​ដំណោះស្រាយ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​ដំណោះស្រាយ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​

១.​ការធ្វើ​លំ​ហាត់ប្រាណ​
ចូរ​ចំណាយ​ពេល​ពី ១៥ ទៅ ៣០​នាទី ជា​រៀងរាល់ថ្ងៃ​ក្នុង​ការដើរ​អោយបាន​រហ័ស ឬ រាំ​, រត់​ត្រេះៗ ឬ​ក៏​ជិះ​កង់​ប្រសិនបើ​អ្នក​ចូលចិត្ត​។ មនុស្ស​ភាគច្រើន ដែល​មាន​អារម្មណ៍​បាក់​ទឹកចិត្ត    គឺ​ហាក់ដូចជា​មិនសូវ​ចង់​មាន​ភាព​សកម្ម​នោះទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សូម​ធ្វើអោយ​ខ្លូន​អ្នក អនុវត្ត​វា (​អ្នក​អាច​ស្នើសុំ​អោយ​មិត្តភក្តិ​របស់​អ្នក ធ្វើការ​ហាត់ប្រាណ​ជាមួយ​អ្នក ប្រសិនបើ​អ្នកត្រូវការ ការលើកទឹកចិត្ត​) ។ នៅពេល​ដែល​អ្នក​អាច​ទំលាប់​ខ្លួន នឹង​ការ​ហាត់ប្រាណ វា​នឹង​មិន​ចំណាយ​ពេល​យូរ​សំរាប់​អ្នក ក្នុងការ​សំគាល់​ពី​ភាពខុសប្លែក នៅ​ក្នុង​ចិត្ត​នោះទេ​។​ដើម្បី​ទទួលបាន​នូវ​ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ការ​យក​ខ្យល់អាកាស បែបបទ​នៃ​ការហាត់​យូ​ហ្គា អាច​ជួយ​អ្នក​អោយ​មាន​ធូរស្រាល​នូវ​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​។ សូម​សាកល្បង​ស្ថានភាព ដោយ​ការ​ដាក់​មុខ​ចុះក្រោម ឬ ដាក់​ជើង​នៅលើ​ជញ្ជាំង​។ ទិដ្ឋភាព​ពីរ​ផ្សេង​ទៀត​នៃ​ការហាត់​យូ​ហ្គា  មានដូចជា ការហាត់​ដកដង្ហើម និង ការ​តាំងសមាធិ ក៏​​អាច​ជួយ​អ្នក​ដែល​ធ្លាក់​ទឹកចិត្ត អោយ​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ផងដែរ​។​

២. ចិញ្ចឹម​ខ្លួនប្រាណ​របស់​អ្នក ជាមួយនឹង​អាហារ​បំប៉ន​ល្អៗ​
ការបាក់​ទឹកចិត្ត អាច​ជះ​ឥទ្ធិពល​ដល់​ការបរិភោគ​របស់​អ្នក​។ មនុស្ស​ម្នាក់​ប្រហែល ជា​មិន​មាន​អារម្មណ៍​ចង់​បរិភោគ​អ្វី​ទាល់តែសោះ ប៉ុន្តែ​ប្រហែលជា​មាន​អ្នក​ផ្សេង​ទៀត ក៏​អាច​បរិភោគ​ជ្រុល​ហួសហេតុ​ដែរ​។ ប្រសិនបើ​ការបាក់​ទឹកចិត្ត​មាន​ផលប៉ះពាល់ ចំពោះ​ការបរិភោគ​របស់​អ្នក អ្នកនឹង​ត្រូវការ​ទឹកចិត្ត​បន្ថែម​ក្នុង​ការទទួលយក​នូវ​សារ ជាតិ​ចិញ្ចឹម​ដ៏​ត្រឹមត្រូវ​។ ចំណីអាហារ​សមរម្យ​អាច​មាន​ឥទ្ធិពល ចំពោះ​អារម្មណ៍​និង ថាមពល​របស់​មនុស្ស​ម្នាក់​។​ដូច្នេះ​សូម​អ្នក​ទទួល​ទាន​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន និង ទទួលទាន​អាហារ​អោយបាន​ទៀងទាត់ (​ទោះបីជា​​អ្នក​មិន​មាន​អារម្មណ៍​ថា​ឃ្លាន សូម​ព្យាយាម​ញុំ​ាំ​អ្វី​បន្តិចបន្តួច​ដូចជា ផ្លែឈើ​មួយ​ផ្លែ ដើម្បី​អោយ​អ្នក​អាច​បន្ត​វា​បាន​​ទៀត ) ។​

