អាជ្ញាធរ​វៀតណាម​ផ្តល់​ចំណង់​ដៃ​ក្នុង​ឆ្មាំ​ថ្មី​ជូន​អភិបាលខេត្ត​តាកែវ

អាជ្ញាធរ​វៀតណាម​ផ្តល់​ចំណង់​ដៃ​ក្នុង​ឆ្មាំ​ថ្មី​ជូន​អភិបាលខេត្ត​តាកែវ



តាកែវ ៖ អគារ​សាល​ប្រជុំ​យ៉ាង​ធំ​តម្លៃ ២៣​ម៉ឺន​ដុល្លារ ដែល​ជា​សំណើ​របស់​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ត្រូវ​បាន​គណៈកម្មាធិការ​ខេត្ត​អាន​យ៉ាង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រេច​ផ្តល់​ជូន​ជា​ចំណងដៃ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ ថ្មី​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ចូល​មកដល់​នា​ពេល​ឆាប់ៗ​ខាង​មុន​នេះ ក្នុងឱកាស​ដែល​ប្រតិភូ​វៀតណាម​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ឡេ វ៉ាន​និង អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​អាន​យ៉ាង ចូលជួប​សម្តែង​ការគួរសម និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ចំពោះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​នៅ​សាល​ប្រជុំ​សាលាខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦។

លោក​អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​អាន​យ៉ាង បាន​មានប្រសាសន៍ថា​ភាគី​វៀតណាម​ជា​អ្នកទទួលខុសត្រូវ​ទាំង​ស្រុកលើ​ការ​ចំណាយ​សាងសង់​នេះ ទៅតាម​ប្លង់​ដែល​គូស​ដោយ​ភាគី​កម្ពុជា ក្រោយពេល​សាងសង់​រួចរាល់​ហើយ​នឹង​ធ្វើ​ពិធី​ប្រគល់​ទទួល​ជូន​ភាគី​កម្ពុជា​តែម្តង។

ជា​កិច្ច​ឆ្លើយតប​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​វៀតណាម​ដែល​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ​ដើម្បី​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ជាពិសេស​បាន​នាំមក​នូវ​ចំណងដៃ​ដ៏​ធំ​មួយ​ជូន​ដល់​ខេត្តតាកែវ​។ ចំណងដៃ​ថ្មី​នេះ​គឺជា​និមិត្តរូប​នៃ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ខេត្ត​យើង​ទាំងពីរ តាកែវ អាន យ៉ាង ហើយ​យើង​ប្តេជ្ញា នឹង​បន្ត​រឹតចំណង​មិត្តភាព​នេះ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ​ដើម្បី​ជួយ​គ្នា​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នានា​នៅ​តាម​ព្រំដែន ជាពិសេស​គឺ​ការអភិវឌ្ឍ​ខេត្ត​យើង​ទាំងពីរ​។

លោក​បន្ត​ថា អគារ​សាល​ប្រជុំ​នេះ​គឺ​ពិតជា​នឹង​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ខេត្តតាកែវ​បច្ចុប្បន្ន​ដែល​មាន​ការ​ខ្វះខាត​នូវ​សាល​ប្រជុំ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​ធំៗ​នានា​នៅក្នុង​ខេត្ត។

ក្រោយពី​បញ្ចប់​ជំនួប​ជាមួយ​ប្រតិភូ​ខេត្ត​អាន យ៉ាង រួចមក​លោក​អភិបាល​ខេត្តតាកែវ​ក៏បាន​ទទួល​ជួប​ជាមួយ​ប្រតិភូ​ខេត្ត​គៀន​យ៉ាង ដែល​ចូលមក​សម្តែង​ការគួរសម និង​ជូនពរ​ឆ្នាំ​ថ្មី​បន្តទៀត៕