រុស្ស៊ី ស្នើ​ឲ្យ​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី​រក​ដំណោះស្រាយ​នយោបាយ​ចំពោះ​ជម្លោះ Nagorno-Karabakh

​នាយករដ្ឋមន្ត្រី​រុស្ស៊ី បាន​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​អា​មេ​នី តាម​ទូរស័ព្ទ​ដោយ​ផ្តោតលើ​ជម្លោះ​ប្រដាប់អាវុធ​នៅ​តំបន់ Nagorno-Karabakh ថ្ងៃ​អង្គារ​ទី ៥ ខែមេសា​ម្សិលមិញ​។ លោក​បាន​អំពាវនាវ​ឲ្យ​គូភាគី​ស្វែងរក​ឲ្យ​បាន​នូវ ដំណោះស្រាយ​នយោបាយ  ក្រោយពេល​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី​បាន​ឯកភាពគ្នា​ទទួលយក​ប​ទ​ឈប់​បាញ់​មួយ​រួចហើយនោះ ។

​ជម្លោះ​ប្រដាប់អាវុធ​រវាង​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី​បាន​ស្ងាប់​ស្ងាត់​ទៅវិញ​ហើយ​ក្រោយ​ពេលដែល​ភាគី​ទាំងសងខាង​សម្រេច​បង្កើត​បទ​ឈប់​បាញ​មួយ​កាលពី​ម្សិលមិញ ហើយ​បទ​ឈប់​បាញ់​នោះ​កំពុង​ស្ថិតនៅ​ជា​ធរមាន​។​

​ការប្រយុទ្ធ​គ្នា​រយៈពេល ៣​ថ្ងៃ​នៅ​តំបន់ Nagorno-Karabakh នោះបាន​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​ទាំងសងខាង និង​ខូចខាត​រៀងខ្លួន​។ អា​ស៊ែ​បៃ​ហ្ស​ង់​បាត់បង់​ទ័ព​យ៉ាងហោចណាស់ ១៦​នាក់ ខណៈដែល​អា​មេ​នី​នោះ​បាត់បង់​ទ័ព​ប្រហែល ៧០​នាក់ និង​សម្ភារៈ​យោធា​ចំនួន​២០​ផ្សេងទៀត​។​

​ទោះជា​ស្ថានភាព​ស្ងប់ស្ងាត់​បន្តិច​មែ​ន សន្តិភាព​ដែលមាន​បច្ចុប្បន្ន​ហាក់បីដូចជា​ស្ថិតក្នុង​លក្ខណៈ​ផុយ​ស្រួល​នៅឡើយ ហើយ​ការរំលោភ​បទ​ឈប់​បាញ់​របស់​ភាគី​ទាំងពីរ​អាច​កើតមានឡើង​គ្រប់ពេល​ដែរ​។ ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​នេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ចាប់តាំងពី​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវបាន​ភាគី​ទទួលយក​ក្នុង​ឆ្នាំ ១៩៩៤ រុស្ស៊ី​ដែលជា​អ្នកផ្គត់ផ្គង់​អាវុធ​ដល់​ភាគី​ទាំងពីរ អា​ស៊ែ​បៃ​ហ្ស​ង់  និង​អា​មេ​នី​នោះ បាន​អំពាវនាវ​ឲ្យ​ភាគី​រក្សា​ការអត់ធ្មត់​និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​ផង ។​

​ម្សិលមិញ​នេះ​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក  ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ (Dmitry Medvedev) បាន​ទូរស័ព្ទ​ទៅ​ជជែក​ជាមួយ​សម​ភាគី​លោកនាយក​រដ្ឋមន្ត្រី​អា​មេ​នី​លោក  Hovik Abrahamyan ដើម្បី​ពិភាក្សា​ពី​ការវិវត្ត​នៃ​ស្ថានការណ៍​ជម្លោះ​។ លោក​បានបង្ហាញ​ពី​ការបារម្ភ​ខ្លាំង​របស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ចំពោះ​ជម្លោះ​នេះ ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ រក្សា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការអនុវត្ត​កិច្ច​បទ​ឈប់​បាញ់ និង​ស្វះ​ស្វែងរក​ឲ្យ​បាន​នូវ​ដំណោះស្រាយ​នយោបាយ​រួម​ផង​។​

​ក្រៅពី​ជជែក​រឿង​ជម្លោះ​ប្រដាប់អាវុធ នាយករដ្ឋមន្ត្រី​រុស្ស៊ី និង​នាយករដ្ឋមន្ត្រី​អា​មេ​នី​ក៏​ពិភាក្សា​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ពីថ្ងៃ ៧ ដល់​ថ្ងៃ ៨​ខែមេសា​ខាងមុខ​ដែរ ហើយ​លោក​ក៏​នឹង​ចូលក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល​នៃ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​ផងដែរ​។​

​កាលពី​ចុង​សប្តាហ៍​នេះ ក្រោយ​ជម្លោះ​ប្រដាប់អាវុធ​ផ្ទុះឡើង​ភ្លាមៗ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​កើន​កម្តៅ​នៃ​ជម្លោះ ហើយ​លោក​ក៏​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​អត់ធ្មត់​កុំ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​គ្នា​។
 
​សូមបញ្ជាក់ថា ជម្លោះ​នៅ Nagorno-Karabakh បានចាប់ផ្តើម​ឡើង​នៅក្នុង​ឆ្នាំ ១៩៨៨ នៅពេលដែល​តំបន់​ស្វយ័ត​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​អា​មេ​នី​នេះ ស្វែងរក​ការ​ផ្តាច់ខ្លួន​ចេញពី​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​។ ក្រោយមក ក្រោយ​សហភាពសូវៀត​ដួលរលំ តំបន់​ស្វយ័ត​នេះ​បានសម្រេច​ប្រកាស​ឯករាជ្យ​តែម្តង​តែម្តង តែ​មិនមាន​ការទទួលស្គាល់​ពី​អន្តរជាតិ​ឡើយ​៕