ហោរាសាស្ត្រ​ប្រចាំ​ «ខែ មេសា ២០១៦»​

ជូត

​រាសី​ស្រុតចុះ​ខ្លាំង ការងារ​រកស៊ី​ជួញដូរ​ជួបរឿង​រកាំរកូស​ច្រើន ។ ក្នុង​រយៈ​ពេលនេះ​បុគ្គលិកកម្មករដែល​បម្រើ​ការងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានាតោង​រំងាប់​ចិត្ត​ឲ្យ​បានត្រជាក់ដាច់ខាត​មិនត្រូវ​បង្ករឿង​ឈ្លោះប្រកែកជាមួយនឹង​ចៅហ្វាយនាយ ឬ ថៅកែ​ឡើយ បើ​ពុំនោះទេ​អាច​បាត់បង់​តួនាទីនិងកន្លែងធ្វើការ​ជាក់​ជាមិនខាន ។ ចំពោះ​បុរស​ហាម​បង្ករឿង​ឈ្លោះប្រកែក​ជាមួយ​ស្ត្រីប្រយ័ត្ន​ប្រុស​ប្រកែក​ស្រី​ប្រកាន់ ។ ក្នុង​រយៈពេល​នេះដែរ​បើ​លោកអ្នក​មានដំណើរ​ទៅណា​មក​ណា​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួនជាពិសេស​ចំពោះ​ស្ត្រី​មិនត្រូវ​ដើរ​ផ្លូវ​ឆ្ងាយឬផ្លូវស្ងាត់​ដាច់​សង្វែង​តែម្នាក់ឯង​ឡើយប្រយ័ត្ន​ជួប​គ្រោះអាក្រក់ ​បង់​ទាំង​ទ្រព្យបង់ទាំង​កាយ ។ ចំពោះ​គូស្នេហ៍​ជួប​រឿង​រកាំរកូស​ច្រើន ៕

​ឆ្លូវ​

​រាសី​ល្អជា​មធ្យមរាល់​ការងារ​រកស៊ី​ជួញដូរ​បានកាក់កប​ល្អ​គ្រាន់បើ ។ ក្នុង​រយៈពេល​នេះ​ទោះជាលោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​ធ្វេសប្រហែសឲ្យ​សោះជាពិសេស​មុនពេល​ចុះហត្ថលេខាឬផ្តិតមេដៃលើ​លិខិតស្នាម​ផ្សេងៗតោង​ចេះ​ពិនិត្យពិច័យឲ្យ​បាន​ល្អិតល្អន់​ទើប​មិន​មានភ្លាំងភ្លាត់និងមិនបង់ខាត​ផលប្រយោជន៍ ។ ក្នុង​រយៈពេល​នេះដែរ​បើ​មាន​មនុស្ស​សម្តី​ផ្អែមត្រជាក់​មក​ធ្វើជា​ធ្នាក់​ទាក់ទង​លោកអ្នក​ឲ្យ​រួម​ការងារឬបបួល​រកស៊ី​ចូល​ហ៊ុន តោង​ចេះ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ទើប​មិន​ធ្លាក់​ក្នុង​ល្បិចកល​គេ ។ ក្រៅពីនោះ​លោកអ្នក​មិនត្រូវ​ល្មោភស៊ី​ល្មោភ​ផឹក​ឡើយទើប​មិន​អន្តរាយ​ដល់ក្រពះនិងពោះវៀន។ ចំពោះ​គូ​ស្វាមីភរិយាប្រយ័ត្ន​ មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជអាល ៕

