បញ្ញត្តិ​​តម្រូវ​ឲ្យ​ចុះឈ្មោះ​អាស័យដ្ឋាន​អ៊ីនធឺណិត​នៅ​ចិន​អាច​នឹង​ប៉ះពាល់​ដល់​ជំនួញ​និង​ការប្រកួតប្រជែង​

បញ្ញត្តិ​​តម្រូវ​ឲ្យ​ចុះឈ្មោះ​អាស័យដ្ឋាន​អ៊ីនធឺណិត​នៅ​ចិន​អាច​នឹង​ប៉ះពាល់​ដល់​ជំនួញ​និង​ការប្រកួតប្រជែង​

រូបភាព​ឯកសារ៖ រូបថត​អេក្រង់​បង្ហាញប្លុក​ស្នេហា​ជាតិ​ចិន​ Zhou Xiaoping ​របស់​លោក Sina Weibo នៅទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាលពី​ថ្ងៃទី២៣​ តុលា​ ២០១៤។​ សំណើរ​របស់​ចិន​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុននានា​ចុះ​ឈ្មោះ​អាស័យដ្ឋាន​អ៊ីនធឺណិតក្នុង​ស្រុក​កំពុង​បង្ករ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹត​បន្តឹង​បទបញ្ញត្តិ​អ៊ីនធឺណិត។

បទបញ្ញត្តិ​មួយ​ចំនួន​ដែល​ប្រទេស​ចិនបាន​ស្នើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​តម្រូវ​ឲ្យ​បណ្តា​ក្រុមហ៊ុន​នានា​ចុះ​ឈ្មោះ​អាស័យដ្ឋាន​អ៊ីនធឺណិត​ (Internet Domain)របស់​ខ្លួន​ក្នុង​ស្រុក កំពុង​តែ​ក្លាយ​ជា​ក្តី​បារម្ភ​អំពី​ការរឹតបន្តឹង​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស។ ចិន​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ការរឹតត្បិត​ការប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណិត​ដ៏​តឹងរ៉ឹង​បំផុត​មួយ​របស់​ពិភពលោក​រួច​ទៅ​ហើយ។

​ក្រុមអ្នកវិភាគ​និយាយ​ថា ​បទបញ្ញត្តិ​នេះ​ក៏​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល​លើ​វិស័យ​ជំនួញ​និង​ ការប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារផង​ដែរ។

​ឈ្មោះ​អាស័យដ្ឋាន​អ៊ីនធឺណិត​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់​នូវ​វិធី​សាមញ្ញ​មួយ​ក្នុង​ការភ្ជាប់​ទៅ​នឹង​គេហទំព័រ។

​សម្រាប់​គោលបំណង​សន្តិសុខ​និង​សេវាកម្ម​នានា ឈ្មោះ​អាស័យដ្ឋាន​អ៊ីនធឺណិតសម្រាប់​គេហទំព័រ​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​ចុះឈ្មោះ​នៅ​បរទេស។ ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​អាជ្ញាធរ​កំពុង​តែចង់​កែប្រែ។

ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មាន​វិទ្យា​ (MIIT) របស់​ចិន​បាន​ចេញ​ផ្សាយ​សេចក្តីព្រាង​បទបញ្ញត្តិ​មួយ​ចំនួន​កាល​ពី​ខែ​មីនា​ ដើម្បី​ឲ្យ​សាធារណជន​បញ្ចេញ​មតិ ហើយ​ភ្លាមៗ​នោះមាន​ប្រតិកម្ម​ប្រឆាំង​យ៉ាង​រហ័ស​ ដោយ​អ្នកខ្លះ​ឆ្ងល់​ថា តើបទបញ្ញត្តិ​ទាំង​នេះ​អាច​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការបង្ខាំង​គេហទំព័រ​ដែល​មាន​ឈ្មោះ​អាស័យដ្ឋាន​នៅ​បរទេស​ទាំងស្រុង​ឬ​យ៉ាង​ណា។

​កាល​បរិច្ឆេទ​ចុងក្រោយ​បង្អស់​សម្រាប់​ឲ្យ​សាធារណជន​បញ្ចេញ​មតិ​គឺ​ថ្ងៃ​ទី​២៥​ ខែ​មេសា ហើយ​វា​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ ថា​តើ​បទបញ្ញត្តិ​ទាំង​នេះ​អាច​នឹង​ត្រូវ​បាន​គេ​អនុម័ត​ឆាប់​បំផុត​នៅ​ពេល​ណានៅ​ឡើយ​ទេ៕​