៣. ចូរ​កំណត់​នូវ​បញ្ហា ប៉ុន្តែ​សូម​កុំ​រស់នៅ​ជាមួយ​ពួក​វា​
ព្យាយាម​កំណត់​រាល់​ស្ថានភាព​ទាំងឡាយណា ដែល​រួមចំណែក​ក្នុង​ភាព​ធ្លាក់​ទឹកចិត្ត​របស់​អ្នក​។ នៅពេល​ដែល​អ្នក​ដឹង​ពី​អ្វី ដែល​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​មិន​សប្បាយចិត្ត និង មូលហេតុ​របស់​វា ចូរ​និយាយ​ពី​វា​ជាមួយនឹង​មិត្ត​​ដែល​យកចិត្តទុកដាក់​ចំពោះ​អ្នក​។ ការនិយាយ គឺជា​វិធី​មួយ​ដែល​អាច​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង និង អាច​អោយ​អ្នក ទទួលបាន​មកវិញ​នូវ​ការយល់​ចិត្ត​មួយ​ចំនួន​។ ប្រសិនបើ​អ្នក​គ្មាន​នរណា​ម្នាក់ ដែល​អ្នក​អាច​ប្រាប់​បាន​ចូរ​បញ្ចេញ​អារម្មណ៍​របស់​អ្នក​ទាំងអស់ ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ប្រចាំថ្ងៃ​។​

នៅ​ពេល​មួយ​ដែល​អ្នក​បាន​បញ្ចេញ ការគិត និង​អារម្មណ៍​ទាំងនេះហើយ សូម​បង្វែរ​ការគិតរ​បស់​អ្នក​ទៅកាន់​អ្វី​ដែល​មាន​ភាព​វិជ្ជមាន​។
​សូម​បញ្ចេញ​សកម្មភាព ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ។​ធ្វើ​ការស្នើរ​សុំ​ជំនួយ ប្រសិនបើ អ្នកត្រូវការ​វា​។ ការ​មាន​អារម្មណ៍​ផ្សាភ្ជាប់​នឹង មិត្តភក្តិ​និង ក្រុម​គ្រួសារ​អាច​ជួយ​កាត់ បន្ថយ​ការបាក់​ទឹកចិត្ត​នេះ​។​វា​ក៏​អាច​ជួយ​អោយ​ពួកគេ មាន​អារម្មណ៍​ថា​គេ​អាច​ធ្វើ​អ្វីមួយ​បាន​ដើម្បី​អ្នក ជាជាង​ការ​ឈរ​មើល​អ្នក​ឈឺចាប់​។​

៤. សំដែង​ពី​ខ្លួន​អ្នក​
ជាមួយនឹង​ការ​ធ្លាក់​ទឹកចិត្ត ការបង្កើត និង អារម្មណ៍​នៃ​ភាព​រីករាយ​របស់​មនុស្ស​ម្នាក់​ហាក់ដូចជា​អាច រាំងខ្ទប់​។​ដោយ​ការ​ហាត់ពត់​នូវ​ការស្រមើស្រមៃ​របស់​អ្នក (​ដូច​ជា​ការ​គូរគំនូរ​, ដេរ​ប៉ាក់​, សរសេរ​, ការ​រាំ និង​ការតាក់តែង​បទ​ភ្លេង​ជាដើម​) អ្នក​មិន​ត្រឹម​តែ​ទទួលបាន​នូវ​ការបង្កើត​ថ្មីៗ​ទាំងនេះ អ្នក​នឹង​អាច​មាន​នូវ​អារម្មណ៍​វិជ្ជមាន​ទៀតផង​។ ចំណាយ​ពេល​លេង​ជាមួយ​នឹង មិត្តភក្តិ ឬ​សត្វ​ចិញ្ចឹម ឬ​អ្នក​អាច​ធ្វើ​អ្វីមួយ​រីករាយ​សំ​រាប់ខ្លួន​អ្នក​។​​ សូម​ស្វែងរក​អ្វី​មួយ​ដើម្បី​សើច ដូចជា ខ្សែភាពយន្ត​កំប្លែង​។ សំណើច​អាចជួយ​អោយ​ទឹកចិត្ត​របស់​អ្នក ស្រស់​ថា្ល​។​

៥. ចូរ​ក្រលេក​មើល​ទៅ​អ្វី​ដែល​វិជ្ជមាន​
ការបាក់​ទឹកចិត្ត អាច​មាន​ឥទ្ធិពល​ទៅលើ​ការគិត​របស់​មនុស្ស វា​អាច​ធ្វើអោយ​អ្វីៗ ទាំងអស់​ហាក់ដូចជា សោកសង្រេង​, អវិជ្ជមាន និង អស់​សង្ឈឹម​។ ប្រសិនបើ​ការធ្លាក់​ទឹកចិត្ត អាច​អោយ​អ្នក​សំគាល់​ឃើញតែ​ផ្លូវ​អវិជ្ជមាន ចូរ​ប្រឹងប្រែង​គិត​ពី​អ្វី​ដែល​ល្អៗ នៅក្នុង​ជីវិត​។ ព្យាយាម​សំគាល់​អ្វីមួយ បន្ទាប់​មក​សាកល្បង​គិត​ពី​អ្វី​មួយ​ផ្សេង​បន្ថែមទៀត​។ ចូរ​ពិចារណា​ពី កំលាំង​របស់​អ្នក ,​និស្ស័យ ឬ ក៏​ពរជ័យ​ដែល​អ្នក​អាច​មាន​។ លើសពីនេះទៅទៀត សូម​កុំ​
​ភ្លេច​អត់ទ្រាំ​ជាមួយ​នឹង​ខ្លួន​អ្នក ។​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ ត្រូវការ​ពេលវេលា​ដើម្បី​ធ្វើការ​ព្យាបាល​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។