​ខាល​

​រាសី​ឡើង​ខ្ពស់ត្រដែត រាល់​ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់ ។ ក្នុង​រយៈពេលនេះ​ឱកាសល្អៗ​បាន មក​ដល់​ហើយ​ត្រូវ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិចព្រោះពេលវេលា​ជា​មាសប្រាក់ធ្វើ​ច្រើន​បានច្រើនតែ​ចូរ​កុំ​មានចិត្ត​លោភលន់​ឲ្យ​សោះប្រយ័ត្ន​កើតរឿង​​បង់ខាត​លាភសក្ការៈ​វិញ។ក្នុង​រយៈពេល​នេះដែរ​ចំពោះ​លោក អ្នក​ដែល​កំពុងតែ​ស្វែងរក​ការងារ​ធ្វើឬមានទុក្ខ​ធុរៈរ​ត់រក​ពឹងពាក់​អ្នកណាម្នាក់អាច​សម្រេច​ដូច​បំណងប្រាថ្នា ។ ក្រៅពីនោះ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​ចំណីអាហារទើប​មិនមាន​មេរោគ​ជ្រៀតចូល​តាម​មាត់ ។ ចំពោះ​កំលោះ​ក្រមុំក្នុងរយៈពេល នេះ​អាចទាក់ទង​សាង​ពន្លក​ស្នេហ៍​បាន​ដោយ​ពុំមាន​ឧបសគ្គ​អ្វី​មករា​រាំងឡើយ ៕

​ថោះ

រាសី​ស្រុតចុះ​ខ្លាំង ការងារ​រកស៊ី​ជួញដូរ​មិន​គ្រាន់តែ​បាន​ជួបនឹង​ឧបសគ្គ​ច្រើន​ប៉ុណ្ណោះ​ទេព្រមទាំង​បាន​ជួប​គូប្រជែង​ជើង​ខ្លាំង​ចេញមុខ​មក​តតាំង​ទៀតផង ។ ដូច្នេះ​លោកអ្នក​ត្រូវ​ត្រៀម​រៀបចំ​ជើង​ព្រួល​ទុក​សម្រាប់​ទប់ទល់ជាមុន​ទើប​មិន​បរាជ័យ ។ ក្នុង​រយៈពេល​នេះដែរ​បើ​មាន​មនុស្ស​ចម្លែក​យក​របស់របរ​មានតម្លៃ​មក​បញ្ចាំ ឬ លក់​ឲ្យ ក្នុង​តម្លៃថោក​យ៉ាងណាក្តីក៏​មិនត្រូវ​ទទួលឬទិញយក​ដែរប្រយ័ត្ន​នាំ​អំពល់ទុក្ខដាក់ខ្លួននិង ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ទៀតផង ។ បើ​លោកអ្នក​មានដំណើរ ទៅណា​មក​ណា​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន ជាពិសេសចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទតោង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ចព្រោះ​គ្រោះថ្នាក់​មាន​គ្រប់​វិនាទី ។ ចំពោះ​គូ​ស្វាមីភរិយា​ជួប​រឿង​រកាំរកូស​ច្រើន ៕

​រោង​

​រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​មានការ រីកចម្រើន​លូតលាស់​ទៅ​មុខជា​លំដាប់ ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ ក៏​អាច​បាន ទទួលផល​សម្រេច​សម​តាម​បំណងប្រាថ្នា​ទាំងអស់ ព្រម​-​ទាំង​ត្រូវបាន​បងប្អូន​ញាតិសន្តាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ទៀតផង ។ ចំពោះ​បុគ្គលិក កម្មករដែល​បម្រើការងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា​នឹង​បានទទួល​ការកោតសរសើរ និង ជឿទុកចិត្ត​ពី​ចៅហ្វា​យ​នាយឬថៅកែព្រមទាំង​បានប្រគល់​នូវ​តួនាទីនិងកិច្ចការ​សំខាន់ៗឲ្យ​លោកអ្នក​កាន់កាប់​ជំនួស​ទៀតផង ។ ក្រៅពីនោះ​បើ​លោកអ្នក​មានដំណើរទៅណា​មក​ណាគឺ​ប្រកប​តែ​សេចក្តីសុខ​ទាំង​ពេល​ទៅនិងត្រឡប់ ។ ចំពោះ​គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ ៕

