សមាជិក​សភា​អាស៊ាន​ស្នើ​អោយ​ព្រឹទ្ធសភា​កម្ពុជា​បដិសេធ​ច្បាប់​សហជីព

ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សាកាតា (Jakarta) រិះគន់​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋសភា​ទើប​អនុម័ត​ថ្មីៗ​ថា បាន​ទាញ​អោយ​ស្ថានភាព​គោរព​សិទ្ធិ​កម្មករ​ដើរ​ថយ​ក្រោយ និង​បាន​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស។ ការ​រិះគន់​នេះ​គឺ​នៅ​ពេល​ដែល​ច្បាប់​នេះ​បាន​បញ្ជូន​បន្ត​ពី​រដ្ឋសភា​ទៅ​ដល់​ព្រឹទ្ធ​សភា ដើម្បី​ពិភាក្សា និង​អនុម័ត។

ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស ស្នើ​អោយ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​នេះ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ស្ថាប័ន​ជំនាញ​ ​ពិនិត្យ​ឡើង​វិញ ដោយសារ​តែ​ពួកគេ​យល់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ពុំ​បាន​ឆ្លង​ការ​ពិគ្រោះ​យោបល់​គ្រប់គ្រាន់ និង​បំពេញ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ។

សេចក្ដី​ថ្លែងការណ៍​ចំនួន ២​ទំព័រ​​របស់​សមាជិក​សភា​អាស៊ាន ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា បាន​អោយ​ដឹង​ថា ច្បាប់​ស្ដីពី​សហជីព​ដែល​រដ្ឋសភា​កម្ពុជា ទើប​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា នោះ មាន​មាត្រា​មួយ​ចំនួន​ដែល​គំរាមកំហែង​ទៅ​ដល់​សេរីភាព​សមាគម និង​ធ្វើ​អោយ​អន្តរាយ​ដល់​ការងារ​របស់​សហជីព​ និង​​អត្ថប្រយោជន៍​សម្រាប់​កម្មករ។ ក្រុម​នេះ​បារម្ភ​ចំពោះ​អ្វី​ដែល​ក្រុម​សហជីព​ធ្លាប់​លើក​ឡើង​ពី​កង្វះ​ការ​ពិគ្រោះ​យោបល់​អោយ​បាន​គ្រប់គ្រាន់​ក្នុង​ដំណើរការ​បង្កើត​ច្បាប់​នេះ និង​ការ​ទាត់​ចោល​សំណើ​របស់​សហជីព និង​ដៃគូ​អន្តរជាតិ​នានា ដែល​បាន​ស្នើ​អោយ​លុប​ចោល​ការ​កំណត់​ពី​ការ​តវ៉ា និង​បាតុកម្ម​របស់​កម្មករ និង​កម្រិត​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ទៅ​លើ​កិច្ចការ​របស់​សហជីព។

ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី (Malaysia) លោក ឆាល សាំងត្យាហ្គោ (Chales Santiago) ត្រូវ​បាន​គេ​ស្រង់​សម្ដី​មក​ដាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា សិទ្ធិ​របស់​កម្មករ​ជា​សិទ្ធិ​មនុស្ស។ លោក​ថា ជា​ការ​ចាំបាច់​ណាស់​ដែល​ត្រូវ​អនុញ្ញាត​អោយ​សហជីព​មាន​សេរីភាព​ពេញលេញ​ដើម្បី​ការពារ​ប្រយោជន៍​សមាជិក​របស់​ពួកគេ។ ប្រសាសន៍​របស់​លោក​ត្រូវ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដូច្នេះ៖ "ច្បាប់​នេះ​មាន​មាត្រា​ដែល​បង្ក​ការ​លំបាក រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​កម្មករ​ក្នុង​ការ​ចូលរួម និង​បង្កើត​សហជីព​ដោយសារ​ការ​ជ្រៀតជ្រែក​ជ្រុល​ហួស​ហេតុ​ពេក​ពី​រដ្ឋាភិបាល។ មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) នៅ​មិន​ទាន់​បង្ហាញ​ថា នឹង​មាន​វិធានការ ឬ​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា ពី​គោលនយោបាយ​សម្រាប់​ការ​លើក​កម្ពស់ និង​ពី​អត្ថប្រយោជន៍​នៃ​ការ​វិនិយោគ​នៅ​ឡើយ​នៅ​ពេល​ដែល​មាន​ការ​បរាជ័យ​ក្នុង​កិច្ច​ការពារ​ពលរដ្ឋ"

មក​ដល់​ពេល​នេះ ច្បាប់​ស្ដីពី​សហជីព​ដែល​មាន ១០០​មាត្រា និង ១៧​ជំពូក ត្រូវ​បញ្ជូន​ដល់​ព្រឹទ្ធសភា​​ហើយ។

អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មាន​ប្រសាសន៍​ថា គណៈកម្មការ​ជំនាញ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ពិភាក្សា​ច្បាប់​នេះ​មុន​ពេល​ដាក់​ទៅ​កិច្ច​ប្រជុំ​ពេញ​អង្គ«បើ​កាលណា​យើង​មើល​ឃើញ​ថា ច្បាប់​ហ្នឹង​យ៉ាង​ម៉េច​យើង​នឹង​ផ្ដល់​យោបល់ ហើយ​នឹង​បញ្ជូន​ច្បាប់​ហ្នឹង​ទៅ​វិញ អាស្រ័យ​នឹង​ព្រឹទ្ធសភា​ពេញ​អង្គ ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ​ទៅ​ឃើញ​ថា ខ្វះ​ចន្លោះ យើង​នឹង​អាច​បង្វិល​ច្បាប់​មក​វិញ​បាន ប៉ុន្តែ​កន្លង​មក គឺ​អត់​ដែល​មាន​នៅ​ឡើយ​ទេ ព្រោះ​ថា ការ​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល និង​រដ្ឋសភា គឺ​បាន​សិក្សា​ច្បាស់លាស់ ហើយ​បាន​ធ្វើ​សិក្ខាសាលា​ជាច្រើន​លើក​ច្រើន​សា​ទៀត​ដើម្បី​ទទួល​យក​យោបល់​ទាំងអស់»

កន្លង​ទៅ​ទាំង​តំណាង​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​បាន​ការពារ​សេចក្ដី​ព្រាង​ច្បាប់​នោះ​ថា ប្រទេស​កម្ពុជា ត្រូវ​ការ​ច្បាប់​ស្ដីពី​សហជីព​នេះ ដើម្បី​ការពារ​កម្មករ និង​អ្នក​វិនិយោគ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ថ្លែង​នៅ​ពេល​រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ថា លោក​នឹង​ចាត់ចែង​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ការ​អនុម័ត​ច្បាប់​នេះ​ជា​ការ​ធានា​សង្វាក់​ផលិតកម្ម​រវាង​កម្មករ និង​ថៅកែ និង​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត៖ «ការ​អនុម័ត​ច្បាប់​នេះ​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ខ្ពស់​នៃ​រដ្ឋសភា និង​ការ​ធានា​សេរីភាព​អង្គការ​វិជ្ជាជីវៈ និង​សុខដុមនីយកម្ម​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​ជា​កត្តា​ស្នូល​ស្ថិរភាព​ខ្សែ​សង្វាក់​ផលិតកម្ម និង​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា»

ទាក់ទិន​នឹង​ច្បាប់​សហជីព​នេះ​ដែរ ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​សហជីព ដែល​ធ្វើ​អោយ​មនុស្ស ២​នាក់​របួស ក្នុង​ពេល​អាជ្ញាធរ​ព្យាយាម​បំបែក​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។