការ​ទៅ​លើ​អ្នក​នយោបាយ​រូប​នេះ។ អ្នក​វិភាគ​សង្គម​វិញ​យល់​ឃើញ​ថា នេះ​ជា​មធ្យោបាយ​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា តាម​ពិត​មាន​សំណុំ​រឿង​ពុក​រលួយ​ច្រើន​ណាស់ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មួយ​ចំនួន​ដែល​មាន​ប្រាក់​បៀវត្សរ៍​តិចតួច ប៉ុន្តែ​អាច​សល់​លុយ​វាល់​លាន​ដុល្លារ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ចាត់​វិធានការ។

អេង ឆៃអ៊ាង ២០១៦ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev

ផ្ទុយ​ទៅ​វិញ បែរ​ជា​អង្គភាព​នេះ​ព្យាយាម​សើរើ​សំណុំ​រឿង​របស់ លោក កឹម សុខា ដែល​ជា​អ្វី​ដែល លោក អេង ឆៃអ៊ាង អះអាង​ថា មិន​យល់​ពី​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នេះ​ទាល់​តែ​សោះ។ លោក​បន្ត​ថា «អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចង់​បាន​អី​ឲ្យ​ពិត​ប្រាកដ។ ដូច​យើង​ដឹង​ហើយ​ថា បញ្ហា​អំពើ​ពុក​រលួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហ្នឹង គឺ​យើង​ឃើញ​ពេញ​ទឹក​ពេញ​ដី ហើយ​ពេល​ខ្លះ​ស្ទើរ​មិន​ចាំ​គេ​មក​ប្ដឹង​ផង។ យើង​គ្រាន់​តែ​មើល​មន្ត្រី​ភាគ​ច្រើន​ប្រាក់​ចំណូល​តិចតួច ប្រាក់​ខែ​តិចតួច ប៉ុន្តែ​មាន​ទ្រព្យ​សម្បត្តិ​គួរ​ឲ្យ​សង្ស័យ។ អា​ហ្នឹង​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​អា​ហ្នឹង​វា​ល្អ។ រីឯ​ករណី​ខ្លះ​មិន​គួរ​ធ្វើ បែរ​ធ្វើ​វិញ»

ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​យុវជន​មួយ​ក្រុម​ដឹក​នាំ​ដោយ លោក ស្រី ចំរើន បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រួត​ពិនិត្យ​ទ្រព្យ​សម្បត្តិ​របស់ លោក កឹម សុខា ដែល​ក្រុម​យុវជន​នេះ​ចាត់​ទុក​ថា ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង បាន​លុយ​ពី​ខាង​ក្រៅ ហើយ​លួច​ទៅ​ចិញ្ចឹម​ស្រី​ក្មេង​ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​សំណុំ​រឿង​នេះ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ជាច្រើន​ដង​នៅ​ថ្ងៃ​ទី​៦ មេសា ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

បើ​ទោះ​បី​ជា​បែប​ណា លោក ឱម យ៉ិនទៀង បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​៥ មេសា ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់ លោក កឹម សុខា រួច​ហើយ ហើយ​លទ្ធផល​នៃ​ការ​ពិនិត្យ គេ​គ្រោង​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សប្ដាហ៍​នេះ។

យ៉ាង​នេះ​ក្តី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រង​ការ​រិះគន់​ថា ជា​ស្ថាប័ន​ដែល​បំពេញ​ភារកិច្ច​ដើម្បី​ការពារ​ផល​ប្រយោជន៍​ឲ្យ​បក្ស​កាន់​អំណាច ជា​ជាង​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សង្គម ឬ​ជា​ការ​ប្រើ​ដាវ​អាជ្ញា​សឹក​ខុស​ទិសដៅ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា វា​ជា​ការ​គួរ​ឲ្យ​អស់​សំណើច​ជុំវិញ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នេះ។ លោក​បន្ត​ថា វិធានការ​នេះ​មិន​ខុស​អី​ពី​យុទ្ធសាស្ត្រ​ដែល​គេ​តែង​ប្រើប្រាស់​ដូច​តុលាការ​ដែរ ក្នុង​ការ​បង្ក្រាប និង​កម្ចាត់​អ្នក​ប្រឆាំង។ ម្យ៉ាង​ទៀត លោក​អះអាង​ថា រឹត​តែ​ជា​បញ្ហា​នោះ​នៅ​ត្រង់​ថា អង្គភាព​នេះ​គឺ​ជា​សេនាធិការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​បក្ស​កាន់​អំណាច បើ​ទោះ​បី​ជា​ដឹង​ថា មាន​មន្ត្រី​ជាច្រើន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​បើ​រក​ឃើញ​ថា​ជា​បក្ខពួក ឬ​ជា​ខ្សែ​បណ្តោយ​ទេ គឺ​តែង​សម្ងំ​សុខ​ទៅ​វិញ។ លោក​បន្ត​ថា «នេះ​ក៏​មិន​ខុស​គ្នា​ពី​ស្អី​ដែល​ប្រព័ន្ធ​តុលាការ​បាន​ត្រូវ​គេ​ប្រើ​ពី​មុន​មក​ដែរ។ យើង​ឃើញ​ថា នៅ​គ្រប់​នាទី​ទាំងអស់​ដែល​ជា​វិធានការ​របស់​រដ្ឋាភិបាល តែង​តែ​ឃើញ​ស្តង់ដារ​ពីរ​ហ្នឹង​កើត​ឡើង​រហូត។ អ៊ីចឹង​វា​ជា​ផ្នែក​មួយ​នៃ​ការ​យក​ក្រុម​ប្រឆាំង​អំពើ​ពុក​រលួយ យក​មក​ប្រើ​ដើម្បី​បង្ក្រាប​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ពេល​នេះ»

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចេញ​វិធានការ​ក្ដៅ​របស់​ខ្លួន ព្រមាន​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​ចំហ ចាប់​តាំង​ពី​អង្គភាព​នេះ​បង្កើត​ឡើង។ អ្នក​វិភាគ​សង្គម​ចាត់​ទុក​ថា ការ​ចេញ​ដាវ​អាជ្ញាសឹក​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នេះ គឺ​ជា​ការ​រុញ​ឲ្យ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ដើរ​ដល់​ផ្លូវ​ទាល់ច្រក​ក្នុង​ជីវិត​នយោបាយ​ប៉ុណ្ណោះ ជា​ជាង​បោស​សម្អាត​ភាព​មិន​ស្អាតស្អំ​ក្នុង​រឿង​អំពើ​ពុក​រលួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។