​ម្សាញ់​

រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​នៅ តែ​កាក់កប​ល្អ​ដដែល ។ ក្នុង​រយៈពេល​នេះ​ទោះជាលោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយគឺ​ត្រូវ​ញាប់ដៃញាប់ជើង​បន្តិចព្រោះ​ឱកាសល្អ​មិនមាន​ច្រើន​តទៅទៀតឡើយហើយ ក៏​មិនត្រូវ​មានចិត្ត​ស្ទាក់ស្ទើរ​ផងដែរ ព្រោះ​បើ​សម្រេចចិត្តថា​ធ្វើ​ហើយ គឺត្រូវធ្វើ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ទើប​មិន​បង់ខាត​ពេលវេលា ។ បើ​មាន​បងប្អូន​ញាតិមិត្ត​ស្កាត់មក​បបួល​រកស៊ី​ចូល​ហ៊ុនចូរ​កុំ​បដិសេធ​ឲ្យ​សោះ ព្រោះ​ជា​ដៃគូ​រកស៊ី​ដែលមាន​ចិត្ត ត្រង់​ទៅ​ត្រង់​មក តែ​ត្រូវ​ធ្វើយ៉ាងណា​ចេះ​បែងចែក​ផលចំណេញ​ឲ្យ​សមចិត្ត យើង​ចិត្ត​គេទើប​កា​រកស៊ី​ចូល​ហ៊ុន​គ្នា​បាន​សុខ​យូរអង្វែង ។ ចំពោះ​គូ​ស្វាមីភរិយាក្នុង​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ ៕

​មមី​

​រាសី​ល្អជា​មធ្យម ការងារ​រកស៊ី​ជួញដូរ​មានការរីកចម្រើន​លូតលាស់​ទៅមុខ​ដោយ​សន្សឹមៗ ។ ក្នុង​រយៈពេល​នេះ ការងារនិង ការរកស៊ី​ជួញដូរពិតមែនតែ​ងើបឡើង​បន្តិច​វិញ​ក្តីតែ​ប្រសិនបើបាន​ជួប​ឱកាសល្អ​ខ្លះៗដាច់ ខាត​មិនត្រូវ​មានចិត្ត អន្ទះអន្ទែង​ពេក​ទេ ហើយ​រឹតតែ​មិនត្រូវ​ប្រើ​ដើមទុន​ធំ​សម្រាប់​យកទៅ​បណ្តាក់ទុន​រកស៊ី​លើ​មុខរបរ​ណា​ដែល​មិនទាន់​ស្គាល់​ច្បាស់លាស់ និង មាន​ភាពស្រពេចស្រពិល​នៅឡើយដើម្បី​ចៀសវាង​ការ ថ្លោះធ្លោយ​នាំ​ឲ្យ​បង់ខាតទ្រព្យ ។ បើ​លោកអ្នក​មានដំណើរ​ចេញទៅ​កម្សាន្ត​នៅតាម​មាត់សមុទ្រ ទន្លេ បឹងបួតោង​ប្រយ័ត្នប្រយែង​ក្រែង​ជួប​គ្រោះ​លង់ទឹក ។ ចំពោះ​គូស្នេហ៍​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុជ អាល​ធ្វើ​ឲ្យ​ចំណងស្នេហា រង្គោះរង្គើ ៕

