មន្ទីរ​សាធារណការរាជធានីភ្នំពេញសម្រុក​ជួស​ជុលផ្លូវ ក្រោយ​នាយករដ្ឋមន្រ្តីព្រមាន​

មន្ទីរ​សាធារណការ​រាជធានីភ្នំពេញ​បាន​ចាប់​ផ្តើម​ភ្លាមៗការងារ​ជួស​ជុល​ផ្លូវ​នៅ​រាជធានីភ្នំពេញ​ បន្ទាប់​ពី​លោ​ក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ដកតំណែង​​ប្រធាន​មន្ទីរ​សាធារណ​ការ​ ករណី​មិន​ជួស​ជុល​ផ្លូវកាលពីកន្លងទៅ។​​

បើ​តាមហ្វេសប៊ុ​ក​របស់មន្ទីរសាធារណ​ការ​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធា​រណ​ការរាជធានី បានចាប់ផ្តើម​ដំណើរ​ការជួសជុលគ្រលុកសំបុកមាន់ផ្លូវលេខ២០A ចាប់ពីរង្វង់មូលដីក្រហ​មខណ្ឌដង្កោដល់ស្រុកកណ្តាលស្ទឹង ប្រវែង៩០២០ម៉ែត្រ​។​ ចំណែក​កាលពីថ្ងៃចន្ទ មន្ទីរ​សាធា រណការ​បា​ន​បង្ហោះ​ព័ត៌មាន​ថា​នៅថ្ងៃទី០២-០៥ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បាន​ជួសជុលផ្លូវដោយប្រើ​កៅស៊ូអ៊ុតACនៅមហាវិថីម៉ៅសេទុង ត្រង់ចំណុចកែងមហាវិថីព្រះនរោត្តម ផ្លូវលេខ១៦៣ ចាប់ពីមហាវិថីម៉ៅសេទុងដល់ផ្លូវលេខ២៧១និង​ផ្លូវលេខ៣៩២ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៦៣។

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ការងារនេះ ដោយ​បង្វែរសំណួរ​ទៅ​សាលារាជធានីភ្នំពេញវិញ។ វីអូឌីមិនទាន់អាច​សុំការ​ឆ្លើយ​តប​ពី​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​ បាននៅឡើយទេ។​

មន្ទីរ​សាធារណការរាជធានីភ្នំពេញសម្រុក​ជួស​ជុលផ្លូវ ក្រោយ​នាយករដ្ឋមន្រ្តីព្រមាន​

មន្ទីរសាធា​រណ​ការរាជធានី បានចាប់ផ្តើម​ដំណើរ​ការជួសជុលគ្រលុកសំបុកមាន់ផ្លូវលេខ២០A ចាប់ពីរង្វង់មូលដីក្រហ​មខណ្ឌដង្កោដល់ស្រុកកណ្តាលស្ទឹង ប្រវែង៩០២០ម៉ែត្រ​(រូបភាពពីហ្វេសប៊ុកមន្ទីរសាធារណការ​)

កាលពីថ្ងៃ​អង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅតែអនុវត្តតួនាទីមិនបានល្អ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរិះគន់ចំៗទៅប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថា តាំងពីលោកទទួលតំណែងនេះមក ផ្លូវនៅក្នុងរាជធានីកាន់តែសភាពយ៉ាប់យ៉ឺន។ លោកមានប្រសាសន៍ថា៖ “ខ្ញុំនិយាយត្រង់នេះ តាំងពីពេលលោកឯង (លោក សាំ ពិសិដ្ឋ) ឡើងមកគឺផ្លូវវាយ៉ាប់! អាធ្វើថ្មីវាបានហើយ ខ្ញុំអបអរហើយ ប៉ុន្តែវាមិនព្រមជួសជុលឲ្យធ្វើម៉េចវា… អាហ្នឹង​និយាយគ្នាត្រង់ៗ បើមិនអញ្ចឹងទេប្រយ័ត្នថ្ងៃណាមួយអស់បុណ្យអស់ស័ក្ត ព្រោះខ្ញុំបង្ខំឲ្យដក”។

លោកក៏បានស្ដីបន្ទោសដល់អនុប្រធានមន្ទីរសាធារណការ និងអភិបាលខណ្ឌ ថាមិនយកចិត្តទុកដាក់ជួសជុលផ្លូវដែលខូចនៅតាមខណ្ឌក្រោមការគ្រប់គ្រងរបស់ខ្លួនផងដែរ។

លោក ហ៊ុន សែន ក៏បានរិះគន់ដល់មន្ត្រីក្រោមឱវាទរបស់លោកពាក់ព័ន្ធនឹងការជីកផ្លូវនានានៅក្នុងរាជធានីភ្នំពេញញឹកញាប់ក្នុងការដាក់លូថ្មីឬតបណ្ដាញខ្សែកាប ដែលលោកថាបានបង្កការរំខានអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ លោក​បាន​ថ្លែងថា៖ “ធ្វើកន្លែងមួយ ធ្វើម្ដង បន្តិចៗមកជីកហើយ ជីកដាក់លូនេះ ជីកដាក់ខ្សែកាប ហើយចុះម៉េច មុននឹងធ្វើម៉េចមិនសិក្សាឲ្យហើយ? ចាំជីកច្រើនដង? អាហ្នឹងគាត់និយាយត្រូវ”

ប្រភពៈ VOD