​មមែ​

រាសី​ឡើង​ខ្ពស់ត្រដែត ការងារ​រកស៊ី​ជួញដូរ​មានការ រីកចម្រើន​លូតលាស់​ទៅ​មុខជា​លំដាប់ ។ ក្នុង​រយៈពេល នេះទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​ត្រូវ​ញាប់ដៃ​ញាប់ជើង​បន្តិចទើប​ផល​ចំណូល​មិន​បោល​ហួសធ្លាក់​ដល់ដៃ​អ្នកដទៃ ។ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី ឬ ចេញទៅ​ជួញដូរ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវគោក ឬ ផ្លូវទឹក ឡើយ​គឺ​សមប្រកប​ទាំងអស់ ។ នៅតាម​ផ្លូវ​ធ្វើដំណើរ​ចូរ កុំ​ឈ្លក់​វង្វេង​នឹង​បន​ល្បែងស្រីស្រាឲ្យ​សោះ ប្រយ័ត្ន​កើតរឿង​រ៉ាវ​អាច​បង់ខាត លាភសក្ការៈ​វិញ ។ លោកអ្នក​ក៏​ជា​មនុស្ស​ពូកែ​ខាង​វោហារ​ខ្លាំងក្លា​ម្នាក់​ដែរ ព្រោះ​បើទោះជា​បាន​និយាយស្តី​អ្វី​ក៏មាន​គេ​ចូលចិត្ត​ស្តាប់ និង ត្រងត្រាប់​ធ្វើតាម​បង្គាប់បញ្ជា​ទៀតផង ។ ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ល្អ ណាស់ ៕

​វក​

រាសី​ល្អជា​មធ្យម ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ គ្រាន់បើ ។ ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នក​ប្រកប​កិច្ច ការងារ​អ្វី​ក៏ដោយ ចូរ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ជាពិសេស​ចំពោះ​អ្នកជំនួញ​ជួញដូរ​មុនពេល​ប្រគល់ ឬ ទទួល​នូវមុខ ទំនិញ​សព្វសារពើ ចូរ​ចេះ​ពិនិត្យមើល​គុណភាព និង រាប់ ចំនួន​ឲ្យ​បានច្បាស់លាស់ ទើប​មិន​ចាញ់បោក​គេ ។ បើ​លោក អ្នក​ទៅ​ចូលរួម​នៅក្នុង​ពិធី​បុណ្យទាន ឬ ពិធីជប់លៀងផ្សេងៗចូរ​ចេះ​រៀប​ឫក​មារយាទ​ឲ្យ​បាន​សមរម្យ សម្តីសំដៅ​ឲ្យ​ពីរោះពិសា ទើប​មិន​អាប់ឱន​កិត្តិយស ។ ក្រៅពីនោះ​ដោយសារតែ​សុខភាព​មិនសូវ​ល្អជា​នោះ លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​នៃ​ការហូបចុកទើប​មិនមាន មេរោគ​ជ្រៀតចូល​តាម​មា​ត់ ។ ចំពោះ​គូស្នេហ៍​មាន​ភាពស្និទ្ធស្នាល​ជា​ប្រក្រតី ៕

រកា​

​រាសី​ស្រុតចុះ​ខ្លាំងការងារ​រកស៊ី​ជួញដូរ​ជួបនឹង​បញ្ហាលំបាកៗ​ច្រើន។ក្នុង​រយៈពេល​នេះ​ទោះជា​លោកអ្នកប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ចជាពិសេស​ចំពោះ​អ្នក​ដែល​ប្រកបការងារ​នៅ​ទី​ខ្ពស់​ចូរ​ប្រយ័ត្ន ប្រយែង​ក្រែង​ជួប​គ្រោះ​រអិល​ធ្លាក់នាំ​ឲ្យ​រងរបួស​ពិការ​រហូតអាច​បាត់បង់​អាយុសង្ខារ​ទៀតផង ។ ក្នុង​រយៈពេល​នេះដែរ ក្រៅពី​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ប្រកបការងារ​ក៏ត្រូវ ប្រយ័ត្ន​ចំពោះ​ជនខិលខូច​មួយចំនួន​ដែល​មានបំណង​ឈ្នានីសនិងប៉ង​ប្រព្រឹត្តអំពើអាក្រក់​មកលើ​លោកអ្នក​ទៀតផង ។ ក្រៅពីនោះ​អ្នកបើក បរ​យានយន្ត គ្រប់​ប្រភេទ​តោង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ។ ចំពោះ​គូ​ស្វាមីភរិយា​ទាល់តែ​ឆាប់​បញ្ចប់រឿង​រកាំរកូស​ទើប​នៅក្នុង​គ្រួសារ​មាន​ភាពសុខដុមរមនា ៕

​ច​

​រាសី​ស្រុតចុះ​ខ្លាំង ការងារ​រកស៊ី​ជួញដូរ​ជួប​ភាពស្មុគស្មាញ​ច្រើន ។ ក្នុង​រយៈពេល​នេះ ការងារនិងការ រកស៊ី​ជួញដូរ​បន្ទាប់ពី​មានការ​រីកលូតលាស់​អស់​មួយ​រយៈពេល​រួចមក គឺ​នៅពេលនេះ​ចាប់ផ្តើម​ធ្លាក់ចុះយ៉ាងគំហុក​តែម្តង ។ ដូច្នេះ​ទោះជា​លោកអ្នក​បានប្រកបការងារឬរកស៊ី​ជួញដូរ​អ្វី​ក៏ដោយគឺ​មិន​ត្រូវធ្វើដោយ​ទ្រង់ទ្រាយ​ធំ​ឡើយ ហើយក៏​មិនត្រូវ​ប្រព្រឹត្ត​ល្បែងស៊ីសង​ដែរប្រយ័ត្ន​តែ​ភ្លាត់ស្នៀត​អាច​វិនាស​អន្តរាយ​ទ្រព្យអស់រលីង​ពី​ខ្លួន ។ ដោយសារ​តែមាន​ផល​ចំណូល​ហូរ​ចូល​តិចតួចស្តួចស្តើងនិងរកបាន​ដោយ​កម្លាំង​ញើស​ឈាមកុំ​រក បាន​មក​ដោយ​តឹង តែ​ចាយ​ធូរ​ឲ្យ​សោះប្រយ័ត្ន​អាចមាន​វិបត្តិ​សេដ្ឋ​កិច្ចគ្រួសារ​ចោទឡើង ។ ចំពោះ​គូស្នេហ៍​ប្រយ័ត្ន​មាន​ជន​ទី​បី​ចូល​ជ្រៀតជ្រែក ៕

​កុរ​

រាសី​ល្អជា​មធ្យម ការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ដោយ​សន្សឹមៗ ។ ក្នុង​រយៈពេល នេះ​ជួញ​ជិត​ល្អ​ជាង​ជួញ​ឆ្ងាយព្រោះ​ការចេញ​ដើរ​ផ្លូវឆ្ងាយបើ​មិនបាន​ជួបនឹង​គ្រោះអាក្រក់ៗ​ទេ​ក៏​នឹង​បានត្រឹម តែ​បាតដៃ​ទទេនិងនាំ​រឿង​ក្តៅក្រហាយ​ត្រឡប់​ចូលផ្ទះ​វិញ​ប៉ុណ្ណោះ ។ លោកអ្នក​មិនត្រូវ​ឆាប់​ជឿទុក ចិត្ត​គេពេក​ទេ ជាពិសេស​មិនត្រូវ​ប្រគល់​ការងារ​សំខាន់ៗ​ឲ្យ​គេ​កាន់កាប់​ជំនួស​ឡើយ ប្រយ័ត្ន​គេ​កិបកេង​យក​ផលចំណេញ​អស់ ។ ក្រៅពីនោះ​លោកអ្នក​មិន​ត្រូវយក ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ធ្វើ​គុណ​បាន​ទោស និង អាច ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ផ្សេងៗ​ទៀតផង ។ ចំពោះ​គូ​ស្វាមីភរិយា​ទាល់តែ​ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមកទើប​នៅក្នុង​គ្រួសារ​មាន​ភាពសុខដុមរមនា ៕​
ទំនាយ​ជោគ​ជតា​រា​សី​ប្រចាំ​ឆ្នាំ​ របស់​អ្នក​ក្នុង​ឆ្នាំ​វក

ប្រភព៖ pmhotnews

  • ហោរាសាស្ត្រ​ប្រចាំ​ «ខែ មេសា ២០១៦»​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ចំនេះដឹង
Tags: